ប៉ូលិស​ប៉ះទង្គិច​ជាមួយ​ក្រុមអ្នកតវ៉ា ដែល​ដុត​រូប​ប្រធានាធិបតី ម៉ា​ក្រុង​នៅ​ប៉ារីស​

1064
ចែករម្លែក
  • 27
    Shares

ប៉ូលិសនិងបាតុករបានប៉ះទង្គិចគ្នាយ៉ាងហិង្សានៅតាមផ្លូវក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអង្គារទី២២ឧសភាដោយមានភ្លើងឆេះនិងបាញ់ទឹកលើក្រុមអ្នកតវ៉ា ដោយបានបង្កឱ្យមានភាពវឹកវរ។

ប្រជាជនទីក្រុងប៉ារីសបាននាំគ្នា ដើរតវ៉ាតាមផ្លូវកាលពីថ្ងៃអង្គារដើម្បីតវ៉ាប្រឆាំងការកែទម្រង់សង្គមនិងសេដ្ឋកិច្ចដែលត្រូវបានអនុវត្តដោយប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង។ប៉ុន្តែ ការតវ៉ាបានប្រែទៅជាការប៉ះទង្គិចដោយហិង្សា ហើយប៉ូលិសបានប្រើប្រាស់វិធានការក្តៅដោយចាប់ឃុំខ្លួនពួកអ្នកតវ៉ា
និងវាយពួកគេដួលទៅលើដីជាមួយនឹងដំបង។

រូបភាពក្នុងវីដេអូ បង្ហាញប៉ូលិសវាយក្រុមអ្នកតវ៉ាដែលបានដួលទៅលើដី ហើយប៉ូលិសបានបាញ់ទឹកលើក្រុមអ្នកតវ៉ាដែលបានបង្កការបំផ្លិចបំផ្លាញនៅតាមផ្លូវក្នុងទីក្រុងប៉ារីស។ នៅក្នុងវីដេអូដែលផ្សាយដោយទូរទស្សន៍TV channel ODN នេះ បានបង្ហាញក្រុមអ្នកតវ៉ា ដុតរូបប្រធានាធិបតីបារាំង លោក អិមម៉ានុយអែល
ម៉ាក្រុង ។

ក្រុមបុគ្គលិកបម្រើការងារសាធារណៈរបស់បារាំងបានធ្វើកូដកម្មតវ៉ាប្រឆាំងផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការងារចំនួន១២០.០០០នាក់នៅត្រឹមឆ្នាំ២០២២។ ក្រុមអ្នកតវ៉ានេះ ក៏ទាមទារប្រាក់ខែខ្ពស់និងបានតវ៉ាប្រឆាំងចំពោះការប្រើប្រាស់កិច្ចសន្យារយៈពេលខ្លីនៅក្នុងសេវាសាធារណៈ។

ប៉ូលិសប្រហែល១៥.០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីទប់ទល់ការធ្វើបាតុកម្មនៅទីក្រុងប៉ារីស។

យោងតាមសារព័ត៌មានSunday Express បានឱ្យដឹងថា ហាងលក់ដូរចំនួន២​និងចំណតរថយន្តក្រុងមួយកន្លែង ត្រូវបានបំផ្លាញនិងអ្នកតវ៉ា២០នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងប៉ះទង្គិចគ្នានេះ៕ដោយ៖សុខា/sn


ប៉ូលិសនិងក្រុមបាតុករបានប៉ះទង្គិចគ្នាយ៉ាងហិង្សានៅតាមផ្លូវក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអង្គារដោយមានភ្លើងឆេះនិងបាញ់ទឹកលើក្រុមអ្នកតវ៉ា