Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បទវិភាគ

ចិន​មាន​មហិច្ឆតា​ដើម្បី​សម្រេច​ការពិត​ឱ្យបាន ខណៈ​ខ្លួន​កំពុង​កៀរគរ​ពិភពលោក​មក​កិច្ចប្រជុំ​កំពូល​អំពី​ផ្លូវ​សូត្រ​ថ្មី

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 12 ឧសភា 2017 ម៉ោង 04:12:PM

បទវិភាគ: ​    ​នៅពេល​មេដឹកនាំ ២៨ ប្រទេស​ជួបជុំគ្នា​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​ក្រោយ​សម្រាប់​កិច្ចប្រជុំ​កំពូល​ដើម្បី​ដាក់ចេញ​ផែនទី​នៃ​គម្រោង​ផ្លូវ​សូត្រ​ថ្មី​ដ៏​មហិច្ឆតា​របស់​ចិន សំណួរ​មួយ​ទំនង​ដក់​ក្នុង​ចិត្ត​របស់​អ្នកចូលរួម នោះ​គឺ តើ​អ្វី​ទៅជា​គំនិត​ផ្តួចផ្តើម​ក្រវាត់​មួយ​ផ្លូវ​មួយ​?

​    ​ស្នើឡើង​ក្នុង​ឆ្នាំ ២០១៣ ដោយ​ប្រធានាធិបតី ស៊ី ជីន​ពីង ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ទស្សនវិស័យ​អំពី​ការពង្រីក​បណ្តាញ​ត​ភ្ជាប់​គ្នា​រវាង​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប ដែល​ទ្រទ្រង់​ដោយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុងការ​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នោះ គម្រោង​នេះ​មាន​ទំហំ​ធំ​ធេ​ញ​ណាស់​បើ​គិត​អំពី​មហិច្ឆតា ប៉ុន្តែ​នៅតែ​តូច​បើ​គិត​អំពី​ចំណុច​ចំៗ​ជាក់លាក់​។​

​    ​ចិន​បាន​លៃលក​លុយ​ចំនួន ៤០ ពាន់​លាន​ដុល្លារ​សម្រាប់​មូលនិធិ​ពិ​សេសមួយ​សម្រាប់​គម្រោង​នេះ ក្នុងចំណោម​មូលធន​ចំនួន ១០០ ពាន់​លាន​ដុល្លារ សម្រាប់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដឹកនាំ​ដោយ​ចិន (AIIB) ដែល​គម្រោង​ភាគច្រើន​របស់​ធនាគារ​នេះ​ទំនង​ប្រហែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​មួយ​ផ្លូវ​មួយ​។

​    ​ប៉ុន្តែ​ជាមួយ​ឈ្មោះ​ស្តាប់ទៅ​រាង​ច្រឡំៗ ដែល​សំដៅ​ទៅលើ​ក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង ផ្លូវ​សូត្រ​ដែនសមុទ្រ​សតវត្សរ៍​ទី ២១ បូក​បន្ថែម​ពីលើ​ហានិភ័យ​សេដ្ឋកិច្ច​និង​សន្តិសុខ​ដ៏​ច្រើន​អនេក​នោះ ពពក​អ័ព្ទ​បាន​រសាត់​មក​បាំង​ពីលើ​ផែនការ​នេះ​។

​    ​ត្បិត​បាន​ផ្សព្វផ្សាយ​យ៉ាងខ្លាំង​អំពី​កិច្ចប្រជុំ​កំពូល​ថ្ងៃទី ១៤-១៥ ខែឧសភា ក្នុងប្រទេស​ចិន រួមទាំង​បណ្តាញ​ផ្សព្វផ្សាយ​ខំ​ឃោសនា​រឿង​វិជ្ជមាន​ពី​មេដឹកនាំ​លោកខាងលិច​ក្តី ក៏ប៉ុន្តែ​អ្នកការទូត​មួយចំនួន​មាន​មន្ទិល​អំពី​គោលបំណង​របស់​ចិន​។

​    ​មន្ត្រី​ទូត​សហភាព​អឺរ៉ុប​ជាន់ខ្ពស់​មួយរូប​និយាយថា "​មាន​មន្ទិលសង្ស័យ​ច្រើន​អំពី​ផែនការ​របស់​ចិន​។ ពិតណាស់ វា​ជា​ប្រភេទ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ស្តាប់ទៅ​ទាក់ទាញ​សម្រាប់​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប ប៉ុន្តែ​យើង​ដឹង​គ្រប់គ្នា​ថា​នេះ​គឺ​អំពី​ការបង្កើន​ឥទ្ធិពល​ចិន​"​។

