ការប្រឆាំង​តវ៉ា​ស្វាគមន៍​ខួប​ទី​៤​នៃ​ការគ្រប់គ្រង​អំណាច​របស់​យោធា​ថៃ​

4063
ចែករម្លែក

ប៉ូលិសថៃបានរាំងខ្ទប់ពួកអ្នកប្រឆាំងតវ៉ានឹងរបបយោធាថៃមិនអោយធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាលកាលពីថ្ងៃអង្គារទី២២ឧសភា ដើម្បីកត់សំគាល់ខួប៤ឆ្នាំនៃការគ្រប់គ្រងដោយយោធាហើយវាក៏ជាអំពើប្រឆាំងអំណាចយោធាថៃធំបំផុតផងដែរចាប់តាំងពីយោធាធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤។

សកម្មជននិស្សិត និងអ្នកគាំទ្រក្រុមអាវក្រហមរាប់រយនាក់របស់រដ្ឋាភិបាលស៊ីវិលដែលត្រូវបានទម្លាក់ចេញពីអំណាច បានគ្រវីបដា ទង់ជាតិថៃព្រមទាំងរូបត្លុករបស់នាយករដ្ឋមន្រ្តី ដោយប្រដូចលោកទៅនឹងតួ​Pinocchioដោយសារតែលោកបានពន្យារការបោះឆ្នោតតាមបែបប្រជាធិបតេយ្យម្តងជាពីរដង។

ការប្រឆាំងនឹងរបបយោធាថៃបានកាន់តែពុះកញ្ជ្រោលឡើង ទោះជាមានបំរាមការជួបជុំនយោបាយចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ស៊ីណាវ៉ាត នៅថ្ងៃ២២ ឧសភាឆ្នាំ២០១៤។

នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចានអូចា ដែលជាមេទ័ពបណ្តេញរដ្ឋាភិបាលមុនចេញពីតំណែង បានសន្យាលើកចុងក្រោយថាការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅខែកុម្ភៈឆ្នាំក្រោយ។តែពេលវេលានៃការវិលមកកាន់លទ្ធិប្រជាធិបតេយ្យតែងតែត្រូវពន្យារពេលក្រោយហេតុផលផ្សេងៗ ជាហេតុធ្វើអោយការអត់ធ្មត់ចំពោះរបបយោធាកាន់តែ
ខើចទៅក្នុងចំណោមប្រជាជនថៃ។

រ៉ាងស៊ីម៉ាន រ៉ូម អ្នកប្រឆាំងតវ៉ាម្នាក់ បាននិយាយថា” វាជាខួបលើកទី៤នៃរដ្ឋប្រហារ ហើយខ្ញុំគិតថាវាជាពេលត្រូវផ្លាស់ប្តូរ។យើងមិនចង់ឃើញការតវ៉ាប្រឆាំងទេ។វាជាបញ្ហាក្តៅ គួរអោយធុញទ្រាន់ តែយើងគ្មានជំរើសណាដើម្បីអោយពួកយើងស្ងប់ចិត្តបាន”។

លោកបានបន្ថែមថា ការតវ៉ាប្រឆាំងនេះត្រូវបានការជួយលើកទឹកចិត្តពីជ័យជម្នះការបោះឆ្នោតដ៏ភ្ញាក់ផ្អើលកាលពីដើមខែនេះនៅម៉ាឡេស៊ី ដែលបានទម្លាក់នាយករដ្ឋមន្រ្តីណាជីប រ៉ាហ្សាក់ ចេញពីអំណាច។

ពួកអ្នកប្រឆាំងតវ៉ា បានបោះជំរំកាលពីយប់ថ្ងៃចន្ទនៅសកលវិទ្យាល័យថាម៉ាសាត ដែលជាបេះដូងនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យថៃនិងក៏ជាកន្លែងបង្រ្កាបបង្ហូរឈាមជាច្រើនដោយយោធាលើចលនាប្រជាធិបតេយ្យថៃ។

ជនមានអំណាចទី២នៃរបបយោធាថៃ លោកប្រាវីត វង់ស៊ូវ៉ាន់ បានប្រាប់អ្នកយកព័ត៌មានថា ពួកអ្នកប្រឆាំងតវ៉ាមិនអាចដើរហែមកកាន់វិមានរដ្ឋាភិបាលបានទេ ហើយអ្នកនាំពាក្យប៉ូលិសបាននិយាយថា អ្នកតវ៉ាណាដែលរំលោភរបាំងផ្លូវនៅក្រៅអាគារនេះ អាចជាប់គុក៦ខែ។

អ្នកប្រឆាំងតវ៉ាម្នាក់ឈ្មោះ អានូធី ដេថេវ៉ាផន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា” បើគេសំរេចប្រើកម្លាំងប្រឆាំងយើង យើងគ្មានអ្វីត្រូវធ្វើទេ។យើងចង់បានការបោះឆ្នោត។គ្មានការធានាអ្វីថា វានឹងត្រូវធ្វើនៅខែកុម្ភៈទេ”។

សូមបញ្ជាក់ថា នៅ៤ឆ្នាំក្រោយរដ្ឋប្រហារ ថៃនៅតែបែកបាក់។ផ្នែកធំនៃសង្គម រួមមានវណ្ណកណ្តាលក្រុងបាងកក ធុញនឹងការគ្រប់គ្រងរបស់ពួកយោធាអភិរក្សដែលបានទន្ទ្រានចូលក្នុងជីវិតរបស់ប្រជាជនថៃសាមញ្ញដែលកំពុងមើលឃើញគម្លាតទ្រព្យសម្បត្តិរវាងអ្នកមាននិងអ្នកក្រនៃព្រះរាជាណាចក្រនេះ៕ដោយ៖វាសនា

អ្នកប្រឆាំងតវ៉ា លើករូបត្លុករបស់នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចានអូចា នៅសកលវិទ្យាល័យថាម៉ាសាតក្នុងក្រុងបាងកកបាតុករជួបជុំគ្នានៅជិតរបាំងរបស់ប៉ូលិសក្រៅសកលវិទ្យាល័យថាម៉ាសាត

ប៉ូលិសរារាំងមិនអោយអ្នកប្រឆាំងតវ៉ាដើរទៅកាន់វិមានរដ្ឋាភិបាលកាលពីថ្ងៃអង្គារ