ជាង​១​លាន​នាក់​ភៀសខ្លួន​មក​នៅតាម​ជំរំ​ជួយសង្គ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ឥណ្ឌា​

843
ចែករម្លែក

មនុស្សជាង១លាននាក់បានប្រជ្រៀតគ្នានៅក្នុងជំរំជួយសង្រ្គោះជាច្រើនដើម្បីគេចចេញពីទឹកជំនន់ដ៏អន្តរាយដែលបានសម្លាប់មនុស្សជាង៤១០នាក់នៅក្នុងរដ្ឋកេរ៉ាឡារបស់ឥណ្ឌា នេះបើតាមពួកមន្រ្តីបានបញ្ជាក់ប្រាប់កាលពីថ្ងៃអង្គារទី២១សីហា។

ផ្ទះប្រមាណ៥០.០០០ត្រូវបានបំផ្លាញ និងប្រជាជននាំគ្នាទៅរស់នៅក្នុងជំរំខណៈទំហំនៃការខូចខាតកំពុងតែបង្ហាញតាមរយៈទឹកចាប់ផ្តើមស្រក។

អ្នកនាំពាក្យម្នាក់ប្រចាំរដ្ឋបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា”សរុបមនុស្ស១.០២៨.០០០នាក់ឥឡូវកំពុងរស់នៅក្នុងជំរំប្រមាណ៣.២០០នៅទូទាំងរដ្ឋភាគខាងត្បូងនេះ។

សាកសពមនុស្ស៦នាក់ទៀតត្រូវបានរកឃើញកាលពីថ្ងៃចន្ទ ជាហេតុនាំអោយចំនួនមនុស្សស្លាប់ពាក់ព័ន្ធនឹងទឹកជំនន់ដ៏អាក្រក់នេះកើនជាង៤១០នាក់ចាប់តាំងពីការធ្លាក់ភ្លៀងខ្លាំងកាលពីខែមិថុនា។

នៅទីប្រជុំជន ឆេនហ្កាននួរ ទឹកជំនន់នៅជំរៅជាងកន្លះម៉ែត្រនៅឡើយ ខណៈភ្លៀងបានធ្លាក់មកបន្ថែមកាលពីថ្ងៃអង្គារទី២១សីហា។ក្រុមជួយសង្រ្គោះយោធាបាននិយាយថា មនុស្សជាច្រើនម៉ឺននាក់ស្ថិតនៅក្នុងផ្ទះដែលជន់លិចរបស់គេនៅឡើយនៅពេល១០ថ្ងៃក្រោយការធ្លាក់ភ្លៀងខ្លាំងវាយប្រហាររដ្ឋនេះ។ពួកគេបានចូលដល់ផ្ទះរបស់នាយទាហានចូលនិវត្តន៍ម្នាក់ ដែលផ្ទះរបស់គាត់ត្រូវឡោមព័ទ្ធដោយទឹកជំរៅជាង២ម៉ែត្រកាលពីថ្ងៃអង្គារ។

សូមបញ្ជាក់ថា ទាហានជើងគោក ជើងទឹកនិងអាកាសរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅជួយសង្រ្គោះជនរងគ្រោះនៅទូទាំងរដ្ឋ ជាពិសេសប្រជាជននៅតំបន់ឆ្ងាយៗខណៈឧទ្ធម្ភាគចក្រនិងដ្រូនបានទម្លាក់ស្បៀង ថ្នាំពេទ្យនិងទឹកនៅតាមភូមិ៕ដោយ៖វាសនា

បុគ្គលិកជួយសង្រ្គោះឥណ្ឌា បានសែងគ្រែស្រ្តីមានជម្ងឺម្នាក់ចេញពីផ្ទះដែលជន់លិចរបស់គាត់

កង់ត្រូវបានចងព្យួរទៅនឹងដើមឈើដើម្បីកុំអោយទឹកហូរយកទៅខណៈបុរសនេះអុំទូកដឹកឆ្កែចេញពីផ្ទះនៅក្នុងរដ្ឋកេរ៉ាឡាកាលពីថ្ងៃ២០សីហា