​    ​ទោះយ៉ាងណា ជាមួយ​ដូ​ណា​ល់​ត្រាំ​ក្នុង​សេត​វិមាន​កំពុង​បន្ត​របៀបវារៈ "​អាមេរិក​ជា​អាទិភាព​" ប្រទេស​ច្រើនឡើង​អាច​នឹង​ជំរុញ​ឱ្យ​ដាក់បញ្ចូល​ខ្លួន​ពួកគេ​ក្នុង​ផែនការ​ដ៏​ធំ​របស់​ចិន​។

​    ​មន្ត្រី​ទូត​អាស៊ី​ជាន់ខ្ពស់​មួយរូប​និយាយ​សំដៅទៅ​កិច្ចប្រជុំ​នេះ​ថា "​ប្រទេស​ជាច្រើន​ពិតជា​បាន​កំពុង​ដាក់​សម្ពាធ​ចិន​ឱ្យ​ទទួលយក​ការអញ្ជើញ ជាជាង​តាម​វិធី​ផ្សេង​ពីនេះ​"​។

​    ​ចិន​និយាយថា រវាង​ឆ្នាំ ២០១៤ និង ២០១៦ គម្រោង​ពាណិជ្ជកម្ម​ដែល​បាន​ចុះហត្ថលេខា​របស់ខ្លួន​មានតម្លៃ ៣០៤,៩ ពាន់​លាន​ដុល្លារ ក្នុង​បណ្តា​ប្រទេស​ដែល​ស្ថិតក្នុង​គំនិត​ផ្តួចផ្តើម​ក្រវាត់​មួយ​ផ្លូវ​មួយ​។ គម្រោង​ខ្លះ​អាច​ស្ថិតក្នុង​ការអភិវឌ្ឍ​ច្រើន​ឆ្នាំ​។​

​    ​* ខុង​ជឺ និង "​ការគិត​ឈ្នះ​ឈ្នះ​"

​    ​ចិន​មានការ​ខកចិត្ត​ខ្លាំង​ចំពោះ​ការ​លើកឡើងថា ផ្លូវ​សូត្រ​ថ្មី​គឺ​អំពី​ខ្លួន​ព្យាយាម​គ្របដណ្តប់​ពិភពលោក ដោយ​និយាយថា ផ្លូវ​សូត្រ​ថ្មី​នេះ​ល្អ​សម្រាប់​គ្រប់គ្នា ហើយ​នរណា​ក៏​អាច​ចូលរួម​បានដែរ​។

​    ​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ និយាយ​ក្នុង​បទ​វិចារណកថា​ជា​ភាសា​អង់គ្លេស​យ៉ាង​ដូច្នេះ "​មន្ទិល​របស់លោក​ខាងលិច​មិនបាន​មើលឃើញ​ការពិត​ដែលថា ចិន​មិន​បានធ្វើ​ពាណិជ្ជកម្ម​អតុល្យភាព​នោះទេ ប៉ុន្តែ​ជំរុញ​នូវ​ការគិត​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​។ ដូច​ខុង​ជឺ​ធ្លាប់បាន​និយាយ​អ៊ីចឹង ៖ អ្នក​ដែល​ចង់បាន​ជោគជ័យ គួរតែ​ជំរុញ​ឱ្យ​អ្នកដទៃ​ជោគជ័យ​ដែរ​"​។

​    ​ទោះយ៉ាងណា ចិន​បាន​គូសបញ្ជាក់​អំពី​មហិច្ឆតា​របស់ខ្លួន​ក្នុង​កាសែត​ជា​ភាសា​ចិន​។

​    ​ស៊ិន​ហួ​និយាយ​កាលពី​ខែ​មុន​អំពី​ផ្លូវ​សូត្រ​ថ្មី​ក្នុង​បទ​វិចារណកថា​ចេញផ្សាយ​លើ​ទំព័រមុខ​កាសែត​ផ្លូវការ People's Daily យ៉ាង​ដូច្នេះ "​នេះ​គឺជា​ដំណោះស្រាយ​របស់​ចិន​សម្រាប់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​សកលលោក​"​។

​    ​ទោះយ៉ាងណា ហានិភ័យ​គឺ​ច្បាស់​ជាមាន​។

​    ​ក្នុង​ស្រីលង្កា មាន​បាតុកម្ម​ជា​សាធារណៈ​ប្រឆាំងនឹង​គម្រោង​ដែលជា​ប់​ទាក់ទិន​នឹង​ក្រវាត់​មួយ​ផ្លូវ​មួយ និង​ក្នុង​ប៉ា​គី​ស្ថាន កន្លែង​ដែល​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​បង្ក​ការ​គំរាម​ដល់​សន្តិសុខ​នោះ រដ្ឋាភិបាល​បាន​បង្កើត​អង្គភាព​ទ័ព​ថ្មី​ដើម្បី​ការពារ ច្រកទ្វារ​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន តម្លៃ ៥៧ ពាន់​លាន​ដុល្លារ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផ្លូវ​សូត្រ​ថ្មី​។

