អ៊ីស្រាអែលជាប្រទេសទី១ក្នុងលោកដែលប្រើយន្តហោះF-35 ក្នុងសមរភូមិប្រយុទ្ធ

1067
ចែករម្លែក
  • 534
    Shares

អ៊ីស្រាអែលបានក្លាយជាប្រទេសទី១ក្នុងលោកដែលប្រើយន្តហោះរ៉ាដាចាប់មិនបានទំនើបបំផុតធុនF-35នៅក្នុងការប្រយុទ្ធ នេះបើតាមការបញ្ជាក់ពីប្រមុខកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះកាលពីថ្ងៃអង្គារទី២២ឧសភា។

ឧត្តមសេនីយ៍អាមីកាម ន័រគីន បាននិយាយថា អ៊ីស្រាអែលកំពុងប្រើយន្តហោះប្រយុទ្ធ”នៅពីលើមជ្ឈិមបូព៌ាទាំងមូល” និងបានប្រើវានៅក្នុងការវាយប្រហារលើទីតាំងផ្សេងគ្នា២ នៅស៊ីរីនិងលីបង់។

លោកបានបន្តទៀតថា យន្តហោះបានស្ថិតក្រោមការបាញ់ប្រហារនៅស៊ីរី តែអាចគេចផុតពីកាំជ្រួចបាញ់ពីដីមកអាកាសចំនួន១០០គ្រាប់។

ឧត្តមសេនីយ៍ ន័រគីន បានយោងដល់ការវាយប្រហារមួយលើតំបន់ខ្ពង់រាបហ្គោលែនហាយដែលអ៊ីស្រាអែលកាន់កាប់នៅខែនេះ ដែលក្នុងអំឡុងពេលនោះ អ៊ីរ៉ង់បានបាញ់រ៉ុក្កែតចេញពីស៊ីរី។លោកថា “អ៊ីរ៉ងបានបាញ់រ៉ុក្កែត​៣២ដើម យើងបានស្ទាក់កំទេចចោល៤ដើមនិងសល់ពីនេះធ្លាក់នៅក្រៅទឹកដីអ៊ីស្រាអែលទាំងអស់”។

ក្រោយមក អ៊ីស្រាអែលបានធ្វើការវាយប្រហារលើគោលដៅអ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី ដែលអាចត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរបំផុតចាប់តាំងពីប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនចូលពាក់ព័ន្ធមួយនៅឆ្នាំ១៩៧៣។

អ៊ីស្រាអែលនិងអ៊ីរ៉ង់កាន់តែពាក់ព័ន្ធនឹងគ្នាខ្លាំងឡើងដោយសារបញ្ហាស៊ីរី ដោយអ៊ីស្រាអែលនិយាយថាខ្លួនកំពុងព្យាយាមទប់ឥទ្ធិពលអ៊ីរ៉ង់នៅក្នុងតំបន់។យោធាអ៊ីស្រាអែលបន្ទោសអ៊ីរ៉ង់ថាបញ្ជូនកាំជ្រួចចម្ងាយមធ្យមនិងទម្របាញ់ចូលក្នុងស៊ីរី ដែលអាចវាយប្រហារអ៊ីស្រាអែល។ខ្លួនក៏ចោទប្រកាន់អ៊ីរ៉ង់ថាប៉ុនប៉ងបង្ហោះដ្រូនចូលក្នុងទឹក
ដីរបស់ខ្លួនផងដែរ។

កាលពីខែកុម្ភៈយន្តហោះF-16 របស់អ៊ីស្រាអែលត្រូវបានបាញ់ទម្លាក់នៅលើតំបន់ហ្គោលែនហាយក្នុងពេលវិលត្រឡប់មកពីការទម្លាក់គ្រាប់នៅស៊ីរី។ការប្រើF-35ពេលនេះធានាថា វាអាចគេចផុតពីការវាយប្រហាររបស់សត្រូវនិងបំពេញបេសកកម្មមានប្រសិទ្ធភាពខ្ពស់៕ដោយ៖វាសនា


ផលិតដោយក្រុមហ៊ុន Lockheed Martin Corp យន្តហោះF-35ត្រូវអ៊ីស្រាអែលហៅថាAdir(អំណាច)