7027
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
ភ្នំពេញ​៖ លោក​អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា​៖ សូម​បងប្អូន​ជា​ជនរងគ្រោះ​ដោយ​សេព​គ្រឿងញៀន គឺ​សុទ្ធតែជា​អ្នកមាន​ឱកាស ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង សង្គម​គ្រួសារ​និង​សង្គមជាតិ បាន​នៅពេល​ខាងមុខ​ដូច្នេះ​ត្រូវ​ប្រញាប់​កែខ្លួន​។​
​លោក នួន ផា​រ័ត្ន បានលើកឡើង​បែបនេះ កាលពី​ព្រឹក ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ ចំនួន​១​ខ្នង ១១​បន្ទប់ ស្ថិតនៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ សែន សុខ ដែលជា​អំណោយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​
​ក្នុង​ពិធី​នោះ​លោក នួន ផា​រ័ត្ន បាន​លើកឡើងថា​៖​បញ្ហា​គ្រឿងញៀន​វា​បានធ្វើឱ្យ​ស្រទាប់​យុវជន​របស់​យើង​មួយចំនួន​បាន​លង់​ខ្លូន​ជា​អ្នក​សេព​គ្រឿងញៀន ដែលជា​បញ្ហា​ប្រឈម​មួយ​ដែល​សង្គមជាតិ​របស់​យើង​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​។ អ្នកញៀន​គ្រឿងញៀន ប្រៀបបាន​នឹង​ច្រេះ​ស៊ី​ដែក​បាត​កប៉ាល់ទឹក​អញ្ចឹង​ដែរ ពោលគឺ​បើ​យើង​មិនមាន​វិធានការ​ទេ ច្រេះ​នោះ​នឹង​ស៊ី​ដែក​បាត​កប៉ាល​បណ្តាលឱ្យ​លិចលង់​កប៉ាល់​មិនខានឡើយ​។​ដូច្នេះ​អ្នកញៀន​គ្រឿងញៀន​ក៏​មិន​ខុសពី​បញ្ហា​នេះដែរ បើ​យើង​មិន​រួមគ្នា​ដោះស្រាយ​ទេ នោះ​សង្គម​យើង នឹងមាន​ប​ញ្ងា​ប្រឈម​ហើយ មិនអាច​អភិវឌ្ឍ​ប្រទេស​អោយ​រីកចំរើន​បានទេ ។ លោក​បន្តថា បងប្អូន​រងគ្រោះ​ដោយ​សេព​គ្រឿងញៀន គឺ​សុទ្ធតែជា​អ្នកមាន​ឱកាស ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង សង្គម​គ្រួសារ​និង​សង្គមជាតិ សំខាន់​លើ​ការតាំង​ចិត្ត​របស់ខ្លួន​ឯង ។​
​លោក​អភិបាលរង​រាជធានី​បន្តថា​៖ នៅ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​នៅ​លោកខាងលិច អ្នកញៀន​គ្រឿងញៀន មួយចំនួន​បាន​ប្រែ ក្លាយខ្លួន​ទៅជា​មនុស្ស​ដែល​ល្បីល្បាញ និង​មាន​ប្រយោជន៍​នៅក្នុង​សង្គម ។​ដូច្នេះ លោក នួន ផា​រ័ត្ន សូមឱ្យ​បងប្អូន ដែល​ញៀន​គ្រឿងញៀន ទាំងអស់​ប្រឹងប្រែង ដើម្បី​បន្សាប​គ្រឿងញៀន​ឱ្យបាន ដើម្បី​បាន​ទៅធ្វើ​ការងារ​បំរើ​ផលប្រយោជន៍​ឱ្យ​សង្គមជាតិ​របស់​យើង​។​លោក​អភិបាលរង​រាជធានី​បាន​រំលឹក​ឡើងវិញ​ថា​៖​ក្នុង​របប ប៉ុល ពត បានធ្វើឱ្យ​ប្រទេសជាតិ​ធ្លាក់​ដល់​ចំណុចសូន្យ មិនមាន​អ្វី​ទាំងអស់ ក្នុងនោះ​ធនធានមនុស្ស​ក៏ត្រូវ​សម្លាប់ចោល​អស់​ផងដែរ ។ ក្រោយ​ឆ្នាំ​១៩៧៩​ប្រទេស​កម្ពុជា​បាន​កសាង​ប្រទេស​ឡើងវិញ​ទាំង​មិនមាន​អ្វី​ទាំងអស់​។ ប៉ុន្តែ​ក្រោយ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​នាំឱ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។​ទន្ទឹម​នៃ​ការអភិវឌ្ឍ​នេះ​ប្រទេស​កម្ពុជា​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ដូចជា​បញ្ហា​កកស្ទះ​ចរាចរ និង​បញ្ហា​គ្រឿងញៀន​ជាដើម​។​
​ក្នុងឱកាស​នោះដែរ​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ឳ​កាស​ខ្ញុំ បាន​មានប្រសាសន៍ថា៖ គិត​មកដល់​ត្រឹម​ថ្ងៃទី​១០ ខែកញ្ញា​នេះ មាន​យុវជន​បាន​ប្រើប្រាស់​គ្រឿងញៀន កំពុងធ្វើការ​បន្សាប​នៅក្នុង​មណ្ឌល​សុខភាព​ឳ​កាស​ខ្ញុំ​មាន​ចំនួន​១៩៦៣​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​១៣៣​នាក់​​។ លោកស្រី​បញ្ជាក់ថា​៖ កន្លងមកនេះ​យើង​បាន​ព្យាបាល​បន្សាប​ដល់​អ្នកញៀន​គ្រឿងញៀន​ចំនួន​៥៨៦៥​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​៣៦២​នាក់ ដោយ​អោយ​ពួកគាត់​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ ជាមួយនិង​សុខភាព​ល្អប្រសើរ ហើយ​បច្ចុប្បន្ននេះ​នៅក្នុង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​មាន​អ្នកញៀន​គ្រឿងញៀន​កំពុង​បន្សាប​ចំនួន​១៩៦៣​នាក់ ស្រី​១៣៣​នាក់ ដោយ​គិត​ត្រឹម​ថ្ងៃ​១០ កញ្ញា​២០១៨​នេះ​។​
​លោកស្រី​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា​៖ ដោយ​ការយកចិត្តទុកដាក់ គិតគូរ​ខ្ពស់ ដល់​បងប្អូន​ដែល​កំពុង​រងគ្រោះ​ដោយ​ការប្រើប្រាស់​គ្រឿងញៀន និង​ដោយ​ពិនិត្យឃើញថា មណ្ឌល​សុខភាព ជា​តម្រូវ​ការចាំបាច់ ដែល​អាច​ធានា​ដល់​ការព្យាបាល​ប្រកបដោយ​គុណភាព​ខ្ពស់ ដល់​ជនរងគ្រោះ ដែល​កំពុង​ទទួល​សេវា​ព្យាបាល និង​ស្ដារនីតិសម្បទា​នៅក្នុង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ រដ្ឋបាល​រាជធានី​ភ្នំពេញ បានផ្ដល់​ការសាងសង់​អគារ​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ ចំនួន​០១​ខ្នង ០១​ជាន់ ចំនួន ១១​បន្ទប់ ដោយ​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​២១ កុម្ភៈ ឆ្នាំ​២០១៧ និង​បាន​ស្ថាបនា​រួចរាល់​នៅ​ថ្ងៃ​២៥ មករា​ឆ្នាំ​២០១៨ និង​បាន​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេលនេះ​៕