Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បទវិភាគ

ដូ​ណា​ល់ ត្រាំ-គីម​ជុង​អ៊ុន និង ការគិតគូរ​ខុស​អំពី​អាវុធ​នុយក្លេអ៊ែរ​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 20 មេសា 2017 ម៉ោង 05:06:PM

បទវិភាគ: ​    ​ក្នុង​ឆ្នាំ ១៩៥០ បន្សំ​គ្នា​រវាង​ពាក្យសម្តី​មិនមាន​ការវិនិច្ឆ័យ​នៅ​វ៉ាស៊ីនតោន និង ការគិតគូរ​ខុស​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង បាន​នាំឱ្យ​ផ្ទុះ​សង្គ្រាម​កូរ៉េ​។ ឥឡូវនេះ ខណៈដែល​ពិភពលោក​ព្រួយបារម្ភ​ថា សង្គ្រាម​មួយទៀត​អាច​នឹង​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ គ្រោះថ្នាក់​គឺថា រដ្ឋាភិបាល​ក្នុង​សហរដ្ឋអាមេរិក និង កូរ៉េខាងជើង អាច​នឹង​គិតគូរ​ខុស ហើយ​ធ្លាក់​ចូលក្នុង​ជម្លោះ​ម្តងទៀត​។​

​    ​អ្នកប្រវត្តិសាស្ត្រ​ជាច្រើន​នាក់​បាន​ឆែក​មើល​ឡើងវិញ​អំពី​ការផ្ទុះ​សង្គ្រាម​កូរ៉េ​រហូតដល់​សុន្ទរកថា​ថ្លែង​ដោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ឌី​ន អា​ឆេ​សុន នៅ​ក្លិប​កាសែត​ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​ខែមករា ឆ្នាំ ១៩៥០​។ គាត់​បាន​និយាយ​អំពី "​ដែន​កំណត់​ដើម្បី​ការពារ​" នៅ​អាស៊ី និង លើកឡើងថា កូរ៉េ​ស្ថិតនៅ​ហួស​ពី​ដែន​កំណត់​ការពារ​ទៅទៀត​។ ប៉ុន្តែ​នៅ​ក្រុង​ព្យុងយ៉ាង​វិញ មេដឹកនាំ​កូរ៉េខាងជើង លោក គីម អ៊ី​ល​ស៊ុ​ង បានទទួល​កំណត់ត្រា​មួយ​បញ្ជាក់​យ៉ាងច្បាស់​ថា អាមេរិក​នឹងមិន​ការពារ​កូរ៉េខាងត្បូង​ឡើយ​។ ប្រាំ​ខែក្រោយ​មក កងទ័ព​កូរ៉េខាងជើង​បាន​ឆ្លង​ខ្សែ​បន្ទាប់​ស្រប​ទី ៣៨ និង​ឈ្លានពាន​កូរ៉េខាងត្បូង​។ ប៉ុន្តែ​លោក​គីម អ៊ី​ល​ស៊ុ​ង​បានគិត​ខុស នៅ​គ្រានោះ​។ អាមេរិក​បាន​វាយបក​លើ​កូរ៉េខាងជើង​វិញ មិន​ដូច​កំណត់​ហេតុដែល​គាត់​ទទួលបាន​នោះឡើយ​។ សង្គ្រាម​កូរ៉េ​បាន​បណ្តាលឱ្យ​បាត់បង់​ជីវិត​មនុស្ស​រា​ប់​ម៉ឺន​នាក់ នាំឱ្យ​អាមេរិក​និង​ចិន​ប្រយុទ្ធ​គ្នា​ដោយផ្ទាល់ និង មិនដែល​បញ្ចប់​ទៅជា​ផ្លូវការ​ឡើយ​។ សព្វថ្ងៃនេះ សន្តិភាព​នៅ​កូរ៉េ​ត្រូវបាន​ថែរក្សា​ដោយ​បទ​ឈប់​បាញ់ ជាជាង​សន្ធិសញ្ញា​សន្តិភាព​ផ្លូវការ​។  

