ខេត្តបាត់ដំបង​មាន​ករណី​ដេញចាប់​សិស្សស្រី​ម្នាក់​ដាក់​ឡាន​តែ​មិន​សម្រេច​

1235
ចែករម្លែក

បាត់ដំបង​៖ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល មាន​ភ្ញាក់ផ្អើល​មួយ​ដោយមាន​ក្មេងស្រី​ជា​សិស្សសាលា​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​ហៅ​នាង​ឱ្យ​ឡើង​ជិះ​រថយន្ត​ជាមួយ ប៉ុន្តែ​ត្រូវ​នាង​ប្រកែក​មិន​ព្រមទៅ​ជាមួយ ក៏ត្រូវ​ក្រុម​ជន​ទាំងនោះ បើករថយន្ត​ដេញចាប់​នាង ប៉ុន្តែ​សំណាងល្អ នាង​រត់គេច​រួចខ្លួន​ហើយ​មក​ផ្ទះ​ប្រាប់​ម្តាយ ហើយ​ម្តាយ​ក៏​ទៅ​រាយការណ៍​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​អូរ​តា​គី ហើយ​អាង​ថា មិនមាន​ហេតុការណ៍​ដេញចាប់​សិស្ស​ដាក់​ឡាន​ទេ គឺជា​ការភ័យខ្លាច​ខ្លួនឯង​។​

​លោក អ៊ុយ វុទ្ធី មេ​ប៉ុស្តិ​ឃុំ​អូរ​តា​គី​បាន​ឲ្យ​ដឹងថា សិស្សស្រី​នោះ មានឈ្មោះ រស់ ស្រីអូន អាយុ​១៥​ឆ្នាំ រៀន​ថ្នាក់​ទី​៨ នៃ​អនុវិទ្យាល័យ​អូរ​តា​គី​។ កន្លងមក​ម្តាយ​ក្មេងស្រី​នេះ តែង​ប្រាប់ថា បើ​មាន​អ្នក​មិន​ស្គាល់​មក​សួរនាំ ឬ​ហៅ​ទៅណា​មិនត្រូវ​ទៅ​ទេ ត្រូវ​រត់​មក​ផ្ទះ ឬ​ប្រាប់​គ្រូបង្រៀន ឬក៏​សមត្ថកិច្ច​។ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ពេល​នាង​ដើរទៅ​សាលារៀន ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ឈប់​សួររក​ផ្លូវ​នាង​ភ័យ ក៏​យំ​រត់​ត្រឡប់ទៅផ្ទះ​វិញ​។ ចំណែក​អ្នក​បើកឡាន ក៏​បើក​ទៅមុខ​បាត់​មិនមាន​បញ្ហា​ដេញចាប់​ក្មេង​សិស្សសាលា​ដាក់​ឡាន​ទេ គឺជា​ការភ័យខ្លាច​ដោយ​ខ្លួនឯង​។​

​ដោយឡែក​លោក ផង់ សុភាព អធិការ​ស្រុក​ថ្មគោល មិនអាច​សុំ​ការបំភ្លឺ​បានទេ នៅ​រសៀល​ថ្ងៃ​ដដែល​ដោយ​លោក​ឆ្លើយថា ជាប់រវល់​៕ ដោយ​៖ គ្រញូង​

#