៩​នាក់​រងរបួស​នៅក្នុង​ការតវ៉ា​ប្រឆាំង​និង​គាំទ្រ​ជនអន្តោប្រវេសន៍​នៅ​អាល្លឺម៉ង់​

2803
ចែករម្លែក

មនុស្ស៩នាក់រងរបួសកាលពីថ្ងៃសៅរ៍ ក្នុងការតវ៉ាប្រឆាំងដោយក្រុមស្តាំនិងឆ្វេងនៅក្នុងទីក្រុងឆេមនីតហ្ស៍របស់អាល្លឺម៉ង់ ដែលបានជួបការតវ៉ាប្រឆាំងនឹងអន្តោប្រវេសន៍កាលពីសប្តាហ៍មុន។

ក្រុងឆេមនីតហ្ស៍ ជាកន្លែងចាប់អារម្មណ៍បន្ទាប់ពីការតវ៉ាស្អប់ជាតិសាសន៍ហិង្សាបានផ្ទុះឡើងដោយសារតែការចាក់សម្លាប់បុរសអាល្លឺម៉ង់ម្នាក់ ដោយជនស៊ីរីម្នាក់និងអ៊ីរ៉ាក់ម្នាក់កាលពីថ្ងៃអាទិត្យមុន។

កាលពីថ្ងៃសៅរិ៍ មនុស្សរាប់ពាន់នាក់បានឆ្លើយតបនឹងការកោះហៅរួមមួយដោយគណបក្សស្តាំជ្រុលAfD និងក្រុមសម្អប់ជាតិសាសន៍PEGIDAអោយមកចូលរួមការតវ៉ានៅតាមដងផ្លូវសាជាថ្មី។តែបាតុកម្មក្នុងចំនួនស្មើគ្នា ចូលរួមដោយគណបក្សបៃតងនិងពួកសមាជិកសភាគណបក្សប្រជាធិបតេយ្យសង្គមក៏បានជួបជុំនៅក្នុងអតីតទីក្រុងកុំម្មុយនីស្តមួយនេះដើម្បីប្រឆាំងនឹងជាតិសាសន៍និយម។

យោងតាមប៉ូលិស បាតុករសរុប៩.៥០០នាក់បានបង្ហាញខ្លួននៅក្នុងការតវ៉ាប្រឆាំងដាច់ដោយឡែកពីគ្នា។

ប៉ូលិសមូលដ្ឋាន គាំទ្រដោយកម្លាំងមកពីជុំវិញប្រទេស បានចេញមកទប់ភាគីទាំងពីរកុំអោយប៉ះទង្គិចគ្នាក្នុងអំឡុងពេលបាតុកម្ម។តែនៅពេលហ្វូងបាតុកម្មបានរំសាយការប្រវាយប្រតប់គ្នាបានផ្ទុះឡើងក្នុងចំណោមក្រុមតូចៗ ជាហេតុនាំអោយមនុស្សរងរបួស៩នាក់។

ការជួបជុំតវ៉ាពីរទៀតក៏ត្រូវបានរៀបចំធ្វើកាលពីថ្ងៃអាទិត្យ តែមិនសូវធំដុំទេ។

ភាពប្រទាញប្រទង់នៅក្រុងឆេមនីតហ្ស៍ បានធ្វើអោយមានការជជែកពិភាក្សាឡើងវិញអំពីការសំរេចចិត្តរបស់អធិកាបតីអាល្លឺម៉ង់ កាលពីបីឆ្នាំមុនដើម្បីរក្សាការបើកចំហព្រំដែនដល់ជនស្វះស្វែងរកការជ្រកកោនមកពីស៊ីរីឬអ៊ីរ៉ាក់៕ដោយ៖វាសនា

ប៉ូលិសចេញមករារាំងកុំអោយភាគីតវ៉ាប្រជែងប៉ះគ្នាក្នុងការតវ៉ាកាលពីថ្ងៃសៅរ៍