ចាប់ខ្លួន​តារា​ថៃ​ពាក់ព័ន្ធ​គំរោង​វិនិយោគ​បោកប្រាស់​

783

ប៉ូលិសថៃបានបង្រ្កាបលើគំរោងវិនិយោគបោកប្រាស់មួយ ពាក់ព័ន្ធនឹងតារាប្រុសថៃល្បីឈ្មោះម្នាក់ បងប្អូនរបស់គាត់និងអ្នកវិនិយោគថៃលេចធ្លោមួយចំនួន បន្ទាប់ពីជនរងគ្រោះបរទេសម្នាក់បានប្តឹងអំពីការខាតបង់ប្រាក់ជិត៨០០លានបាត។

ករណីនេះបានបង្កការព្រួយបារម្ភអំពីការឆបោកហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធនឹងទ្រព្យឌីជីថលដ៏ស្មុគស្មាញ ខណៈអាជ្ញាធរបានបញ្ជាក់ថា បទឧក្រិដ្ឋដូច្នេះកំពុងរីកដុះដាល។

ហ្ស៊ីរ៉ាតពិស៊ិត ចារ៉ាវិហ្ស៊ីត(Jiratpisit Jaravijit)តារាសម្តែងវ័យ២៧ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួនខណៈកំពុងថតខ្សែភាពយន្តមួយនៅក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ទី៩សីហា។

ប្រធានប៉ូលិសផ្នែកបង្រ្កាបបទឧក្រិដ្ឋ ឧត្តមសេនីយ៍ ម៉ាយទ្រី ជីមឆឺត បាននិយាយថា”យើងបានរកឃើញភស្តុតាងរឹងមាំណាស់ប្រឆាំងក្រុមរបស់គាត់”។លោកថា ដីកាចាប់ខ្លួនត្រូវបានចេញសំរាប់ហ្ស៊ីរ៉ាតពិស៊ិតនិងបងប្រុសពីរនាក់របស់គាត់។បងប្រុសរបស់តារារូបនេះមិនត្រូវបានចាប់ខ្លួននៅឡើយទេដោយសារពួកគេនៅបរទេស តែ”យើងបានជូនដំណឹងទៅផ្នែកអន្តោប្រវេសន៍រួចហើយ”។

ប៉ូលិសផ្នែកបង្រ្កាបបទឧក្រិដ្ឋ បានចាប់ផ្តើមបើកការស៊ើបអង្កេតបងប្អូនប្រុសទាំង៣នាក់នេះ ក្រោយពីបុរសហ្វាំងឡង់ម្នាក់បានប្តឹងកាលពីថ្ងៃ៣០មករា ឆ្នាំ២០១៨។

បើតាមលោកម៉ាយទ្រី ក្រុមនេះបានល្បួងជនរងគ្រោះអោយផ្ទេរប្រាក់៥.៥៦៤bitcoins(ស្មើ៧៩៧លានបាត)ទៅកាន់គណនីរបស់ខ្លួន ដោយអះអាងថា ការបង់ប្រាក់នេះសំរាប់ភាគហ៊ុនរបស់ភាពយន្ត៣រឿង។តែជនរងគ្រោះមិនដែលបានទទួលភាគហ៊ុនទេក្រោយការផ្ទេរប្រាក់។

រូបិយវត្ថុឬប្រាក់bitcoins នេះត្រូវបានប្តូរទៅជាប្រាក់បាតថៃនិងបន្ទាប់មកផ្ទេរទៅគណនីធនាគាររបស់បងប្អូនបីនាក់ខាងលើ មុនពេលវាត្រូវបានបែងចែកទៅកាន់សមាជិកក្រុម។

លោកម៉ាយទ្រី បានអោយដឹងទៀតថា ក្រៅពីមនុស្ស៣នាក់នេះ មានជនសង្ស័យ៤នាក់ទៀត ភាគច្រើនជាអ្នករកស៊ីមានមុខមាត់។

ប្រភពក្រៅផ្លូវការបានអះអាងថា ហ្ស៊ីរ៉ាតពិស៊ិត បានបដិសេធថាខ្លួនមិនបានប្រព្រឹត្តខុសនិងនៅតែចចេសថាគណនីធនាគារស្ថិតក្រោមការស៊ើបអង្កេតនោះ គ្រប់គ្រងដោយបងប្រុសរបស់ខ្លួន។

ហ្ស៊ីរ៉ាតពិស៊ិត ដែលលេខមុខក្នុងរឿងភាគតាមទូរទស្សន៍និងការផ្សាយពាណិជ្ជកម្ម ស្ថិតនៅក្នុងកន្លែងឃុំឃាំងរបស់ប៉ូលិសនៅឡើយ។

យោងតាមធនាគារថៃ បណ្តឹងពាក់ព័ន្ធនឹងការឆបោកហិញ្ញវត្ថុកំពុងកើនឡើង ដោយកាលពីឆ្នាំទៅមានដល់១.៤៨២ករណីគឺកើនលើមួយឆ្នាំមុន១៣,៧ភាគរយ៕ដោយ៖វាសនា