Ads1111
Rhb02
មាតិកាៈ បទវិភាគ

សង្គ្រាម​ស៊ី​រី​ឈានចូល​ឆ្នាំ​ទី ៧ ដោយ​គ្មាន​សញ្ញាណ​ដំណោះស្រាយ​នយោបាយ​ច្បាស់លាស់​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 16 មីនា 2017 ម៉ោង 05:05:PM

បទវិភាគ: ​    ​វិបត្តិ​ស៊ី​រី​បាន​ឈានដល់​ឆ្នាំ​ទី ៧ ហើយ ជាមួយ​ការខិតខំ​ប្រឹងប្រែង​ខាង​នយោបាយ និង​យោធា​ត្រូវបាន​ប្រើប្រាស់ ប៉ុន្តែ​ពុំមាន​ទស្សនវិស័យ​ច្បាស់លាស់​ណាមួយ​ទេ​មកទល់​ឥឡូវនេះ​អំពី​ចក្ខុវិស័យ​នយោបាយ ក្រៅពី​ចំណាត់ការ​ខាង​យោធា​។​

​    ​* ដំណោះស្រាយ​នយោបាយ​នៅតែ​មិនទាន់​ឃើញ​ពន្លឺ​
​    ​ពេញ ៦ ឆ្នាំ​ចុងក្រោយ​មកនេះ មហាអំណាច​ពិភពលោក​បានរៀបចំ​កិច្ចប្រជុំ​រាប់មិនអស់​អំ​ពី​ប្រទេស​ស៊ី​រី មិន​ថា​នៅក្នុង​ទីក្រុង​ហ្សឺ​ណេ​វ ឬ នៅ​ទីក្រុង​អា​ស្តា​ណា គឺ​ភាគី​នីមួយៗ​បាន​អះអាងថា ដំណោះស្រាយ​នយោបាយ​ជា​មធ្យោបាយ​តែមួយគត់​ដើម្បី​ទម្លាយ​ភាពជាប់គាំង​ដ៏​ស្មុ​គ្រ​ស្មាញ​ក្នុង​ជម្លោះ​ស៊ី​រី​។

​    ​តែ​ទោះយ៉ាងណា ការប្រជុំ​របៀបនេះ​នៅតែ​ខកខាន​ក្នុងការ​គូសវាស​នូវ​ផែនទី​បង្ហាញផ្លូវ​ដើម្បី​បញ្ចប់​ជម្លោះ ជាមួយ​ភាគី​នីមួយៗ​គិតតែ​ពី​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​កង្វះ​ភាពជឿនលឿន​ទៅមុខ​នៃ​កិច្ចពិភាក្សា​ដោះស្រាយ​ជម្លោះ​។​

​     រដ្ឋាភិបាល​ស៊ី​រី​តែង​ចោទប្រកាន់​បក្សនយោបាយ​ប្រឆាំង ជាពិសេស​អ្នក​ដែល​រស់នៅ​និរទេស​ខ្លួន មិន​ថា​ក្នុង​តួ​ក​គី ឬ អា​រ៉ា​ប៊ី​សា​អូឌីត ចំពោះ​ការធ្វើជា​អាយ៉ង​ក្នុង​ដៃ​របស់​ប្រទេស​ជា​ខ្នងបង្អែក​ក្នុង​តំបន់​និង​អន្តរជាតិ ដើម្បី​កម្ចាយ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី បា​សា អាល់​អាស្សាត និង​បំផ្លាញ​សាមគ្គីភាព និង​បូរណភាព​ទឹកដី​របស់​ស៊ី​រី​។

​    ​លោក អា​ម៉ាត់ អាស​កា អ្នកកាសែត​និង​ជា​អ្នកវិភាគ​នយោបាយ និយាយថា នៅ​ផ្នែក​ខ្លះ វា​ការពិត មែន ដែលថា ក្រុមប្រឆាំង​ដែល​និរទេស​ខ្លួន ជាពិសេស ក្រុម​ដែល​គាំទ្រ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ហៅថា HNC (​គណៈកម្មាធិការ​ចរចា​ថ្នាក់ខ្ពស់​) ត្រូវបាន​ផ្សាភ្ជាប់​យ៉ាងខ្លាំង​ក្លា​ទៅនឹង​របៀបវារៈ​របស់​ប្រទេស ដែល​គាំទ្រ​ពួកគេ​ពីក្រោយ​។

​    ​សម្រាប់​ពួក​ប្រឆាំង ពួកគេ​ក៏បាន​ចង្អុល​ម្រាមដៃ​ចោទប្រកាន់​លើ​រដ្ឋាភិបាល​អាស្សាត​ផងដែរ​។

​    ​លោក​ហាសាន់ អាប់​ឌុល អា​ស៊ីម ប្រធាន​ស្ថាប័ន​សម្របសម្រួល​ថ្នាក់ជាតិ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ដា​ម៉ាស (NCB) បាន​ប្រាប់​កាសែត​ស៊ិន​ហួ​កាលពី​ថ្ងៃ​អង្គារ ថា រដ្ឋាភិបាល​លោក​អាស្សាត បាន​គេចវេះ​បង្កើត​នូវ​ស្ថាប័ន​គ្រប់គ្រង​ការធ្វើ​អន្តរកាល ដូចដែល​បាន​ព្រមព្រៀងគ្នា​ក្នុង​កិច្ចចរចា​មុនៗ​។

