ព្រះអង្គម្ចាស់​វីលៀម​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ហ្ស៊កដានី អ៊ីស្រាអែល និង​នៅ​តំបន់​វេស​ប៊ែង នៅ​ខែ​មិថុនា​

941
ចែករម្លែក

ព្រះរាជវាំង Kensington បាននិយាយថាព្រះអង្គម្ចាស់វីលៀម នៃប្រទេសអង់គ្លេស នឹងធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលនិងនៅទឹកដីប៉ាឡេស្ទីននៅចុងខែមិថុនា។ព្រះអង្គម្ចាស់ជារាជវង្សអង់គ្លេសដំបូងដែលធ្វើទស្សនកិច្ចជាផ្លូវការនៅទីនោះ។

ព្រះអង្គម្ចាស់វីលៀមនឹងចាប់ផ្តើមធ្វើទស្សនកិច្ចនៅថ្ងៃទី២៤-២៨ខែមិថុនា នៅទីក្រុងចំនួន២របស់ប្រទេសហ្ស៊ក ដានី គឺទីក្រុងអាម៉ង់និងទីក្រុងជេរាស បន្ទាប់មកធ្វើដំណើរទៅទីក្រុងតែល អាវីវ និងទីក្រុងហ៊្សេរុយសាឡឹមនៅអ៊ីស្រាអែល និងទៅទីក្រុង រ៉ាម៉ាឡា នៅតំបន់វេសប៊ែង។

គ្មានរាជវង្សចក្រភពអង់គ្លេសធ្លាប់បានធ្វើទស្សនកិច្ចជាផ្លូវការនៅអ៊ីស្រាអ៊ែល ដែលការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់ប្រទេសនេះ ត្រូវបានចាត់ទុកជាការខុសច្បាប់ដោយបិតារបស់ព្រះអង្គវីលៀម គឺព្រះអង្គម្ចាស់ឆាល ដែលបានចូលរួមពិធីបុណ្យសពអតីតប្រធានាធិបតីអ៊ីស្រាអែល លោក ស៊ីម៉ុន ប៉េរេស កាលពីឆ្នាំ២០១៦ ជាលក្ខណៈ ឯកជន ។

នេះក៏ជាដំណើរទស្សនកិច្ចរបស់រាជវង្សជាផ្លូវការលើកដំបូងទៅកាន់ទឹកដីប៉ាឡេស្ទីនផងដែរ។ វាកើតឡើងតាមសំណើរបស់រដ្ឋាភិបាលអង់គ្លេស។

ដំណើរទស្សនកិច្ចនេះត្រូវបានប្រកាសកាលពីដើមឆ្នាំនេះ ប៉ុន្តែកាលបរិច្ឆេទនិងទិសដៅនៃការធ្វើទស្សនកិច្ច ត្រូវបានប្រកាស នៅថ្ងៃសុក្រទី២៥ខែឧសភា៕ដោយ៖សុខា/SN