Ads1111
Rhb02
មាតិកាៈ បទវិភាគ

បុរស​ខ្លាំង​ឥណ្ឌា​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 15 មីនា 2017 ម៉ោង 03:07:PM

បទវិភាគ: ​    ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា ម៉ូ​ឌី គឺជា​វាគ្មិន​ដ៏​ទាក់ទាញ​មួយរូប ហើយ​នៅ​ខែ​នេះ​ផងដែរ មនុស្ស​ប្រមាណ​ជាង ៥០.០០០ នាក់ បានបង្ហាញ​ខ្លួន​នៅ​ទីក្រុង​ដេ​អូ​រៀ ក្នុង​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស ដើម្បី​ស្តាប់​ដំណើររឿង​របស់លោក​។ ប្រជាជន​ទាំងនោះ​បានដឹង និង​ស្រឡាញ់​រូបលោក ដោយសារ​មួយផ្នែក​អំពី​របៀប​ដែល​កូនប្រុស​អ្នកលក់​តែ​ម្នាក់នេះ​បាន​ឡើង​តំណែង​ខ្ពស់​ក្នុង​បក្ស​ដោយ​គ្មាន​ការជួយ​ណាមួយ​ពី​ទំនាក់ទំនង​គ្រួសារ​ឡើយ​។​

​    ​លោក​ម៉ូ​ឌី​បាន​ឡើងកាន់តំណែង​ក្នុង​ឆ្នាំ ២០១៤ ដោយ​តាំង​ខ្លួនឯង​ជា​អ្នក​កំណែទម្រង់​ពាណិជ្ជកម្ម ដែល​គិតពី​ហេតុផល​ច្បាស់លាស់​មួយរូប ដែល​អាច​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​ឥណ្ឌា​ចាប់ផ្តើម​លូតលាស់​ជាថ្មី​។​

​    ​ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​តាម​ការសន្យា​នោះ ពុំបាន​សម្រេច​ដូច​បំណង​ទេ ហើយ​កាលពី​ឆ្នាំមុន លោក​ម៉ូ​ឌី​បាន​ហៅ​ខ្លួនឯង​ថា ជា​ជើងឯក​ផ្តួល​ភាពក្រីក្រ​។

​    ​លោក​ម៉ូ​ឌី​បាន​ប្រាប់​ប្រជាជន​នៅ​ទីក្រុង​ដេ​អូ​រៀ​ថា "​ពួកគេ​" ដែល​សម្តៅលើ​ឥស្សរជន​មានទ្រព្យ​ស្តុកស្តម្ភ គណបក្ស​សាម​ជ​ដែល​បានកាន់អំណាច​ដ៏​យូរ និង​រដ្ឋ​កាល​គ្រួសារ​មហា​ត្មៈ​គ​ន្ធី "​បាន​លួច​ទ្រព្យសម្បត្តិ​ពី​ប្រជាជន​អស់៧០ឆ្នាំ ហើយ​ខ្ញុំ​នឹង​ផ្តល់​ប្រទេស​ឥណ្ឌា​ឱ្យទៅ​អ្នក​ទាំងអស់គ្នា​វិញ​"​។​

​    ​នៅ​គ្រាមួយ​ពេលដែល​អ្នកបោះឆ្នោត​ទូទាំង​ពិភពលោក​កំពុង​ច្រានចោល​មេដឹកនាំ​ចាស់វស្សា​របស់ខ្លួន និង​ងាក​ទៅរក​ជន​ប្រជា​និយម ដែល​សន្យា​នូវ​ដំណោះ​ស្រាយ​ដ៏​ខ្លាំងក្លា​សម្រាប់​ការធ្លាក់ចុះ​សេដ្ឋកិច្ច លោក​ម៉ូ​ឌី​បាន​កំពុង​យល់ច្បាស់​ពី​អារម្មណ៍​ប្រជាជន និង ពង្រឹងគោលជំហរ​យ៉ាងរឹងមាំ​ក្នុងនាម​ជា​បុរស​ខ្លាំង​បែប​ប្រជា​និយម​។ សព្វថ្ងៃ លោក​បាន​កំពុង​ដឹកនាំ​រដ្ឋការ​ប្រមូលផ្តុំ​បំផុត​មិន​ធ្លាប់​ឃើញ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។ ហើយ​យុទ្ធសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​ជាមួយ​អ្នកបោះឆ្នោត​ជាច្រើន​។