​    ​ច្រកទ្វារ​ស​ដ្ឋ​កិច្ច​នេះ​ក៏ត្រូវ​ឆ្លងកាត់​តំបន់​ជម្លោះ​កា​ស្មៀ​ផងដែរ មានន័យថា ឥណ្ឌា​បាន​ទាត់ចោល​ការប៉ុនប៉ងរ​បស់​ចិន​ដើម្បី​ធ្វើឱ្យ​ច្រកទ្វារ​សេដ្ឋកិច្ច​នេះ​ចូលទៅក្នុង​គម្រោង​ក្រវាត់​មួយ​ផ្លូវ​មួយ​។

​    ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា លោក​អា​រុន ចៃ​ត្លេ និយាយ​ក្នុងប្រទេស​ជប៉ុន​កាលពី​សប្តាហ៍​មុន​ថា "​យើង​មា​នខ​ដាក់​លក្ខខណ្ឌ​ហ្មត់ចត់​មួយចំនួន​អំពី​វា ព្រោះតែ​បញ្ហា​អធិបតេយ្យភាព​"​។

​    ​ជាមួយ​ចិន​និយាយថា ក្រវាត់​មួយ​ផ្លូវ​មួយ​បើកទូលាយ​ចំពោះ​គ្រប់គ្នា យ៉ាងហោចណាស់​ប្រទេសមួយ ដែល​មិន​ត្រូវបាន​ចាត់ទុកជា​ជម្រើស​វិនិយោគ​សុវត្ថិភាព​នោះ ត្រូវគេ​រំពឹងថា​នឹង​បង្ហាញខ្លួន​ដែរ នោះ​គឺ​ប្រទេស​ឯកោ មាន​នុយក្លេអ៊ែរ កូរ៉េខាងជើង​។

​    ​រដ្ឋាភិបាល​ស៊ី​រី​ក៏​កំពុង​បញ្ជូន​មន្ត្រី​ថ្នាក់​គណៈរដ្ឋមន្ត្រី​មក​ដែរ ។ នេះ​បើតាម​ឯកអគ្គរដ្ឋទូត​ស៊ី​រី​ប្រចាំ​ប្រទេស​ចិន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ក្នុង​សប្តាហ៍​នេះ​។

​    ​* នយោបាយ​នៅ​ពីមុខ​សេដ្ឋកិច្ច​?

​    ​មានការ​ចាក់ផ្សាយ​ឥតឈប់ឈរ​អំពី​ចិន​នៅមុន​វេទិកា​ក្រវាត់​មួយ​ផ្លូវ​មួយ ក្នុងនោះ​រួមមាន​ទាំង​វីដេអូ​ឯកសារ​នៅលើ​ទូរទស្សន៍​រដ្ឋ និង ពលរដ្ឋ​ពោរពេញ​ដោយ​ស្នាមញញឹម​នៅក្នុង​ប្រទេស​ចូលរួម​គម្រោង បាន​និយាយ​កោតសរសើរ​អំពី​ការផ្លាស់ប្តូរ ដែល​វេទិកា​នេះ​បាន​នាំមក​។

​    ​អំឡុង​កិច្ចប្រជុំ អនុសារណៈ​នៃ​ការយោគយល់​គ្នា ផែនការ លិខិត​សហប្រតិបត្តិការ និង គម្រោង​សហការ ជាង ៥០ ក្នុង​វិស័យ​ដឹកជញ្ជូន ថាមពល និង​ទូរគមនាគមន៍​ត្រូវបាន​ចុះហត្ថលេខា​។ នេះ​បើតាម​មន្ត្រី​រដ្ឋាភិបាល​ចិន​។

​    ​អ្នកនាំពាក្យ​ស​ក្រសួងការបរទេស​ចិន លោក​កេង សួង បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ពុធ ដោយ​សំដៅលើ​សេចក្តី​ថ្លែង​ការ​កិច្ចប្រជុំ​កំពូល​យ៉ាង​ដូច្នេះ "​នេះ​...​នឹង​ជា​ឯកសារ​ប្រឹក្សា​យោបល់​រួមគ្នា ដោយ​ភាគី​ទាំងអស់ ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ការមូល​មតិរួម​គ្នា​លើ​កា​រព​ន្លឿ​ន​ក្រវាត់​មួយ​ផ្លូវ​មួយ​"​។