​    ​លោក​បាន​និយាយថា "​របប​អាស្សាត​បានគេច​វេះ​បង្កើត​ស្ថាប័ន​គ្រប់គ្រង​ការធ្វើ​អន្តរកាល​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ ដោយ​យក​លេស​ថា​កំពុង​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​"​។​

​    ​ការបង្កើត​ស្ថាប័ន​គ្រប់គ្រង​ការធ្វើ​អន្តរកាល​ត្រូវបាន​យល់ព្រម​អំឡុង​ការចេញ​សេចក្តីថ្លែងការណ៍​នៅ​ទីក្រុង​ហ្សឺ​ណេ​វ ឆ្នាំ ២០១២ ប៉ុន្តែ​មិនដែល​លេចចេញ​ជា​ផ្លែផ្កា​ឡើយ​។

​    ​រដ្ឋាភិបាល​ស៊ី​រី​តែង​និយាយថា ការពិភាក្សា​អំពី​ប្រធានាធិបតី​អាស្សាត ជា​បន្ទាត់​ក្រហម ហាម​និយាយ​ដាច់ខាត ហើយ​រាល់​ការផ្លាស់ប្តូរ​ណាមួយ​ក្នុងការ​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ក្នុង​ស៊ី​រី​គឺ​អាស្រ័យ​លើ​បំណងប្រាថ្នា​របស់​ប្រជាជន​តាមរយៈ​ការបោះឆ្នោត​ប្រជាមតិ​។

​    ​ទន្ទឹមនេះដែរ រដ្ឋាភិបាល​ស៊ី​រី​អំឡុង​ការពិភាក្សា​ដែល​រៀបចំ​នៅ​ទីក្រុង​ហ្សឺ​ណេ​វ​កាលពី​ខែ​មុន បាន​បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែង​ប្រឆាំង​អំពើ​ភេរវកម្ម​គួរតែ​ជា​រឿង​អាទិភាព នៅមុន​ការពិភាក្សា​អំពី​ការធ្វើ​អន្តរកាល ចំណែកឯ​ក្រុមប្រឆាំង​វិញ ជាពិសេស​ក្រុម HNC បាន​ទទូចថា ការចរចា​ក្នុង​រឿង​ធ្វើ​អន្តរកាល​ក្នុងប្រទេស​ស៊ី​រី​គួរតែ​ជា​រឿង​អាទិភាព​។

​    ​យោងតាម​ក្រុមអ្នកវិភាគ នេះ​ជា​ចំណុច​ប្រទាំង​ប្រទើស​បំផុត​ក្នុង​ការចរចា​។

​    ​សូម្បី​ប្រធានាធិបតី​អាស្សាត ថ្មីៗ​នេះ​បានបញ្ជាក់​ហេតុផល​នេះ កាលពី​ថ្ងៃ​ចន្ទ ដោយ​និយាយថា អាទិភាព​របស់​ស៊ី​រី​គឺ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ដោយ​បន្ថែមថា ការចរចា​អំពី​នយោបាយ​នៅ​គ្រានេះ មិនមែនជា​រឿង​សំខាន់​ទេ​។​

​      ថ្លែង​ទៅកាន់​បណ្តាញ​ផ្សព្វផ្សាយ​អឺរ៉ុប ប្រធានាធិបតី​អាស្សាត​និយាយថា ការបណ្តេញចេញ​ពួក​ជ្រុលនិយម​គឺជា​អាទិភាព ហើយ​ការ​ឈានដល់​ការផ្សះផ្សា​គ្នា​នៅ​តំបន់​ផ្សេងទៀត ជា​អាទិភាព​បន្ទាប់បន្សំ​។

​    ​អាស្សាត​និយាយថា "​វា​ជា​រឿង​មិនចាំបាច់​ដែល​និយាយ​អំពី​នយោបាយ នៅពេលដែល​អ្នក​អាច​នឹងត្រូវ​បានសម្លាប់​ដោយ​ការវាយប្រហារ​ភេរវកម្ម​"​។​

​    ​ដោយ​ធ្វើ​អត្ថាធិប្បាយ​លើស​ម្តី​របស់លោក​អាស្សាត លោក​ម៉ាន់​ធើ ខាត់​ដាំ ជន​ប្រឆាំង​របស់​ស៊ី​រី បាន​និយាយថា សម្តី​អាស្សាត​ចង្អុល​បង្ហាញថា "​រដ្ឋាភិបាល​ស៊ី​រី​ចង់​បានឱ្យ​ដំណោះស្រាយ​នយោបាយ ដែល​ផ្តល់​ប្រយោជន៍​ដល់​ទិសដៅ​របស់ខ្លួន​" ដោយ​បន្ថែមថា ដូច្នេះ ដំណោះស្រាយ​នយោបាយ​នឹង​មិនអាច​សម្រេចបាន​ឆាប់ៗ​ខាងមុខ​នេះឡើយ​៕

​ដកស្រង់​ពី​វេ​ប​សាយ CCTV

សង្គ្រាម​ស៊ី​រី​ឈានចូល​ឆ្នាំ​ទី ៧ ដោយ​គ្មាន​សញ្ញាណ​ដំណោះស្រាយ​នយោបាយ​ច្បាស់លាស់​


Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


បទវិភាគ ផ្សេងទៀត