អំពើហិង្សា​ហ្កា​ហ្សា​៖ អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន ចោទប្រកាន់​គ្នា​នៅ​អង្គកា​រស​ហប្រជាជាតិ​បន្ទាប់ពី​៥៨​នាក់​ត្រូវបាន​សម្លាប់​នៅ​ហ្កា​ហ្សា​

648

មានការឆ្លើយឆ្លងសម្តីគ្នាទាំងកំហឹងរវាងតំណាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន នៅឯអង្គការសហប្រជាជាតិ ដោយសារតែអំពើហិង្សាសម្លាប់មនុស្សនៅតំបន់ហ្កាហ្សាកាន់តែសាហាវ។ជនប៉ាឡេស្ទីន៥៨នាក់ត្រូវបានសម្លាប់នៅពេលទាហានអ៊ីស្រាអែលបាញ់លើអ្នកប្រឆាំងតវ៉ាកាលពីថ្ងៃចន្ទ ខណៈពិធីបុណ្យសពត្រូវបានធ្វើឡើងកាលពី
ថ្ងៃអង្គារទី១៥ឧសភា។

ជនប៉ាឡេស្ទីន ដុតកង់រថយន្ត ចោលដុំថ្មដាក់អ៊ីស្រាអែល

អ្នកកាសែតនិងបុគ្គលិកពេទ្យជាប់ក្នុងជម្លោះជិតព្រំដែន

តំណាងប៉ាឡេស្ទីនបាននិយាយអំពី”បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ” ខណៈដែលអ៊ីស្រាអែលចោទប្រកាន់ក្រុមហាម៉ាស ដែលត្រួតត្រាតំបន់ហ្កាហ្សា ថាយកប្រជាជនខ្លួនឯងជាចំណាប់ខ្មាំង។

សប្តាហ៍នេះការតវ៉ាប្រឆាំងអ៊ីស្រាអែលបានឡើងដល់កំពូល។ថ្ងៃចន្ទទី១៤ឧសភា ក៏ជាខួបទី៧០នៃការបង្កើតរដ្ឋអ៊ីស្រាអែលនិងក៏ជាថ្ងៃដែលអាមេរិករើស្ថានទូតរបស់ខ្លួនពីក្រុងតែលអាវីវ ទៅកាន់ក្រុងហ្សេរុយសាឡឹមដែលបណ្តាលអោយមានការប្រឆាំងជំទាស់ពីជនប៉ាឡេស្ទីន។

កិច្ចប្រជុំគ្រាអាសន្នរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ បានចាប់ផ្តើមឡើងដោយប្រធានរបស់វា លោកចូអាណា វ្រ៉ុនណិកកា​ មកពីប៉ូឡូញ បានស្នើសុំស្មឹងស្មាតមួយនាទីដើម្បីគោរពជនដែលត្រូវបានសម្លាប់នៅហ្កាហ្សាកាលពីថ្ងៃចន្ទ រួមជាមួយជនដទៃទៀតដែលបានស្លាប់ដោយសារជម្លោះយូរលង់មួយនេះ។

បន្ទាប់ពីប្រទេសជាច្រើនសម្តែងការព្រួយបារម្ភអំពីអំពើហិង្សា និងខ្លះអំពាវនាវអោយមានការស៊ើបអង្កេត តំណាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានឆ្លើយឆ្លងសម្តីគ្នាយ៉ាងតានតឹង។

តំណាងប៉ាឡេស្ទីនលោក រីយ៉ាត ម៉ានសួរ បាននិយាយថា”យើងថ្កោលទោសចំពោះការសម្លាប់រង្គាលធ្វើឡើងដោយអ៊ីស្រាអែលនៅហ្កាហ្សា ស្រ្ទីប”។លោកបានអំពាវនាវអោយបញ្ឈប់ប្រតិបត្តិការយោធាអ៊ីស្រាអែលនិងធ្វើការស៊ើបអង្កេតដោយតម្លាភាពចំពោះអ្វីដែលលោកហៅថា ការវាយប្រហារដោយព្រៃផ្សៃរបស់អ៊ីស្រាអែលលើប្រជាជនប៉ា​ឡេស្ទីន។លោកថា វាជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។

លោកម៉ានសួរក៏បានរិះគន់អង្គការសហប្រជាជាតិចំពោះការមិនបានធ្វើការស៊ើបអង្កេតកាលពីពេលកន្លងមក។

ដាននី ដាណុន តំណាងអ៊ីស្រាអែលនៅអង្គការសហប្រជាជាតិ បាននិយាយថា ព្រឹត្តិការណ៍នៅព្រំដែន”មិនមែនជាបាតុកម្ម មិនមែនជាការប្រឆាំងតវ៉ា តែជាកុបកម្មហិង្សា”។លោកថា ពួកហាម៉ាស “ចាប់ប្រជាជននៅហ្កាហ្សាជាចំណាប់ខ្មាំង។ពួកគេញុះញង់ប្រជាជនអោយធ្វើអំពើហិង្សា ដាក់ប្រជាជនជាច្រើននៅតាមជួរគោលដៅ
នៃការបាញ់ប្រហារដើម្បីអោយការស្លាប់និងរបួសជនស៊ីវិលច្រើនបំផុត បន្ទាប់មកបន្ទោសអ៊ីស្រាអែល និងប្តឹងអង្គការសហប្រជាជាតិ ។វាជាល្បែងយកអាយុជីវិតមកលេងសើច។ពួកគេលេងល្បែងដោយយកអាយុជីវិតកុមារមកប្តូរ”។

ថ្លែងនៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រីនិកគី ហាឡេ បានការពារកំរិតនៃការប្រើកម្លាំងរបស់អ៊ីស្រាអែល ដោយថា”គ្មានប្រទេសណាអត់ធ្មត់ជាងអ៊ីស្រាអែលទៀតទេ។អាមេរិក សោកស្តាយចំពោះការបាត់បង់អាយុជីវិតមនុស្សតែក្រុមហាម៉ាសប្បាយចំពោះលទ្ធផលកាលពី
ម្សិលមិញ”។

អាល្លឺម៉ង់ អង់គ្លេស អៀឡង់និងបែលហ្សិច បានអំពាវនាវអោយមានការស៊ើបអង្កេតខណៈតួកគីប្រាប់អោយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលចាកចេញពីប្រទេសខ្លួនជាបណ្តោះអាសន្ន ហើយអ៊ីស្រាអែលក៏បានធ្វើដូចគ្នាចំពោះអំពើហិង្សាសម្លាប់មនុស្សដ៏ច្រើននេះ។

ក្នុងពេលជាមួយគ្នា ប្រធានាធិបតីបារាំងបានទូរស័ព្ទប្រាប់ទៅនាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា ជនស៊ីវិលមានសិទ្ធិតវ៉ាប្រឆាំងដោយសន្តិវិធី៕ដោយ៖វាសនា

យោធាអ៊ីស្រាអែលប្រើដ្រូនទម្លាក់គ្រាប់ផ្សែងនិងបង្ហូរទឹកភ្នែកលើអ្នកតវ៉ាប្រឆាំងប៉ាឡេស្ទីន