​រិ​ន សា​រ័ត្ន ឈ្នះ​ដោយសារ គូប្រកួត​រក្សា​ទម្ងន់ មិនបាន ឯ យ៉េន ឌី​ណា ឈ្នះ​ពិន្ទុ​

173
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ ខ្សែក្រវាត់​ខា​រ៉ា​បាវ ទម្ងន់ ៦៣,៥០ គីឡូក្រាម រជ្ជកាល​ទី​១០ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​២១ កញ្ញា អ្នក​ប្រដាល់​កម្ពុជា ទាំង ២ រូប សុទ្ធតែ​ឈ្នះ​អ្នក​ប្រដាល់​ថៃ ដូចគ្នា ។​

​រិ​ន សា​រ័ត្ន ក្លិប​កងទ័ពជើងទឹក ដែល​ត្រូវ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឆាង ស៊ើ​ក (Chhang Soek) គេ​បានទទួល​ជ័យជំនះ​ ​ដោយ​ស្វ័យប្រវត្តិ ដោយសារតែ​អ្នក​ប្រដាល់​ថៃ រូបនេះ រក្សា​ទម្ងន់​មិនបាន​។ តែ​ទោះជា​យ៉ាងណា ក៏​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​
​ត្រូវតែ​ប្រកួត​គ្នា​ដែរ ហើយ​លទ្ធផល នៃ​ការប្រកួត​យ៉ាងណា ក៏​សា​រ័ត្ន ជា​អ្នកឈ្នះ​ដែរ ។​

​ការប្រកួត​រវាង អ្នក​ទាំង ២ រូបនេះ ពិតជា​អស្ចារ្យ​មែន​។ នៅ​ទឹក​ទី​១ ឆាង ស៊ើ​ក ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ ដោយសារ​មាន​បញ្ហា​សន្លាក់​ដៃស្ដាំ តែ​អ្នក​ប្រដាល់​ថៃ​រូបនេះ អាច​បន្ត​ការប្រកួត​បាន ។ ២ ទឹក​ដំបូង ឆាង ស៊ើ​ក ហាក់ដូចជា​លំបាក តែ​ចាប់ពី​ទឹក​ទី​៣ ទៅ គេ​ចិញ្ច្រាំ សា​រ័ត្ន ធ្វើ​ឲ្យ សា​រ័ត្ន បានតែ​ត្រឹម​ការពារ​ខ្លួន ទាំង​លំបាក​ប៉ុណ្ណោះ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា​រហូត​ចប់​ទឹក​ទី​៥ ដែល​លទ្ធផល​ចុងក្រោយ គឺ​ស្មើ​ពិន្ទុ​គ្នា ។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​សា​រ័ត្ន បានទទួល ៣ ពិន្ទុ ក្នុងឋានៈ​ជា​អ្នកឈ្នះ ដែល​គូប្រកួត​រក្សា​ទម្ងន់​មិនបាន ។​

សកម្មភាព​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ យ៉េន ឌី​ណា សមាគម​ប្រដាល់ ក្រសួងកសិកម្ម ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ លូ​ម លេង (Loom Leng) ដោយ​ពិន្ទុ ដាច់​តែម្ដង ។ ២ ទឹក​ដំបូង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ មិនទាន់​វ៉ៃ​គ្នា​នៅឡើយ​ទេ តែ​ចាប់ពី​ទឹក​ទី​៣ ដល់​ទឹក​ទី​៥ ពួកគេ​វាយ​សម្រុក លើ​គ្នា​ទៅវិញទៅមក ដោយ​មិន​សំចៃ​កម្លាំង​ឡើយ ។ ពួកគេ​ប្ដូរ​ទម្ងន់​ជើង ប្ដូរ​កែង និង​ក​ណ្ថា​ប់​ដៃ គ្នា​ទៅវិញទៅមក យ៉ាង​ជក់ចិត្ត​។ បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី​៥ យ៉េន ឌី​ណា បានទទួល​ជ័យជំនះ លើ លូ​ម លេង ដោយ​ពិន្ទុ ។ ចៅក្រម​ទាំង ៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ ឌី​ណា ឈ្នះ​គ្រប់ៗ​គ្នា​ទាំងអស់ ។​

​ការប្រកួត​ប្រដាល់ ជា​មិត្តភាព​អន្តរជាតិ លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​២២ កញ្ញា អ្នក​ប្រដាល់​កម្ពុជា ៣ រូប មានតែ សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក មួយរូប​គត់ ដែល​បាន​យកឈ្នះ គូប្រកួត ឯ ២ រូប ស្មើ​ពិន្ទុ​មួយរូប និង​សន្លប់​មួយរូប ។​

