កូន​នាគ​ខ្មៅ ឃុន ឌី​ម៉ា ចេញទៅ​វះកាត់​សរសៃ​ជើង នៅ​ប្រទេស​ថៃ​

402
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ដែលមាន​រហស្សនាម​ថា កូន​នាគ​ខ្មៅ ជាយដែន ឃុន ឌី​ម៉ា ម្ចាស់​មេដាយមាស ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ចូល​វះកាត់ សរសៃពួរ​ជើង ដែល​ដាច់​នោះ នៅ​ប្រទេស​ថៃ​ហើយ បន្ទាប់ពី​លោក​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ស្វះ​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ខ្លះៗ ដល់​រូបគេ​នោះ ។​

​ឌី​ម៉ា ប្រកួត​ចុងក្រោយ ស្មើ​ពិន្ទុ​ជាមួយ អ្នក​ប្រដាល់​ថៃ កែវ កង​វ៉ាន (Kev Kongwan) ។ ការប្រកួត​នោះ ត្រូវបាន​គេ​មើលឃើញ ជាទូទៅ​ថា ឌី​ម៉ា ស្ថិតក្នុង​ការលំបាក បន្ទាប់ពី​ត្រូវ​អ្នក​ប្រដាល់​ថៃ រូបនោះ ទាត់​ជើង បណ្ដាល​ឲ្យ ឌី​ម៉ា ដួល​ទៅលើ​កម្រាល​សង្វៀន ជា​ញឹកញាប់​មក​នោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​ប្រាប់​ឲ្យ​ដឹងថា សម្រាប់​កីឡា​ជម្រើសជាតិ ក្រសួងសុខាភិបាល បានផ្ដល់​មន្ទីរពេទ្យ ចំនួន ៤ សម្រាប់​ពួកគេ ចូល​ព្យាបាល និង​សម្រាក​ព្យាបាល ដោយ​មិន​គិត​កម្រៃ ។ មន្ទីរពេទ្យ​ទាំង ៤ នោះ មាន​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​រុស្ស៊ី (​ពេទ្យរុស្ស៊ី​) និង មន្ទីរ​ព​ទ្យ​មិត្តភាព កម្ពុជា​-​ចិន (​ពេទ្យ​លោកសង្ឃ​) ។​

​លោក​ប្រមុខ​សហព័ន្ធ បាន​អះអាងថា លោក​បាន​ជូន ឌី​ម៉ា ទៅ​មន្ទីរពេទ្យ​ទាំងនោះ ហើយ អ្នកឯកទេស​ខាង​សរសៃ គេ​ទទួលយក ឌី​ម៉ា មក​ព្យាបាល ដោយ​មិន​គិត​កម្រៃ អ្វី​ទាំងអស់ ។ ទោះជា​យ៉ាងណា ឌី​ម៉ា សម្រេចចិត្ត​ចេញទៅ​ព្យាបាល នៅ​ប្រទេស​ថៃ ដែល​នៅ​ទីនោះ អាច​ជិត​ផ្ទះ​របស់គេ នៅ​ខេត្តបន្ទាយមានជ័យ ជាង ដើម្បី​ងាយស្រួល រក​អ្នក​ជួយ​ថែទាំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​បន្តថា ឌី​ម៉ា គឺជា​គ្រាប់ពេជ្រ ដែល​គេ​មាន​សមត្ថភាព គ្រប់គ្រាន់ ក្នុង​ការរក​មេដាយ ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុង​ឆ្នាំនេះ ។ ពេលនេះ គេ​មាន​បញ្ហា​ជើង ដែល​ត្រូវ​សម្រាក​យ៉ាងតិច ក៏​មួយឆ្នាំ ឬ​លើសពី​នេះដែរ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី លោកគ្រូ​ពេទ្យ ជឹម ផល្លា ដែលជា​គ្រូពេទ្យ​ប្រចាំ​សង្វៀន​ប្រដាល់ របស់​សហព័ន្ធ ប្រដាល់​គុន​ខ្មែរ​នោះ​ថា លោក ជាមួយ ប្រធាន​សហព័ន្ធ ជា​អ្នក​ជូន ឌី​ម៉ា ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​ធំៗ របស់​កម្ពុជា ។ ពួកគាត់​បាន​បញ្ជាក់ថា ប្រសិនបើ ឌី​ម៉ា បោះបង់ចោល​អាជីព​ប្រដាល់​នោះ ហើយ​គេ​កុំ​ធ្វើ​អ្វី ដែល​ធ្ងន់ធ្ងរ ជើង​នេះ​មិនបាច់​វះកាត់ ក៏បាន​ដែរ​៕v

ឃុន ឌី​ម៉ា ពេល​នៅក្នុង​មន្ទីរពេទ្យ
ឃុន ឌី​ម៉ា ​កាល​ឈ្នះ នៅ​ស៊ី​ហ្គេម​