​    ​កាលពី​ថ្ងៃ​សៅរ៍ គណបក្ស​ជាតិនិយម​ហិណ្ឌូ​របស់លោក​ម៉ូ​ឌី គឺ​គណបក្ស​បា​រ៉ា​ទី​យ៉ា ចា​ណា​តា (Bharatiya Janata Party ឬ BJP) បានឈ្នះ​ការបោះឆ្នោត​យ៉ាង​ស្រួល​នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស​។ វា​ជា​រដ្ឋ​សម្បូរ​មនុស្ស​បំផុត​ក្នុងប្រទេស​ឥណ្ឌា ជាមួយ​ប្រជាជន​ជាង ២០០ លាន​នាក់ និង​ប្រាក់ចំណូល​ជា​មធ្យម​ប្រចាំឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់ គឺ ២.០០០ ដុល្លារ​។​

​    ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស​គឺជា​មូលដ្ឋាន​ដ៏​ខ្លាំងក្លា​សម្រាប់​អ្នក​ដែល​កើតមក​ដើម្បី​ប្រឆាំង​ភាពក្រីក្រ ហើយ​ជ័យជម្នះ​របស់លោក​ម៉ូ​ឌី​នៅទីនេះ​គឺ​ផ្អែកលើ​ការតាំង​ខ្លួន​ជា​អ្នក​បំបាត់​ភាពក្រីក្រ​។ ការណ៍​នេះ​អាច​នឹង​ជំរុញ​ឱ្យ​លោក​ប្រមូលផ្តុំ​អំណាច​រឹតតែ​ខ្លាំង​ជាង​មុន ខណៈដែល​ការបោះឆ្នោតជាតិ​នឹង​មកដល់​ក្នុង​ឆ្នាំ ២០១៩​។​

​    ​សារ​របស់លោក​ម៉ូ​ឌី​បាន​ប្រែប្រួល ១៨០ ដឺ​ក្រេ​។ ក្នុង​ឆ្នាំ ២០១៤ លោក​បាន​សន្យា​ឱ្យមាន "​រដ្ឋាភិបាល​អប្បបរមា អភិបាលកិច្ច​អតិបរមា​" ពោល ជា​រដ្ឋបាល​មិន​ជ្រៀតជ្រែក​ក្នុង​វិស័យ​ឯកជន​។

​    ​លោក​បាន​និយាយ​អំពី​ការទាក់ទាញ​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​ជាមួយ​ការបន្ធូរបន្ថយ​ពន្ធ ប៉ុន្តែ​បែរជា​ធ្វើ​ឯកជន​តូបនីយកម្ម​ក្រុមហ៊ុន​រដ្ឋ និង ធ្វើកំណែទម្រង់​ដីធ្លី​រប​ស់​ក្រុមហ៊ុន​អាជីវកម្ម​។​

​    ​ឥឡូវ លោក​និយាយ​អំពី​ការជួយ​ជនក្រីក្រ ដោយ​ផ្តល់នូវ​ប្រាក់កម្ចី​គ្មាន​ការប្រាក់​ដល់​កសិករ ផ្តល់នូវ​ហ្គាស​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ និង លាង​សម្អាត​ប្រព័ន្ធ​ពុករលួយ និង សំរាម​តាម​ដងផ្លូវ​។​

