Amazon ជា​ក្រុមហ៊ុន​អាមេរិក​ទី​២​ដែលមាន​តម្លៃ​កើនឡើង​រហូតដល់​ខ្ទង់ ១ លាន​លាន​ដុល្លារ​

2421
ចែករម្លែក

​ក្រុមហ៊ុន Amazon កាលពី​ថ្ងៃ​អង្គារ​ទី​៤​កញ្ញា​បាន​ក្លាយជា​ក្រុមហ៊ុន​ជួញដូរ​ជា​សាធារណៈ​ទី​២​ដែលមាន​តម្លៃ​ទីផ្សារ​កើនឡើង​រហូតដល់​ខ្ទង់ ១​លាន​លាន​ដុល្លារ ដោយ​តាម​ប្រកៀក​ប្រកិត​ពីក្រោយ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone គឺ Apple ។​

​ព្រឹ​ត្ត​ការណ៍​សំខាន់​នេះ​គឺជា​សញ្ញា​មួយទៀត​នៃ​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន Amazon ពី​ក្រុមហ៊ុន​លក់​សៀវភៅ​តាម​អន​ឡាញ​ទៅជា​ក្រុមហ៊ុន​លក់​ក្រដាស​បង្គន់ ទូរទស្សន៍ និង អ្វីៗ​គ្រប់យ៉ាង​។ ក្នុងអំឡុង​រយៈពេល​២​ទសវត្សរ៍ ក្រុមហ៊ុន Amazon បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​លើសពី​ការលក់ទំនិញ​អន​ឡាញ​ទៅជា​ក្រុមហ៊ុន​ផ្តល់​សេវា​ថែទាំ​សុខភាព ការផ្សាយពាណិជ្ជកម្ម និង ការផ្ទុក​ទិន្នន័យ​លើ​អ៊ី​ន​ធឺ​ណេ​ត (Cloud Computing)​។​

​ការរីកចម្រើន​របស់​ក្រុមហ៊ុន​នេះ​បាន​ជួយ​បង្កើន​នូវ​ទ្រព្យសម្បត្តិ​របស់​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​របស់ខ្លួន គឺ​លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos)​។ ភាគហ៊ុន ១៦ ភាគរយ​របស់គាត់​នៅ Amazon ឥឡូវនេះ​មានតម្លៃ​ជាង ១៦០ ពាន់​លាន​ដុល្លារ​។ ទស្សនា​វ​ដ្តី Forbes បានដាក់​គាត់​នៅលើ​កំពូល​បញ្ជី​មហាសេដ្ឋី​របស់ខ្លួន​ជា​លើកដំបូង​នៅ​ឆ្នាំនេះ ដោយ​វ៉ា​ដាច់​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក ប៊ី​ល ហ្គេ​ត និង វិនិយោគិន លោក វ៉ារិន ហ្វា​ហ្វេ​ត​។​

​ភាគហ៊ុន​របស់ Amazon បាន​កើនឡើង​ជិត ៦០០ ភាគរយ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ​រួមបញ្ចូល​ទាំង​ការកើនឡើង​ជាង ៧០ ភាគរយ​គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៨​។ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ភាគហ៊ុន​បាន​កើនឡើង​គ្រប់គ្រាន់​ដើម្បី​រុញ​តម្លៃ​របស់​ក្រុមហ៊ុន​នេះ​ឱ្យ​ហួស ១ លាន​លាន​ដុល្លារ ទោះបីជា​វា​បាន​ធ្លាក់ចុះ​បន្តិច​បន្ទាប់ពីនោះ​ក៏ដោយ​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​បាន​បិទ​នៅ​តម្លៃ ២.០៣៩,៥១ ដុល្លារ ក្នុង​១​សន្លឹក​ហ៊ុន​នៅ​ថ្ងៃ​អង្គារ​។​

​ក្រុមហ៊ុន Apple មានតម្លៃ​រហូតដល់​ខ្ទង់ ១​លាន​លាន​ដុល្លារ​កាលពីដើម​ខែសីហា​។ ក្រុមហ៊ុន​ថាមពល​ជាតិ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ឈ្មោះ Aramco ត្រូវបាន​គេ​ជឿ​យ៉ាង​ទូលំទូលាយ​ថា​មានតម្លៃ​ខ្ពស់ជាង Amazon ឬ Apple ទៅទៀត​៕ ដោយ៖កញ្ញាដាលីស

ក្រុមហ៊ុន Amazon របស់លោក ជេ​ហ្វ បេ​ហ្សូ​ស មានតម្លៃ​រហូតដល់​ខ្ទង់ ១ លាន​លាន​ដុល្លារ​កាលពី​ថ្ងៃ​អង្គារ