បញ្ជាការដ្ឋាន​អង្គរក្សសម្តេចតេជោស្នើ​សមត្ថកិច្ច​តាម​ចាត់ការ​បុគ្គល​ម្នាក់​តាំងខ្លួន​ជា​បញ្ជា​ការរង​កង​អង្គរក្ស​ពាក់​ផ្កាយ​២

1505
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រោយពី​បានទទួល​លិខិត​សុំ​បំភ្លឺ​មួយ​ពី​នាយក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ផ្ញើលិខិត​មួយ​ទៅ​ចៅ​​ហ្វា​យ​ខេត្ត​ព្រះសីហនុ​ដោយ​ស្នើ​ឲ្យ​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ចាត់វិធានការ​ជា បន្ទាន់​បុគ្គល​ឈ្មោះ យូ ណារិន ដែល​​អះអាង​ខ្លួនឯង​ថា ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​និង​ជា​មេបញ្ជាការរង នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ហើយ​ធ្វើ​សកម្មភាព ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​អង្គរក្ស និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

​លិខិត​របស់​បញ្ជាការ​ដ្ឋា​ន​អង្គរក្ស ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៧ ដែល​ផ្ញើ​ទៅកាន់​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា «​លោក យូ ណារិន ពុំមាន​ឈ្មោះ​នៅក្នុង​ក្របខណ្ឌ និង​មិនមែនជា​ឧ​ត្ត​ម​សេនីយ៍​ទោ មេបញ្ជាការរង​បញ្ជាការ​អង្គ​​រក្ស​នោះទេ​»​។​

​សូមបញ្ជាក់ថា បើតាម​លិខិត​របស់ លោក ហូ សិទ្ធី ផ្ញើ​ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ឲ្យ​ដឹងថា ខុទ្ទកាល័យ​សម្តេច​តេ​ជោ បានទទួល​លិខិត​ពី​អតីត​កងទ័ព​ជាតិ​(​ខ​៣)​ដែល​ស្នើ ឱ្យ​អន្តរាគមន៍ ចំពោះ​ករណី​ឈ្មោះ យូ ណារិន គណបក្សប្រឆាំង បច្ចុប្បន្នកំពុង​ដើរតួ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ បញ្ជា​ការរង​កងឯកភាព​អង្គរក្ស របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​បានធ្វើ​សកម្មភាព​ប្រមូល​ប្រជាជន អណាធិបតេយ្យ ទៅ​សង់​ខ្ទម​រំលោភបំពាន ដី​កម្មសិទ្ធិ​រដ្ឋ និង​អ្នកដទៃ​។​

​ចំពោះ​ករណីនេះ មេបញ្ជាការ បញ្ជាការដ្ឋាន​កង​អង្គរក្ស​សុំអោយ​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ​ចាត់វិធានការ​ជាបន្ទាន់​​ទៅតាម​ផ្លូវច្បាប់​ព្រោះ​វា​ធ្វើអោយប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​អង្គភាព ជាពិសេស​កិត្តិយស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែម្តង​៕ ​ដោយ ៖វាសនា