​    ​ខណៈដែល​លោក​អា​ឆេ​សុន​បង្ហាញ​ពី​ការខ្វែងគំនិត​គ្នា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បង្ហាញ​អំពី​ដំណោះស្រាយ​វិញ ដោយ​ប្តេជ្ញា​ថា អាមេរិក​នឹង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង បង្ហើប​តម្រុយ​ឱ្យដឹងថា លោក​ត្រៀមខ្លួន​ធ្វើ​ចំណាត់ការ​យោធា​ជាមុន​ទៀតផង​។

​    ​ប៉ុន្តែ​ជាថ្មី​ម្តងទៀត គេ​នៅតែ​យ​ល់ថា គ្រោះថ្នាក់​គឺ​នៅតែមាន ពេលណា​ដែល​កូរ៉េខាងជើង​បើក​ការវាយប្រហារ​មិនបាន​ប្រាប់​ជាមុន​។ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែលជា​ចៅ​របស់លោក​គីម អ៊ី​ល​ស៊ុ​ង បាន​បន្ត​ចាប់យក​នូវ​របប​យោធានិយម ភាព​ឯកោ​និយម និង អារម្មណ៍​ដែលថា​បរទេស​នឹងធ្វើ​បាប​ពួកគេ​។ ប្រសិនបើ​គីម​ជុង​អ៊ុន​សន្និដ្ឋានថា អាមេរិក​ច្បាស់​ជា​វាយប្រហារ​របស់ខ្លួន​នោះ គីម​ជុង​អ៊ុន​ច្បាស់​ជា​នឹង​វាយប្រហារ​ជាមុន​ជាមិនខាន​។ ទឹកចិត្ត​ពុះកញ្ជ្រោល​របស់​គីម​ជុង​អ៊ុន​នឹង​កាន់តែ​បង្កើន​ថែមទៀត​ដោយ​ដំណឹង​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ ដែលថា យន្តហោះ​ចម្បាំង​អាមេរិក​ពាក់ព័ន្ធ​ក្នុងការ​ប៉ុនប៉ង​ធ្វើឃាត​មេដឹកនាំ​កូរ៉េខាងជើង​។

​    ​គោលការណ៍​យោធា​កូរ៉េខាងជើង ដូចដែល​បានលើកឡើង​នៅក្នុង​សមយុទ្ធ​ថ្មីៗ​នេះ គឺ ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ជាមុន​ដើម្បី​ទប់ស្កាត់​បរាជ័យ ឬ ការបំផ្លាញ​បំផ្លាញ​ពីស​ត្រូវ​។ លោក​បណ្ឌិត ជេ​ហ្វ​ហ្វើ​រី ឡេ​វី​ស អ្នកជំនាញ​នៅ​បណ្ឌិត្យសភា បាន​សរសេរ​ក្នុង​គោលនយោបាយ​ការបរទេស​ថ្មីៗ​នេះ​ថា "​យុទ្ធសាស្ត្រ​របស់​គីម​គឺ​ពឹង​ផ្អែកលើ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ជាមុន មុនពេល​អាមេរិក​អាច​សម្លាប់​គាត់ ឬ កងកម្លាំង​ពិសេស​អាច​រកឃើញ​អង្គភាព​មី​ស៊ី​ល​របស់គាត់​...​។ គាត់​ត្រូវតែ​វាយ​គេ​មុន ប្រសិនបើ​គាត់​នឹង​ចេញ​ធ្វើសង្គ្រាម​ធំ​នោះ​"​។​

