ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងកាលពីថ្ងៃពុធទី៣មេសាថា កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីដែលកំពុងអាចនឹងធ្លាក់ចុះពីរឆ្នាំជាប់គ្នានៅឆ្នាំ ២០១៩ ហើយនឹងបាត់បង់សន្ទុះបន្ថែមទៀតនៅឆ្នាំ ២០២០។
ធនាគារនេះក៏បានព្រមានអំពីការកើនឡើងនូវហានិភ័យសេដ្ឋកិច្ចពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក និងលទ្ធភាពចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបយ៉ាងឥតសណ្តាប់ធ្នាប់ផងដែរ។
ADB បានឱ្យដឹងក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ខ្លួនថា ទ្វីបអាស៊ីដែលកំពុងអភិវឌ្ឍ ដែលមានក្រុមប្រទេសចំនួន ៤៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវគេរំពឹងថានឹងមានកំណើន ៥,៧ ភាគរយក្នុងឆ្នាំ២០១៩នេះ ដោយថយចុះពីការព្យាករណ៍កំណើនសេដ្ឋកិច្ចចំនួន ៥,៩ ភាគរយក្នុងឆ្នាំ ២០១៨ និងកំណើន ៦,២ ភាគរយក្នុងឆ្នាំ ២០១៧។
ការព្យាករណ៍ឆ្នាំ ២០១៩នេះគឺតំណាងឱ្យការកាត់បន្ថយបន្តិចបន្តួចពីការព្យាករណ៍របស់ខ្លួនកាលពីខែធ្នូដែលមានចំនួន ៥,៨ ភាគរយ។ សម្រាប់ឆ្នាំ ២០២០ តំបន់អាស៊ីត្រូវបានព្យាករណ៍ថានឹងមានកំណើន ៥,៦ ភាគរយ ដែលអាចជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០១។
លោក យ៉ាស៊ូយូគី សាវ៉ាដា សេដ្ឋវិទូជាន់ខ្ពស់របស់ ADB បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា “ជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិកអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគនិងកំណើននៅតំបន់អាស៊ីដែលកំពុងអភិវឌ្ឍ”។
ធនាគារផ្តល់ប្រាក់កម្ចីនេះក៏បានលើកឡើងពីភាពមិនច្បាស់លាស់ផងដែរដែលអាចកើតចេញពីគោលនយោបាយសារពើពន្ធមិនប្រាកដប្រជារបស់សហរដ្ឋអាមេរិកនិងភាពរញ៉េរ៉ញៃនៃ Brexit ជាហានិភ័យចំពោះទស្សនវិស័យរបស់ខ្លួន ពីព្រោះកត្តាទាំងអស់នេះអាចពន្យឺតការរីកចម្រើននៃបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿននិងអាចប៉ះពាល់លើទស្សនវិស័យសម្រាប់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។
លោកសាវ៉ាដាបាននិយាយថា “ទោះជាការកើនឡើងនៃអត្រាការប្រាក់របស់អាមេរិកហាក់ដូចជាបានឈប់ទៅវិញនៅពេលនេះក៏ដោយ ក៏ប៉ុន្តែអ្នកបង្កើតគោលនយោបាយត្រូវតែប្រុងប្រយ័ត្នក្នុងគ្រាដែលមិនមានភាពច្បាស់លាស់ទាំងនេះ”។
ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថាសេដ្ឋកិច្ចរបស់ចិនអាចនឹងកើនឡើង ៦,៣ ភាគរយនៅឆ្នាំនេះពោលគឺមិនប្រែប្រួលពីការព្យាករណ៍កាលពីខែធ្នូទេ ប៉ុន្តែទាបជាងកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ៦,៦ ភាគរយក្នុងឆ្នាំ ២០១៨។ កំណើនសេដ្ឋកិច្ចនៅចិនដីគោកត្រូវបានព្យាករថានឹងធ្លាក់ចុះថែមទៀតមកនៅត្រឹម ៦,១ ភាគរយនៅឆ្នាំ ២០២០។
ប្រទេសចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៩ របស់ខ្លួនពី ៦ ទៅ ៦,៥ ភាគរយ។
បើគិតតាមតំបន់ អាស៊ីខាងត្បូងនឹងនៅតែជាតំបន់រីកចម្រើនលឿនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយ ADB ព្យាករណ៍ថានឹងមានកំណើន ៦,៨ ភាគរយនៅឆ្នាំនេះពោលគឺទាបជាងការព្យាករណ៍ពីមុន ៧,១ ភាគរយ និង ៦,៩ ភាគរយនៅឆ្នាំក្រោយ៕ ដោយ៖ កញ្ញាដាលីស