ប៉ូលិស​រឹបអូស​យក​កាបូបយួរ​និង​វត្ថុ​ផ្ទាល់ខ្លួន​នៅ​គេហដ្ឋាន​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​

3160
ចែករម្លែក
  • 198
    Shares

ប៉ូលិសម៉ាឡេស៊ីកាលពីយប់ថ្ងៃពុធបានរឹបអូសយកកាបូបយួរនិងសម្ភារផ្ទាល់ខ្លួនដទៃទៀតនៅគេហដ្ឋានរបស់អតីតនាយករដ្ឋមន្រ្តីណាជីប រ៉ាហ្សាក់ ពាក់ព័ន្ធនឹងការស៊ើបអង្កេតការលាងលុយ នេះបើតាមមេធាវីរបស់អតីតមេដឹកនាំរូបនេះបានអះអាងប្រាប់នៅថ្ងៃព្រហស្បតិ៍ទី១៧ឧសភានេះ។

យ៉ាងហោចណាស់ប៉ូលិសជាង១០នាក់បានចូលក្នុងផ្ទះរបស់ណាជីបកាលពីយប់ថ្ងៃពុធបន្ទាប់ពីលោកវិលមកពីការបន់ស្រន់នៅព្រះវិហារមួយ។

ការឆែកឆេរបានចំណាយពេលជាង៦ម៉ោង ដោយក្នុងអំឡុងពេលនេះ ពួកប៉ូលិសបាននាំយកកាបូបធំៗចូលក្នុងរថយន្ត។

មេធាវីរបស់ណាជីប លោកហាផាល ស៊ីង ហ្គ្រេវ៉ល បានប្រាប់អ្នកយកព័ត៌មាននៅក្រៅផ្ទះថា” ការឆែរឆេរទំនងជាពាក់ព័ន្ធការលាងលុយ…ពួកគេមិនបានរកឃើញអ្វីជាបទឧក្រិដ្ឋទេ។ប៉ូលិសបានយកវត្ថុផ្ទាល់ខ្លួនខ្លះរួមមាន កាបូបយួរ។គ្មានអ្វីធ្ងន់ធ្ងរទេ កាបូបពីរបី”។

នៅពេលត្រូវបានសួរថាតើលោកណាជីបនឹងត្រូវចាប់ខ្លួនដែរឬទេ លោកបាននិយាយថា” មិនមានសញ្ញាថាពួកគេ(ប៉ូលិស)នឹងធ្វើវាទេ”។

ប៉ូលិសបួនដប់នាក់ទៀតក៏ត្រូវបានគេឃើញនៅខុនដូប្រណិតនៅក្នុងសង្កាត់មួយទៀតនៃក្រុងកូឡាឡាំពួរ កន្លែងដែលលោកណាជីបមានផ្ទះមួយនៅទីនោះ។

សូមបញ្ជាក់ថា ក្រុមចំរុះរបស់លោកណាជីបដែលបានកាន់តំណែងយូរបានបរាជ័យនៅក្នុងការបោះឆ្នោតសកលកាលពីសប្តាហ៍មុនហើយមួយថ្ងៃក្រោយចាញ់ឆ្នោតលោកត្រូវបានហាមឃាត់មិនអោយចេញពីប្រទេស ។

នាយករដ្ឋមន្រ្តីថ្មី លោកមហាធៀ ម៉ូហាម៉ាត បាននិយាយថាមានភស្តុតាងគ្រប់គ្រាន់ដើម្បីស៊ើបអង្កេតរឿងអាស្រូវបាត់លុយរាប់ពាន់លានដុល្លារនៅមូលនិធិរដ្ឋ1MDBនៅក្រោមរបបដឹកនាំរបស់លោកណាជីប ទោះជាយ៉ាងណាលោកណាជីបបានបដិសេធថាលោកមិនបានធ្វើអ្វីខុសទេ។

មហាធៀក៏បានដកអគ្គរដ្ឋអាជ្ញានិងមន្រ្តីនៅទីភ្នាក់ងារប្រឆាំងអំពើពុករលួយនេះចេញ ដោយទំនងជាជម្រុះចោលមនុស្សដែលស្និទ្ធនឹងមេដឹកនាំមុន៕ដោយ៖វាសនា

ប៉ូលិសទៅដល់ក្រៅផ្ទះលោកណាជីបនៅក្រុងកូឡាឡាំពួរកាលពីយប់ថ្ងៃពុធ