​    ​ទោះបី​កូរ៉េខាងជើង​មិនទាន់​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​វាយ​ដល់​ឆ្នេរ​ខាងលិច​អាមេរិក ប៉ុន្តែ​កូរ៉េខាងជើង​អាចមាន​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​វាយ​ដល់​កូរ៉េខាងត្បូង ឬ ជប៉ុន​រួចទៅហើយ​។ រដ្ឋធានី​សេ​អ៊ូ​ល​របស់​កូរ៉េខាងត្បូង ដែលមាន​ចម្ងាយ​ពី​ព្រំដែន​កូរ៉េខាងជើង​ត្រឹម ៥៦ គីឡូម៉ែត្រ គឺ​ងាយ​រង​ការវាយប្រហារ​ដោយ​គ្រាប់បែកនុយក្លេអ៊ែរ​ដ៏​ប្រល័យ​បំផុត​។ ហើយ​ជប៉ុន​និង​កូរ៉េខាងត្បូង​ព្រួយបារម្ភ​ជាងគេ​គឺ​អាវុធ​គីមី​របស់​កូរ៉េខាងជើង​។​

​    ​ការ​បង្ហើប​តម្រុយ​រប​ស់​ត្រាំ​ថា អាមេរិក​កំពុង​ពិចារណា​វាយប្រហារ​លើ​កូរ៉េខាងជើង ត្រូវបាន​ធ្វើឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​ចិន​ឱ្យជួយ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​។ ការ​បង្ហើប​តម្រុយ​នេះ​អាចមាន​ប្រសិទ្ធភាព​។ រដ្ឋាភិបាល​ចិន​បានទទួល​សញ្ញា​ព្រមាន​ដោយ​ចំហ​ពី​ព្រឹត្តិការណ៍​ក្នុង​កូរ៉េខាងជើង និង ប្រហែល​ដាក់​សម្ពាធ​ព្យុងយ៉ាង​រឹង​តែ​ខ្លាំង​ឡើង​។ វា​ក៏​អាចទៅរួច​ផងដែរ ដែលថា របប​គីម​ជុង​អ៊ុន​គឺ​គួរឱ្យខ្លាច​ជាង​សម្តី​ក្រអឺតក្រទម​របស់ខ្លួន ហើយ​ប្រហែល​មិន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​នោះឡើយ ថ្វីបើ​ចិន​ដាក់​សម្ពាធ​។

​    ​ប៉ុន្តែ​ខណៈដែល​គេ​អាច​យល់បាន​ថា យុទ្ធសាស្ត្រ​បង្ក​សង្គ្រាម​របស់​រដ្ឋការ​លោក​ត្រាំ​អាច​នឹង​ធ្វើឡើង​នោះ កូរ៉េខាងជើង​ទំនង​នឹងមិន​ឱនក្បាល​នោះឡើយ ដូច្នេះ​យុទ្ធសាស្ត្រ​របស់​ត្រាំ​នឹង​បរាជ័យ​។ ក្នុងករណីនេះ ប្រធានាធិបតី​អាមេរិក​នឹង​ប្រឈម​កាលៈទេសៈ​ដ៏​លំបាក​។ តើ "​កង​នាវាចម្បាំង​ដ៏​ខ្លាំងក្លា​របស់គាត់​" បែរ​ទិស​ចេញពី​ឧបទ្វីប​កូរ៉េ ដោយសារ​បេសកកម្ម​បរា​ជ័យ​? តើ​រដ្ឋការ​ត្រាំ​អាច​បង្ហាញ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ខ្លាំងក្លា ដែល​ស្រប​ជាមួយ​ចិន ដូចដែល​ខ្លួន​បាន​សន្យាថា​នឹងដាក់​ខ្លាំងៗ​បានដែរ​ទេ​?

​    ​ត្រាំ​ល្បី​ណាស់​ខាង​ប្តូរ​វោហា​ស័ព្ទ និង គោលនយោបាយ​ដោយ​ឥត​អៀនខ្មាស់​។ ដូច្នេះ គេ​ច្បាស់​ណាស់​ថា គាត់​អាច​នឹង​ដកថយ​ចេញពី​កូរ៉េខាងជើង ឬ រក្សា​ស្ថានភាព​កូរ៉េខាងជើង​ឱ្យនៅ​ដដែល​។

