7324
ចែករម្លែក

(​ភ្នំពេញ​)​កម្លាំង​នគរបាល​សន្តិសុខ​ក្រសួងមហាផ្ទៃ​បាន​ឃាត់ខ្លួន​មេខ្លោង​ធំៗ​២​នាក់​ក្នុង​ក្រុមហ៊ុន​”FUGI Investment Excellence” មាន​ទីតាំង​នៅក្នុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នៅវេលា​ម៉ោង​១៖៣០​រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ តាម​ដីកា​បញ្ជា​អោយចូល​ខ្លួន​របស់លោក​លី​សុ​ផា​ណា​ព្រះរាជ​រង​អាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​យកទៅ​សាកសួរ​ករណី​ឆបោក​ប្រាក់​អតិថិជន​ជាង​៦​លាន​ដុល្លារ​។​

មេខ្លោង​ធំៗ​២​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ​លី​សែន​លាភ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ផ្ទះ​លេខ​២៨៦​ផ្លូវ​៥៩៨​ភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​ជា​អគ្គនាយក​ក្រុមហ៊ុន​FUGI​និង​កញ្ញា​សូ​សុធា​រ័ត្ន​អាយុ​២៩​ឆ្នាំមាន​ទីលំនៅ​ផ្ទះ​លេខ​១២១​បេ​ផ្លូវ​២១០​សង្កាត់​ទឹកល្អក់​ទី​៣​ខណ្ឌទួលគោក ជា អ្នកប្រមូល​លុយ​ពី​អតិថិជន ឱ្យ FUGI​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ពួកគេ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី ឆបោក រំលោភ​លើ​ទំនុកចិត្ត ក្នុងការ លួងលោម អតិថិជន ជាង ១៥០ នាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​”FUGIInvestmentExcellence”​ទឹកប្រាក់​ជាង​៦​លាន​ដុល្លារ​ដែល​ក្រុមហ៊ុន​សន្យា​ផ្តល់​ជាការ​ប្រាក់​ជូន​វិញ​ដល់​ទៅ​៩.៨% ក្នុង​មួយខែ​ជា​រៀងរាល់ខែ​។

ប៉ុន្តែ​តាំងពី​ដាក់​លុយ​ខែកក្កដា ឆ្នាំ ២០១៦ ដល់​ថ្ងៃនេះ អតិថិជន ទាំងអស់ មិន​បានទទួល​ការប្រាក់​តាម​អ្វីដែល​ក្រុមហ៊ុន​បានកំណត់​និង​សន្យា​នោះទេ​ហើយ​អភិបាល​ក្រុមហ៊ុន​បាន​ព្យាយាម​គេចវេស​ពី កាតព្វកិច្ច​ទទួលខុស​ត្រូវ​ទាំងស្រុង​៕S/​ដោយៈ​ស​រិ​ទ្ធ​

#