សមាជិក​គណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី​ព្រមព្រៀងគ្នា​កាត់​ប្រាក់ខែ​១០​ភាគរយ ដើម្បី​បន្ថយ​ចំណាយ​រដ្ឋ​

2991
ចែករម្លែក

គណៈរដ្ឋមន្រ្តីទើបបង្កើតថ្មីរបស់ម៉ាឡេស៊ី បានព្រមព្រៀងកាត់បន្ថយប្រាក់ខែ១០ភាគរយសំរាប់រដ្ឋមន្រ្តី ជាផ្នែកនៃកិច្ចខិតខំដើម្បីទប់ចំណាយរបស់រដ្ឋាភិបាល នេះបើតាមសម្តីរបស់នាយករដ្ឋមន្រ្តីមហាធៀ ម៉ូហាម៉ាត កាលពីថ្ងៃពុធទី២៣ឧសភា។

បណ្ឌិតមហាធៀ បានប្រាប់សន្និសីទកាសែតមួយក្រោយប្រជុំគណៈរដ្ឋមន្រ្តីថា” យើងបារម្ភអំពីបញ្ហាហិរញ្ញវត្ថុរបស់ប្រទេស។យើងរកឃើញថាប្រាក់ខែរបស់រដ្ឋមន្រ្តីទាបជាងមន្រ្តីស៊ីវិលថ្នាក់ខ្ពស់ តែយើងនឹងកាត់បន្ថយប្រាក់ខែរដ្ឋមន្រ្តី១០ភាគរយ”។

ចំណាត់ការនេះត្រូវបានប្រកាន់យកខណៈរដ្ឋាភិបាលថ្មីប្រឈមដោះស្រាយបំណុលសែនធំដល់ទៅ១លានលានរីងហ្គីត​(២៥១,៦ពាន់លានដុល្លារ) ឬស្មើនឹង៦៥%នៃផលិតផលសរុបក្នុងស្រុក ដោយមួយផ្នែកធំចំណាយលើគំរោងធំៗ។

មហាធៀ បាននិយាយដូច្នេះថា” បំណុលសរុបរបស់យើងចំនួន១លានលានរីងហ្គីត។យើងចង់រកវិធីបន្ថយវា។ចាប់តាំងពីខ្ញុំធ្វើនាយករដ្ឋមន្រ្តីដំបូងនៅឆ្នាំ១៩៨១ វាជាលើកដំបូងដែលខ្ញុំកាត់ប្រាក់ខែរដ្ឋមន្រ្តីនិងមន្រ្តីរដ្ឋការស៊ីវិល”។

នៅពេលត្រូវបានសួរថាតើលោកនឹងកាត់ប្រាក់ខែមន្រ្តីរដ្ឋការស៊ីវិលដែរឬទេ លោកមហាធៀបានតបថា មន្រ្តីរដ្ឋការស៊ីវិលជាន់ខ្ពស់បានប្រាក់ខែខ្ពស់ជាងរដ្ឋមន្រ្តីផង រីឯការកាត់ឬមិនកាត់អាស្រ័យលើពួកគេ ថាតើពួកគេចង់ចូលរួមបន្ថយចំណាយរបស់ប្រទេសដែរឬអត់។

មហាធៀ អាយុ៩២ឆ្នាំ បានដឹកនាំក្រុមចំរុះទទួលបានជោគជ័យដ៏ភ្ញាក់ផ្អើលក្នុងការបោះឆ្នោតជាតិនៅខែនេះ បន្ទាប់ពីធ្វើយុទ្ធនាការអំពីថ្លៃនៃការរស់នៅនិងការសន្យាបោសសម្អាតអំពើពុករលួយនៅកំរិតកំពូលរបស់រដ្ឋាភិបាល។

មហាធៀក៏បានប្រកាសផែនការលុបចោលពន្ធលើទំនិញនិងសេវាដ៏ប្រទូសរ៉ាយដែលត្រូវប្រមូលបានប្រាក់៤៣,៨​ពាន់​​លានរីងហ្គីតនៅឆ្នាំនេះហើយធ្វើការឧបត្ថម្ភឥន្ធនៈឡើងវិញក្រោយពីប្រេងឡើងថ្លៃ ព្រមទាំងពិនិត្យសើរើគំរោងធំៗឡើងវិញ៕ដោយ៖វាសនា

រដ្ឋមន្រ្តីក្នុងគណៈរដ្ឋមន្រ្តីថ្មីម៉ាឡេស៊ី ដែលដឹកនាំដោយមហាធៀ ម៉ូហាម៉ាត

#