6906
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​ដាក់​បញ្ជា​យ៉ាង​ម៉ឺង​មាត់​ឱ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​សហការគ្នា​តាម​ចាប់​ក្រុមចោរ​ប្រដាប់អាវុធ​ចូល​ប្លន់​ធនាគារ​ទាំង​កណ្ដាលថ្ងៃត្រង់​យកលុយ​ជិត​២០​ម៉ឺន​ដុល្លារ​ឱ្យបាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​យកមក​ដាក់ទោស​និង​បន្ត​ទប់ស្កាត់​បទល្មើស​និង​គ្រប់គ្រង​បញ្ហា​សន្ដិសុខ​ឡើងវិញ ក្រោយពី​កើតមាន​ចោរប្លន់​ធនាគារ​កើតឡើង​នោះ​។​
នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​កោះអញ្ជើញ​អាជ្ញាធរ​ទាំង​១២​ខណ្ឌ​និង​សមត្ថកិច្ច​ទាំង​២​ប្រភេទ ចំ​ណុៈ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​មក​ប្រជុំ​ជាបន្ទាន់ ដើម្បី​រិះរក​គ្រប់​វិធី​និង​យុទ្ធសាស្ត្រ​ឈានទៅដល់​ការបង្ក្រាប​បទល្មើស ពិសេស​អំពើ​ប្លន់​ប្រដាប់អាវុធ​ទៅលើ​ធនាគារ​មួយកន្លែង​នៅក្នុង​ខណ្ឌ​ចំ​កាន​ទាំង​កណ្ដាលថ្ងៃត្រង់ កាលពី​ថ្ងៃទី​២៣ សីហា​នេះ​។​
​គួរ​បញ្ជាក់ថា​៖​ក្នុង​កិច្ចប្រជុំ​បន្ទាន់​នោះ មានការ​ចូលរួម​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី និង​អភិបាលខណ្ឌ​ទាំង​១២​។​
ក្នុង​កិច្ចប្រជុំ​បន្ទាន់​នោះ​លោក ឃួ​ង ស្រេង បានធ្វើ​ការណែនាំ​ផង​បញ្ជា​ផង​ដល់​បណ្តា​ខណ្ឌ​ទាំង​១២​ត្រូវមាន​អ្នក​ប្រចាំ​បញ្ជា ក្នុង​គោលដៅ​ចេញ​អន្តរាគមន៍​ភ្លាមៗ នៅពេល​មាន​កើតហេតុ​ការណ៍​ណាមួយ​កើតឡើង​ជាយថាហេតុ ។ សមត្ថកិច្ច​ទាំងអស់​មិនត្រូវ​បន្ទោស​គ្នា​ទៅវិញ​មក ដាក់បន្ទុក​លើក​ស្ថាប័ន​ណាមួយ​នោះទេ គឺ​ត្រូវ​រួមសហការ​គ្នា ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ អាជីវករ ដែល​ប្រកប​អាជីវកម្ម ក្នុង​រាជធានី​ភ្នំពេញ ព្រោះនេះ​ជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​ក្នុងនាម​ជា​កងកម្លាំង​មាន​សមត្ថកិច្ច​។​
លោក​អភិបាល​រាជធានី ក្នុង​កិច្ចប្រជុំ​បន្ទាន់​នោះ​ក៏បាន​បញ្ជា​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​សហការគ្នា​ឱ្យបាន​ល្អ ដាក់​គោលដៅ​យាម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង បង្ក្រាប​បទល្មើស​គ្រឿងញៀន​ពិសេស​គឺ​ការ​រួមគ្នា​បំបែកសំណុំរឿង​ប្លន់​ប្រដាប់អាវុធ​ទៅលើ​ធនាគារ​មួយកន្លែង​នៅក្នុង​ខណ្ឌ​ចំ​កាន​ទាំង​កណ្ដាលថ្ងៃត្រង់ កាលពី​ថ្ងៃទី​២៣ សីហា​នេះ ដើម្បី​ចាប់បញ្ជូន​ជនសង្ស័យ​មក​ដាក់ទោស​ទៅតាម​ច្បាប់ បង្កើន​ជំ​ជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​មកលើ​សមត្ថកិច្ច​របស់​យើង​។​
គួររំលឹកថា កាលពី​ថ្ងៃទី​២៣ ខែសីហា​ម្សិលមិញ​នេះ មាន​ចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​ប្រមាណ​៥​នាក់ បាន​ចូល​ប្លន់​ធនាគារ​មួយ​ទាំង​កណ្ដាលថ្ងៃត្រង់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ខណ្ឌចំការមន ដោយ​យក​អស់​ទឹកប្រាក់​ប្រមាណ​១៨​ម៉ឺន​ដុល្លារ​។ ខណៈពេល​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាននិងកំពុង​សហកា​រ​គ្នា​ស្រាវជ្រាវ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​បំផុត ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាមច្បាប់​៕