​    ​ការផ្តោត​សំខាន់​នៃ​ការបោះឆ្នោត​នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​សគឺ​ដើម្បី​ជ្រើសរើស​ប្រមុខរដ្ឋ​មន្ត្រី​រដ្ឋ​ថ្មី ប៉ុន្តែ​វា​បានក្លាយ​ជាការ​បោះឆ្នោត​ប្រជាមតិ​អំពី​លោក​ម៉ូ​ឌី និង​ទិសដៅ​ថ្មី​របស់លោក​ទៅវិញ​។ គណបក្ស​ផ្សេង​បានតែងតាំង​បេក្ខជន​របស់ខ្លួន ប៉ុន្តែ​លោក​ម៉ូ​ឌី​បានស្នើ​ប្រជាជន​ឱ្យ​បោះឆ្នោតឱ្យ​បក្ស BJP និង អនុញ្ញាតឱ្យ​លោក​ជ្រើសរើស​ប្រមុខរដ្ឋ​មន្ត្រី​ប្រចាំ​រដ្ឋ​។ ប្រយោគ​បន្តបន្ទាប់​ទៀត​ក្នុង​សារ​របស់លោក​ម៉ូ​ឌី​គឺថា មានតែ​លោក​ម្នាក់​គត់ ដែល​អាច​ដោះស្រាយ​បញ្ហា​របស់​ឥណ្ឌា​។​

​    ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនា​ការរក​សំឡេងឆ្នោត មេដឹកនាំ​បក្ស​សា​មា​ជ លោក រ៉ា​ហ៊ុល គ​ន្ធី បាន​ថ្លែង​សារ​ដ៏​វែង​ទៅកាន់​ហ្វូង​ប្រជាជន​ដែលមាន​អារម្មណ៍​ធុញទ្រាន់​។

​    ​នាយករដ្ឋមន្ត្រី​ម៉ូ​ឌី​បាន​សបញ្ជាក់​អំពី​ភាពមិន​អាចមាន​អ្នក​ផ្តួល​បាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​អំឡុង​យុទ្ធនាការ​នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស​។ ត្រឡប់​ទៅ​ឆ្នាំ ២០១៤ លោក​បាន​សន្យា​សង្គ្រោះ​កំណើនសេដ្ឋកិច្ច​ឡើងវិញ បង្កើត​ការងារ និង ធ្វើ​វិមជ្ឈការ​រដ្ឋាភិបាល ដោយ​ផ្តល់​អំណាច​ដល់​បណ្តា​ប្រមុខរដ្ឋ​មន្ត្រី​ប្រចាំ​រដ្ឋ​។​

​    ​ប៉ុន្តែ​ថ្ងៃនេះ (១៥ មីនា​) កំណើនសេដ្ឋកិច្ច​នៅ​បន្ត​ជាប់គាំង​ត្រឹម ៥ ភាគរយ​ទៅ ៦ ភាគរយ​។ ឥណ្ឌា​មិនបាន​បង្កើត​ការងារ​រាប់លាន ដែល​ចាំបាច់​សម្រាប់​ពលរដ្ឋ​ដែល​កើនឡើង​យ៉ាង​លឿន​របស់ខ្លួន​នោះទេ ហើយ​ហួស​ឆ្ងាយ​ពី​ការផ្តល់អំណាច​ដល់​ប្រមុខរដ្ឋ​មន្ត្រី​ប្រចាំ​រដ្ឋ លោក​ម៉ូ​ឌី​ត្រូវគេ​រំពឹងថា​នឹង​បន្តុប​មនុស្ស​ស្មោះត្រង់​របស់ខ្លួន​ក្នុង​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស ដើម្បី​ស្រណុក​គ្រប់គ្រង​។