​    ​អ្នកជំនាញ​ចិន​ខ្លះ​និយាយថា នយោបាយ​ត្រូវបាន​ដាក់​នៅ​ពីមុខ​កត្តាសេដ្ឋកិច្ច​។

​    ​អ្នកសេដ្ឋកិច្ច​ម្នាក់​បាន​និយាយ​នៅ​មណ្ឌល​ចិន​សម្រាប់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​អន្តរជាតិ ដែលជា​ស្ថាប័ន​ផ្តល់​មតិយោបល់​មាន​មូលដ្ឋាន​នៅ​ប៉េកាំង ដែលជា​អ្នក​ផ្តួចផ្តើម​បង្កើត​ធនាគារ AIIB ថា "​ខ្ញុំ​ជឿថា យុទ្ធ​សាស្ត្រា​ជាតិ​គឺជា​អាទិភាព​កំពូល ហើយ​ការពិចារណា​ខាង​សេដ្ឋកិច្ច​ជា​អាទិភាព​ទី​ពីរ​"​។

​    ​គាត់​បានស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ ដោយសារ​វា​ជា​ប្រធានបទ​រសើប​។​

​    ​ក៏មាន​ការប្រុងប្រយ័ត្ន​ផងដែរ​ពី​ប្រទេស​អាស៊ី​មួយចំនួន​។​

​    ​ថ្លែង​កាលពី​សប្តាហ៍​មុន​នៅ​កិច្ចប្រជុំ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ក្នុងប្រទេស​ជប៉ុន ទេសាភិបាលរង​ធនាគារកណ្តាល​ហ្វីលីពីន លោក ឌី​វ៉ា គ្វី​នី​ហ្គា​ន់​ដូ និយាយថា វា​ពិតជា​លំបាក​ក្នុង​ការធ្វើ​បុរេវិនិច្ឆ័យ​អំពី​ផ្លូវ​សូត្រ​ថ្មី​។

​    ​លោក​ឌី​វ៉ា និយាយថា "​វា​នៅតែ​ជា​ទស្សនវិស័យ​នៅឡើយ​។ អ្នក​ត្រូវតែ​ប្រែក្លាយ​វា​ទៅជា​ផ្នែក​ដែល​ដំណើរការ​មួយចំនួន​សិន​"​។

​    ​អ្នកការទូត​លោកខាងលិច​មួយចំនួន​បង្ហាញ​ការបារម្ភ​ជា​លក្ខណៈ​ឯកជន​នៅ​កិច្ចប្រជុំ​កំពូល​ផងដែរ ដោយហេតុថា ប្រទេស​មួយចំនួន​មានកំណត់​ត្រា​សិទ្ធិមនុស្ស​អន់ ដូចជា​រុស្ស៊ី និង​ហ្វីលីពីន​។​

​    ​ប្រភព​ការទូត​ដែល​ដឹង​អំពី​ការពិភាក្សា​ក្នុង​សេចក្តីថ្លែងការណ៍ និយាយថា ការពិភាក្សា​ទាំងនោះ​គឺ​តានតឹង​ណាស់ ព្រោះ​គ្រប់គ្នា​សុទ្ធតែ​ចង់​និយាយ​ដែរ​។ មាន​វគ្គ​ធ្វើ​ពង្រាង​យ៉ាងតិច ៣ វគ្គ ដែល​វគ្គ​នីមួយៗ​ចំណាយពេល ១៣ ម៉ោង ក្នុង​សប្តាហ៍​នេះ​។

​    ​ប្រភព​និយាយថា ផែនការ​ដំបូង​គឺ​សម្រាប់​ប្រទេស​ម្ចាស់ផ្ទះ​ចេញ​សេចក្តីថ្លែងការណ៍​ព័ត៌មាន ប៉ុន្តែ​ចិន​បាន​ប្តូរ​វា​ទៅជា​សេចក្តីថ្លែងការណ៍​រួម​។ "​ការបកស្រាយ​តែមួយគត់​ដែល​គ្រប់គ្នា​អាច​ផ្តល់​ឱ្យបាន គឺថា ពួកគេ​ចង់​បន្ថែម​ទម្ងន់​ចូលក្នុង​កិច្ចប្រជុំ​នេះ​"៕

​ដកស្រង់​ចេញពី​វេ​ប​សាយ Channelnewsasia

ចិន​មាន​មហិច្ឆតា​ដើម្បី​សម្រេច​ការពិត​ឱ្យបាន ខណៈ​ខ្លួន​កំពុង​កៀរគរ​ពិភពលោក​មក​កិច្ចប្រជុំ​កំពូល​អំពី​ផ្លូវ​សូត្រ​ថ្មី

ពលរដ្ឋ​ចិន​ថតរូប​ស្ពាន​មាស​នៅលើ​ផ្លូវ​សូត្រ​ថ្មី នៅមុន​វេទិកា​ស្តីពី​ផ្លូវ​មួយ​ក្រវាត់​មួយ​នៅ​ប៉េកាំង​នៅ​ថ្ងៃទី ១៤-១៥ ឧសភា នេះ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


បទវិភាគ ផ្សេងទៀត