​ប៊ុន​ធី ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈឿ ស៊ិ​ង​ស៊ិ​រិ (Chhoer Singsiri) ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​។ ប៊ុន​ធី មានប្រៀប​តាំងពីដើម​ទឹក​ទី​១ មកម្ល៉េះ តែមួយ​ដៃៗ របស់ ឈឿ ស៊ី​ង​ស៊ិ​រិ បានធ្វើ​ឲ្យ ប៊ុន​ធី ដួល​ផ្កាប់មុខ​រហូត​។ មកដល់​ទឹក​ទី​២ ប៊ុន​ធី បានបញ្ចប់​សកម្មភាព គូប្រកួត​របស់ខ្លួន ដោយ​ប្រើ​ជង្គង់ ។​

​យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារកំព្រា ត្រូវ​អ្នក​ប្រដាល់​អ៊ីរ៉ង់ អា​មៀរ ហ្សា​ហ្វា​រៀន (Amir Jafarian) ប្រើ​កណ្ដាប់ដៃ​វាយ​ឲ្យ​សន្លប់ ដោយ​ប្រើពេល​តែត្រឹម កន្លះ​នាទី​ប៉ុណ្ណោះ ។ អា​មៀរ ទើបតែ​ធ្លាប់​ឆ្លងកាត់ ការប្រកួត​បានត្រឹមតែ ១៥ ដង ឈ្នះ​១០​ដង និង​ចាញ់ ៥ ដង​ប៉ុណ្ណោះ រីឯ ខេមរា វិញ គេ​មាន​ប្រវត្តិ​ប្រកួត រហូតដល់​ទៅ ៤៦​ដង ឈ្នះ​៣៥​ដង និង​ចាញ់់ ដង ។ ខេមរា មាន​អំណួត ដោយ​គេ​ដេញ​វ៉ៃ គូប្រកួត ហើយ​ភ្លេច​ការពារ ក៏ត្រូវ អា​មៀរ បញ្ចេញ​មួយ​ដៃ ចំ​មុខ​ពេញ បណ្ដាល​ឲ្យ​សន្លប់ ក្រោក​លែងរួច​តែម្ដង ។​

​ចំពោះ ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ វិញ ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់​ថៃ ឃូ​ម សេន (Khum Sen) បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​មក​នោះ​។​

​ស្ថានភាព នៃ​ការប្រកួត នរណា​ក៏​ថា ឡុង ជិន ចាញ់​ដែរ តែដោយសារ​នេះ ជាការ​ប្រកួត​ជា​មិត្តភាព ហើយ​ម្យ៉ាងទៀត ឃូ​ម សេន មក​វ៉ៃ ឡុង ជិន ដល់​ក្នុង​មុង​ទៅហើយនោះ ទោះបី ឡុង ជិន គេ​មើលឃើញ ជាទូទៅ​ថា ចាញ់​ក៏ដោយ បើ​ប្រកាសថា ឲ្យ​ស្មើគ្នា ដោយ​ពិន្ទុ ក៏​មិន​ប្រកាច់​អ្វី​ដែរ​។​

​ចំពោះ​ការប្រកួត​សន្សំ​ពិន្ទុ ខ្សែក្រវាត់ ជើងឯក​អ្នក​ប្រយុទ្ធ កំពូល​ថាមពល Champion វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ បាន​ប្រើ​ជង្គង់ ផ្ដួល​អ្នក​ប្រដាល់​ថៃ រ៉ុង ណា​ផា (Rong Napha) ឲ្យ​សន្លប់ មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​៥​។​

​ទឹក​ទី​៤ វិឆ័យ វ៉ៃ​អ្នក​ប្រដាល់​ថៃ រូបនេះ ឲ្យ​អាជ្ញាកណ្ដាល រាប់ ៨ ម្ដង​ហើយៗ នៅ​ទឹក​ទី​៥ វិឆ័យ បានបញ្ចប់​សកម្មភាព​អ្នក​ប្រដាល់​ថៃ រូបនេះ​តែម្ដង​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​កម្ពុជា នី សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា បាន​យកឈ្នះ អ្នក​ប្រដាល់​ថៃ ផេ​ត អ៊ូ​ប៊ុន ដោយ​ពិន្ទុ​ដែរ ៕v