ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ឆ្នាំ​២០១៨ នៅក្នុង​ក្រុង​សៀមរាប​

916
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: អាជ្ញាធរ​ខេត្តសៀមរាប បាន​បង្ហាញថា ការបើក​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ឆ្នាំ​២០១៨ នៅក្នុង​ក្រុង​សៀមរាប​នាពេលនេះ ក្រៅពី​បង្ហាញ​កត្តា​សុខសន្តិភាព គឺជា​ការបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​វិស័យ​ពាណិជ្ជកម្ម នៃ​ប្រទេស​ជាប់​ព្រំដែន​គ្នា​ផងដែរ​។​

លោក ពិន ប្រាកដ អភិបាលរង​ខេត្ត ​ក្នុងពិធីបើកសម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ

​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​បែបនេះ​ក្នុងឱកាស​បើកសម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ នៅ​បរិវេណ​ផ្សារ​រាត្រី​ផាម​កុង​ទី​ទ័​រ​ឃ្យុ​ង​យូ ស្ថិតក្នុង​ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​។​

​លោក ពិន ប្រាកដ បានបញ្ជាក់​ទៀតថា ការបើក​សម្ពោធ​ពិព័រណ៍​ថៃ​នាពេលនេះ គឺជា​សញ្ញាណ​ដ៏​ល្អប្រសើរ​មួយ​សម្រាប់​ផលិតផល​ទូទៅ ដែល​សុទ្ធតែ​ផលិតផល​របស់​ប្រទេស​ថៃ ជា​ប្រទេសជិតខាង​នៅក្នុង​តំបន់​អាស៊ាន​តែមួយ ហើយ​វា​ក៏​ជា​ព្រឹត្តិការណ៍​មួយ​ដែល​បង្ហាញ​ពី​ការចូលរួម​សាមគ្គី ចំណង​មេត្រីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុងនាម​ជា​បងប្អូន​រួម​ក្នុង​តំបន់ រួមទាំង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ជាពិសេស បានបញ្ជាក់​ឲ្យ​ឃើញ​អំពី​កត្តា​សុខសន្តិភាព សុវត្ថិភាព​ពេញបរិបូរណ៍ និង​ការរីកចម្រើន​ឥតឈប់ឈរ​របស់​កម្ពុ​ជា​។​

លោក ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​អគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា

​លោក ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​អគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បានឱ្យដឹងថា ពិព័រណ៍​នេះ​មាន​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​គោលបំណង​ដើម្បីឱ្យ​ប្រជាជន​កម្ពុជា មានឱកាស​បាន​ប្រើប្រាស់ និង​ទិញ​ទំនិញ​ដែលមាន​គុណភាព​ល្អ​នៅក្នុង​តម្លៃ​សមរម្យ ដែល​នាំចូល​ពី​ប្រទេស​ថៃ ជាពិសេស ពិព័រណ៍​នេះ​ក៏​ជា​ឱកាស​សម្រាប់​អាជីវករ​ថៃ និង​ខ្មែរ បាន​ជួប​ជជែក និង​ចាប់ដៃ​ពាណិជ្ជកម្ម​ជាមួយគ្នា​ផងដែរ​។​

​លោក ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត បាន​បន្តថា ខណៈពេល​នេះ មាន​អាជីវករ​ចូលរួម​ចំនួន ៦៨​ក្រុមហ៊ុន ស្មើនឹង​ចំនួន ៨៧​ស្ដង់ មាន​សម្ភារ​ប្រើប្រាស់​ជាច្រើន ដូចជា​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង រួម​នឹង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ជាដើម​។​

​សូមបញ្ជាក់ថា ជា​ច្រុំ​ន​លើក​ណាស់​មកហើយ ដែល​ប្រទេស​ថៃ បានរៀបចំ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ថៃ នៅក្នុង​ខេត្តសៀមរាប ហើយក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង​ខេត្តសៀមរាប​ផងដែរ​៕

ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ឆ្នាំ​២០១៨ នៅក្នុង​ក្រុង​សៀមរាប​ (រូប: គូលែន)​

#