7529
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋធានី​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ទីក្រុង​សម្ព័ន្ធមេត្រីភាព​នៃ​ទីក្រុង​ទាំង​២​។​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការបង្កើត​ទីក្រុង​សម្ព័ន្ធមេត្រី​រវាង​រាជធានី​ភ្នំពេញ និង​រដ្ឋធានី​ប៉េកាំង​បានធ្វើ​ឡើង រវាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​ឈី ជី​ង សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​រដ្ឋធានី​ប៉េកាំង និង​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​រណសិរ្ស​រួបរួម​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ព្រឹក​ថ្ងៃទី​២១​ខែឧសភា ឆ្នាំ​២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ​។​
​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​៖​ការឈាន​ដល់​ពិធី​ចុះហត្ថលេខា​ជាមួយ​រដ្ឋធានី​បោះ​ប៉េកាំង​និង​រាជធានី​ភ្នំពេញ​នាពេលនេះ​ជាការ​បោះ​ជំ​ហ៊ាន​ទៅមុខ​១​ជំ​ហ៊ាន​ទៀត​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងការ​ចាប់ដៃ​ចងសម្ព័ន្ធភាព​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ដ៏​ធំ​របស់​មិត្ត​ចិន​គឺ​ទីក្រុង​ប៉េកាំង​ជាទី​ក្រុង​ទី​៧​របស់​ចិន​ដែល​រាជធានី​ភ្នំពេញ​បាន​ចុះហត្ថលេខា​ចង សម្ព័ន្ធមេត្រី ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​ទីក្រុង​ឲ្យ​កាន់តែ​វិវឌ្ឍន៍​រីកចម្រើន​ស្របតាម​គោលនយោបាយ​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ដែល​ដាក់ចេញ​ដោយ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​។​
​លោក​អភិបាល​រាជធានី បាន​ថ្លែង​ទៀតថា​៖ ផ្តើមចេញពី​ទំនាក់ទំនង​ការទូត​ដ៏​យូរលង់ លោក​កត់សម្គាល់ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង​២​កាន់តែ​មាន​ភាព​ស៊ីជម្រៅ ស្អិតល្មួត​លើ​គ្រប់​វិស័យ​ចាប់តាំងពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រហូត​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ឆ្នាំ​២០១០ ជាពិសេស​បន្ទាប់ពី​ជំនួប​ថ្នាក់ដឹកនាំ​កំពូល​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​លោក​បន្តថា​៖ សម្រាប់​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើត​ទីក្រុង​សម្ព័ន្ធមេត្រី​នាពេលនេះ​ធ្វើឡើង​ក្នុង​ឆ្នាំ​មិត្តភាព​ខូ​ប​លើក​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​.​ចិន​ដែល​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្នុង​កម្រិត​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុងនោះ​រដ្ឋធានី​ប៉េកាំង​បាន​ក្លាយជា​ទីក្រុង​សម្ព័ន្ធមេត្រី​ទី​៧​របស់​រាជធានី​ភ្នំពេញ​ក្នុងចំណោម​បណ្តា​ទីក្រុង​ក្នុងប្រទេស​ចិន​ដែល​បាន​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រី​រួចហើយ​។ ក្នុង​ពិធីសារ​ដែល​ចុះហត្ថលេខា​ខាងលើនេះ​កិច្ចព្រមព្រៀង​ដែល​បាន​បោះ​ចេញ​ជា​៣​ភាសា​គឺ​ខ្មែរ​.​ចិន​.​និង​អង់គ្លេស​បានបញ្ជាក់​ថា​៖​ភាគី​ទាំង​២​នឹង​អនុវត្ត​នូវ​គោលការណ៍​នៃ​ភាពស្មើគ្នា និង​ផលប្រយោជន៍​ជា​ទ្វេភាគី​តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន​ដូចជា​សេដ្ឋកិច្ច វប្បធម៌ អប់រំ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន​ជាដើម​។​កិច្ចព្រមព្រៀង​នេះ​មាន​សុពលភាព​រយៈពេល​៥​ឆ្នាំ​គិតពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។​
​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះដែរ​លោកស្រី ឈី ជី​ង បានចាត់ទុក​មិត្តភាព​កម្ពុជា​.​ចិន​គឺជា​មិត្ត​ដ៏​ល្អ ជា​ដៃគូ​រួមសុខទុក្ខ​ជាមួយគ្នា ជួយ​គ្នា​ទៅវិញទៅមក​អស់​រយៈពេល​៦០​ឆ្នាំ​មកហើយ​។ លោកស្រី​ថ្លែងថា ទីក្រុង​ប៉េកាំង​តែង​យកចិត្តទុកដាក់​ចំពោះ​រាជធានី​ភ្នំពេញ​។ ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ទីក្រុង​ទាំង​២​ប៉េកាំង​.​ភ្នំពេញ​បាន​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រី​ជាមួយគ្នា​គឺ​ឈានចូល​ដល់​ដំណាក់កាល​អភិវឌ្ឍន៍​និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​៕