ខ្លាំង​អី បញ្ជូនទាហាន​១២​ឡាន​ទៅ​បញ្ចប់​អាណត្តិ​ក្រុម​ស៊ើបអង្កេត​ពុករលួយ​មួយ​ដែល​គាំទ្រ​ដោយ​សហប្រជាជាតិ​

3140
ចែករម្លែក

អាណត្តិសំរាប់គណៈកម្មាធិការប្រឆាំងអំពើពុករលួយមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិ ត្រូវបានបញ្ចប់ដោយប្រធានាធិបតី ហ្កាតេម៉ាឡា ដែលរូបលោកក៏ស្ថិតក្រោមការស៊ើបអង្កេតរបស់ក្រុមនេះដែរ។ការបញ្ចប់នេះកើតឡើងក្រោយពីមានរបាយការណ៍ថា ទាហានរដ្ឋាភិបាលបានទៅឡោមព័ទ្ធអាគាររបស់គណៈកម្មាធិការនេះនៅក្នុងរដ្ឋធានីហ្កាតេម៉ាឡាស៊ីធីកាលពីថ្ងៃសុក្រទី៣១សីហា។

អ្នកនាំពាក្យរបស់គណៈកម្មាធិការអន្តរជាតិប្រឆាំងនិទណ្ឌភាពនៅហ្កាតេម៉ាឡា(CICIG)បាននិយាយថា ទាហាន១២ឡានបាននៅក្រៅស្នាក់ការរបស់CICIGនៅក្នុងរដ្ឋធានី។

ទោះជា គេមិនដឹងអំពីហេតុផលនៃប្រតិបត្តិការនេះ តែប្រធានាធិបតីជីមមី ម៉ូរ៉ាល់ស៍បាននិយាយថា រដ្ឋាភិបាលរបស់លោកបានផ្ញើលិខិតមួយទៅអង្គការសហប្រជាជាតិដោយសុំបញ្ចប់អាណត្តិCICIG ហើយផ្ទេរភារកិច្ចស៊ើបអង្កេតទៅស្ថាប័នហ្គាតេម៉ាឡាវិញ។

នៅចំពោះមុខមេទ័ព ប្រធានាធិបតី ជីមមី ម៉ូរ៉ាល់ស៍ និយាយថាលោកប្រកាសបញ្ចប់អាណត្តិរបស់CICIG

លោកប្រធានាធិបតី កំពុងជាប់សង្ស័យថាបានទទួលប្រាក់យ៉ាងតិច១លានដុល្លារក្នុងប្រាក់បរិច្ជាគសំរាប់យុទ្ធនាការបោះឆ្នោតឆ្នាំ២០១៥របស់លោក តែលោកបានបដិសេធការចោទប្រកាន់និងថា CICIGសាបព្រួស”ភេរវកម្មក្នុងប្រព័ន្ធយុត្តិធម៌”។

ការបញ្ចប់អាណត្តិក្រុមស៊ើបអង្កេតនេះកើតឡើងបន្ទាប់ពីតុលាការជាន់ខ្ពស់បានសំរេចថា លោកប្រធានាធិបតី ម៉ូរ៉ាល់ស៍ មិនអាចបណ្តេញប្រធានCICIG ក្រោយពីលោកបានចេញបទបញ្ជាអោយបណ្តេញដោយសារតែពួកមន្រ្តីនិងរដ្ឋអាជ្ញាស្វះស្វែងដកអភ័យឯកសិទ្ធិរបស់លោក។

ក្រុមប្រឆាំងនិងសកម្មជនតែងចង់អោយម៉ូរ៉ាល់ស៍ចុះចេញពីតំណែងនិងត្រូវបាននាំទៅកាត់ទោស

ក្នុងពេលជាមួយគ្នា គណៈកម្មាធិការសភាមួយដែលដឹកនាំដោយក្រុមប្រឆាំងចាប់ផ្តើមការងារពិនិត្យករណីលើកលែងអភ័យឯកសិទ្ធិពីប្រធានាធិបតីក្រោយបានទទួលសំណើពីតុលាការកំពូលកាលពីសប្តាហ៍មុន។បើមានការគាំទ្រពីសមាជិកសភា១០៥រូប លោកអាចត្រូវដាក់ក្រោមការស៊ើបអង្កេតចំពោះការទទួលលុយសំរាប់ធ្វើយុទ្ធនាការដោយខុសច្បាប់។

កាលពីឆ្នាំ២០១៧ សភាបានបដិសេធការដកអភ័យឯកសិទ្ធិរបស់លោកម៉ូរ៉ាល់និងអនុញ្ញាតអោយលោកប្រឈមការស៊ើបអង្កេតពីCICIG។លោកប្រធានាធិបតីកាលពីឆ្នាំមុនក៏បានព្យាយាមបណ្តេញប្រធានCICIGនេះដែរ។

សូមបញ្ជាក់ថា អ្នកកាន់តំណែងមុនលោកម៉ូរ៉ាល់ស៍ ត្រូវបានដកចេញពីតំណែងដោយសារការស៊ើបអង្កេតអំពីករណីពុករលួយដឹកនាំដោយCICIG។លោកនិងអតីតអនុប្រធានាធិបតី​ កំពុងស្ថិតក្រោមការឃុំខ្លួនរង់ចាំសវនការ៕ដោយ៖វាសនា

រថយន្តយោធាជាជួរនៅក្រៅស្នាក់ការគណៈកម្មាធិការស៊ើបអង្កេតប្រឆាំងអំពើពុករលួយនៅក្រុងហ្កាតេម៉ាឡា