គ​.​ជ​.​ប​ទទួលស្គាល់​គណបក្ស​ចំនួន​៧​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា

330
ចែករម្លែក
  • 5
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន​៧ ជា​ផ្លូវការ ដែល​ចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​។

គ​.​ជ​.​ប បានចេញ​សេចក្តីប្រកាស​ព័​ត៍​មាន​កាលពី​ថ្ងៃទី​១៥ ខែមីនា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ការទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ គិត​ត្រឹម​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​។

គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ទាំង ២៥ រាជធានី ខេត្ត បាន​ពិនិត្យ​លើ​ពាក្យសុំ​ចុះបញ្ជី និង​ទទួលបាន​លទ្ធផល​ជា​ផ្លូវការ​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ដូចខាងក្រោម ៖

ការទទួលស្គាល់​ជា​ផ្លូវការ​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ ។​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានដូចជា​៖ ១. គណបក្ស​ប្រជាជន​កម្ពុជា ២.​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ៣. គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៤. គណបក្ស​ខ្មែរ​សាធារណរដ្ឋ ៥. គណបក្ស​យុវជន​កម្ពុជា ៦. គណបក្ស​ឆន្ទៈ​ខ្មែរ ៧. គណបក្ស​សញ្ជាតិ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។ គ​.​ជ​.​ប បាន​បញ្ជាក់ថា អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅក្នុង​មុខតំណែង ដែលមាន​សមាជិក សរុប​ចំនួន ១១,៥៧២ នាក់ ទូទាំងប្រទេស ។

ការចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ត្រូវអនុវត្ត​តាមរបៀប​ស្រង់​ឈ្មោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​បញ្ចូល​ទៅក្នុង​បញ្ជី​បោះឆ្នោត និង​បញ្ជូន​តាម​លំដាប់​ឋានានុក្រម​មក គ​.​ជ​.​ប ឱ្យបាន​តាម​កាលបរិច្ឆេទ​កំណត់​។

ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង រួច​ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ជា​មេឃុំ ចៅសង្កាត់​ត្រូវ​ចុះហត្ថលេខា និង​បោះត្រា​រដ្ឋបាល​ឃុំ សង្កាត់ ដែលមាន​ការបញ្ជា​ក់ឯ​ក​ភាព​ពី​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ពាក់ព័ន្ធ រួច​បញ្ជូនមក គ​.​ជ​.​ប ឱ្យបាន​តាម​កាលបរិច្ឆេទ​កំណត់ ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ ។​

​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​មួយ ត្រូវ​បានកំណត់​សម្រាប់​ក្រុមប្រឹក្សាឃុំ សង្កាត់ នីមួយៗ​។ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង​ត្រូវមាន​ទីតាំងនៅ​សាលាឃុំ សង្កាត់ ឬ​ទីតាំង​ណាមួយ​សមស្រប​ក្នុង​ឃុំ សង្កាត់​។​

អ្នក​ដែល​ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៃ​ការិយាល័យ​បោះឆ្នោត​ក្រុង ស្រុក ខណ្ឌ ណាមួយ​ត្រូវបំពេញ​លក្ខខណ្ឌ​ដូចជា ៖ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង​នៃ​ការិយាល័យ​បោះឆ្នោត​ក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធ​។ មិនចាំបាច់​បង្ហាញខ្លួន ឬ​អាច​ទៅ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ទទួល​ព័ត៌មាន​ឱ្យបាន​គ្រប់គ្រាន់​អំពី​ការិយាល័យ​បោះឆ្នោត និង​អំពី​តម្រូវការ​ឯកសារ​នៅពេល​បោះឆ្នោត ៕S/