​    ​អ្នកកាសែត Straitstimes បាន​ចំណាយពេល ៥ ថ្ងៃ​តាមដាន​យុទ្ធនាការ​បោះឆ្នោត​នេះ ហើយ​បាន​មើលឃើញ​យ៉ាងច្បាស់​ថា​តើ​ហេតុអ្វី​បានជា​លោក​ម៉ូ​ឌី​ខ្លាំងក្លា​មិនចេះ​ទ្រុឌ ក្នុងនោះ​រួមទាំង​កេរ្តិ៍ឈ្មោះ​ពូកែ​អនុវត្ត​របស់លោក និង​ភាពជោគជ័យ​របស់លោក​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​អតិផរណា​។ ក្នុងប្រទេស​ឥណ្ឌា ការឡើង​ថ្លៃ​ចំណីអាហារ​បានធ្វើឱ្យ​មេដឹកនាំ​ជាច្រើន​ជ្រុះ​ពី​អំណាច រួមទាំង​នាយ​រដ្ឋមន្ត្រី​មុន គឺ​លោក ម៉ាន់​ម៉ូ​ហាន់ ស៊ី​ង​។

​    ​ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់លោក​ម៉ូ​ឌី អតិផរណា​បាន​ធ្លាក់ចុះ​ពី​លេខ ២ ខ្ទង់ មក​នៅត្រឹម ៣ ភាគរយ​។ នេះ​គឺ​បានមកពី​ផ្នែក​មួយ​នៃ​សំណាង​ផងដែរ ខណៈដែល​តម្លៃ​ប្រេង​ពិភពលោក​ធ្លាក់ចុះ និង​មួយផ្នែក​ទៀត​គឺ​ដោយសារ​ការ​ត្បិតត្បៀត​ថវិកាជាតិ​របស់លោក​។​

​    ​នាយករដ្ឋមន្ត្រី​ដែល​គ្មាន​ជាប់​ខ្សែ​រូបនេះ​ត្រូវបាន​គេ​មើលឃើញថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រួសារ​ស្អិតរ​មួ​ត​នោះឡើយ ហើយ​ដូច្នេះហើយ​ពុំ​សូវ​មាន​អំពើពុករលួយ​ទេ​។ រដ្ឋការ​អាយុ ៣ ឆ្នាំ​របស់លោក​ពុំដែល​មានរឿង​អាស្រូវ​ឡើយ ដែល​នេះ​ជា​សមិទ្ធផល​ដ៏​កម្រ​បំផុត​។ ហេតុ​ដូច្នេះហើយ អ្នកបោះឆ្នោត​ភាគច្រើន​ទទួលស្គាល់​ការលើកឡើង​របស់លោក​ម៉ូ​ឌី ថា​ពួក​ឥស្សរជន​ពុករលួយ​បាន​បរាជ័យ​តាំងពី​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៤៧ ហើយ​រដ្ឋការ​ស្អាតស្អំ​របស់លោក​ស័ក្តិសម​ទទួលបាន​អាណត្តិ​បី​ឆ្នាំ​ទៀត​ដើម្បី​អភិវឌ្ឍ​ប្រទេស​។​

​    ​បក្ស BJP មិនដែល​ដាក់​បេក្ខជន​មូស្លីម​សម្រាប់​តំណែង​នៅ​សភា ៤០០ កៅអី​ក្នុង​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស​នោះឡើយ​។

​    ​ក្នុង​ទីក្រុង​ដេលី អ្នកវិភាគ​នយោបាយ​ខ្លះ​លើកឡើងថា លោក​ត្រាំ ដែល​ចូលចិត្ត​វាយប្រហារ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជនអន្តោប្រវេសន៍ បានធ្វើឱ្យ​លោក​ម៉ូ​ឌី​មាន​សេរីភាព​ក្នុង​ឱបក្រសោប​យក​លទ្ធិ​ជាតិនិយម​ផ្តាច់មុខ​កាន់​ខ្លាំង​ឡើង​។

​    ​ដូច្នេះ ការ​ងើបឡើង​របស់​ពួក​ប្រជា​និយម​លោកខាងលិច ឥឡូវ​ក៏​កំពុង​កើនឡើង​ក្នុង​អាស៊ី​ដែរ​៕

​ដកស្រង់​ពី​កាសែត Straitstimes

បុរស​ខ្លាំង​ឥណ្ឌា​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស​

នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ត្រា ម៉ូ​ឌី កំពុង​ជួប​អ្នកគាំទ្រ​នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស


Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


បទវិភាគ ផ្សេងទៀត