ប៉ូលិសម៉ាឡេស៊ីឆ្មក់ចូលឆែកឆេរផ្ទះរបស់គ្រួសារអតីតនាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់

1164
ចែករម្លែក

ប៉ូលិសកាលពីថ្ងៃសៅរ៍ទី១២ឧសភា បានឆ្មក់ចូលប្លុកផ្ទះល្វែងមួយនៅក្រុងកូឡាឡាំពួរ ដែលសាច់ញាតិរបស់នាយករដ្ឋមន្រ្តីទើបអស់តំណែង ណាជីប រ៉ាហ្សាក់ កំពុងស្នាក់នៅ ដើម្បីស្វែងរកឯកសារសំខាន់ៗដែលរដ្ឋាភិបាលថ្មីខ្លាចត្រូវបានគេព្យាយាមនាំចេញក្រៅប្រទេស។

ការឆ្មក់ចូលឆែកឆេរនេះធ្វើឡើងខណៈនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកមហាធៀ ម៉ូហាម៉ាត បាននិយាយថា លោកបានរារាំងមិនអោយអ្នកកាន់អំណាចមុនលោក ចាកចេញពីប្រទេសដោយសារសង្ស័យបានប្រព្រឹត្តខុសពាក់ព័ន្ធនឹងរឿងអាស្រូវបាត់លុយរាប់ពាន់លានដុល្លារពីមូលនិធិរដ្ឋ1MDB។

ប៉ូលិសបាននិយាយថា ខ្លួនបានចាត់វិធានការខាងលើ បន្ទាប់មានបណ្តឹងមួយថា រថយន្តរដ្ឋមួយបានដឹកកេះឡាំងជាច្រើនទៅកាន់ផ្ទះល្វែងរបស់ ភរិយារបស់លោកណាជីប។

ប៉ូលិសប្រមាណ២០នាក់ត្រូវបានគេឃើញចូលក្នុងផ្ទះនៅក្នុងទីក្រុងកូឡាឡាំពួរ ខណៈដែលលោកមហាធៀធ្វើសន្និសីទកាសែតមួយដើម្បីប្រកាសសមាជិកគណៈរដ្ឋមន្រ្តីថ្មីរបស់លោក។

នាយប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយថា”យើងកំពុងស្វែងរកឯកសាររដ្ឋ ដែលអាចត្រូវគេយកដោយខុសច្បាប់។រដ្ឋាភិបាលបារម្ភខ្លាចក្រែងវាជាឯកសារសំខាន់ដែលអាចមានបញ្ហាហើយត្រូវគេព្យាយាមនាំចេញក្រៅប្រទេស”។

ទោះជាយ៉ាងណា មន្រ្តីសុំមិនបញ្ចេញឈ្មោះនេះ បានបដិសេធមិននិយាយប្រាប់ថាត់បានរកឃើញឯកសារ
អ្វីខ្លះ។

យោងតាមប៉ូលិស សមាជិកគ្រួសាររបស់លោកណាជីប កំពុងស្នាក់នៅក្នុងផ្ទះដែលត្រូវឆែកឆេរនោះ។

សូមបញ្ជាក់ថា លោកណាជីបនិងភរិយាកាលពីព្រឹកថ្ងៃសៅរ៍គ្រោងចាកចេញទៅសម្រាកនៅបរទេស១សប្តាហ៍ តែបន្តិចក្រោយមក នាយកដ្ឋានអន្តោប្រវេស៍បានប្រកាសថាលោកនិងភរិយាត្រូវបានហាមឃាត់មិនអោយចាកចេញពីប្រទេស។

មហាធៀ ដែលបានស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីកាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញាធ្វើការស៊ើបអង្កេតការបាត់ប្រាក់រាប់ពាន់លានដុល្លារពីមូលនិធិវិនិយោគរដ្ឋដែលលោកណាជីបបានបង្កើត៕

លោកណាជីប ក្នុងពេលចេញពីសន្និសីទកាសែតមួយកាលពីថ្ងៃ១០ឧសភា