​    ​ទោះយ៉ាងណា វា​ក៏​អាចទៅរួច​ដែរ ដែលថា ត្រាំ​នឹង​បញ្ចុះបញ្ចូល​ខ្លួនឯង​ថា ការវាយប្រហារ​ជាមុន​លើ​កូរ៉េខាងជើង​គឺជា​ជម្រើស​មាន​ប្រសិទ្ធភាព​។ ការសម្រេចចិត្ត​របៀប​នេះ​គឺ​ចាំបាច់​ត្រូវមាន​ការផ្តល់​ប្រឹក្សា​ផ្នែក​យោធា​តាម​ស្តង់ដារ ដែល​ពួកគេ​អាច​លើកឡើង​ផងដែរ​ថា ការដក​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ចេញ​ជាមួយ​ការវាយប្រហារ​តែមួយ​គឺ​មិនអាច​ទៅរួច​ឡើយ ហើយ​ចុងក្រោយ​កូរ៉េខាងជើង​អាច​សងសឹក​វិញ​លើ​កូរ៉េខាងត្បូង និង​ជប៉ុន ហើយ​មូលដ្ឋានទ័ព​អាមេរិក​នៅក្នុង​តំបន់​នឹង​ក្លាយជា​គោលដៅ​សងសឹក​ជាមិនខាន​។

​    ​យោធា​អាមេរិក​ដឹង​ច្បាស់​ណាស់​ពី​ហានិភ័យ​ដែល​បង្កឡើង​ដោយ​ការវាយប្រហារ​ជាមុន​លើ​កូរ៉េខាងជើង​។ ដូច្នេះ​គេ​គួរតែ​ងាក​ទៅ​រំលឹក​ឡើងវិញ​ថា លោក​ឧ​ត្ត​ម​សេនីយ៍ អេ​ច អា ម៉ាក​ម៉ា​ស្ទើ ដែលជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ត្រាំ បាន​សរសេរ​សៀវភៅ​មួយ​ក្បាល ដែល​ស្តីបន្ទោស​ខ្លាំងៗ​ទៅលើ​ពួក​ឧ​ត្ត​ម​សេនីយ៍​អាមេរិក ដែល​មិន​ផ្តល់​ប្រឹក្សា​ដោយស្មោះ​ត្រង់​ដល់​អ្នកនយោបាយ អំឡុង​សង្គ្រាម​វៀតណាម​។

​    ​រឿង​គ្រោះថ្នាក់​គឺថា លោក​ត្រាំ បន្ទាប់ពី​ចាប់ផ្តើម​វោហា​ស័ព្ទ​ដ៏​ចលាចល​មុន​ឡើងជា​ប្រធានាធិបតី បាន​សន្និដ្ឋានថា ចំណាត់ការ​យោធា​គឺជា​គន្លឹះ​ជួយ​ឱ្យ​គាត់​ទទួលបាន​ការគាំទ្រ​ពី​អ្នកបោះឆ្នោត​។ ត្រាំ​ហាក់​រីករាយ​ខ្លាំងណាស់​ដែល​អ្នកគាំទ្រ​ទះដៃ​អបអរ ការដែល​គាត់​បាន​បាញ់​មី​ស៊ី​ល​ចូល​ស៊ី​រី​។ បន្ទាប់មក គាត់​បាន​ទម្លាក់​មេ​គ្រាប់បែក​លើ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​កូនប្រុស ដូ​ណា​ល់ ជូ​នៀ បង្ហាញ​សេចក្តីរំភើប​របស់ខ្លួន​នៅលើ Twitter អម​ជាមួយ​រូបភាព​គ្រាប់បែក​ទៀតផង​។

​    ​មាន​សមាជិក​ច្រើនណាស់​នៅក្នុង​រង្វង់​ដឹកនាំ​ផ្ទៃក្នុង​របស់លោក​ត្រាំ ដែល​ជឿជាក់ថា រដ្ឋការ​លោក​ត្រាំ​ពិតជា​ចង់​វាយប្រហារ​ជាមុន​លើ​កូរ៉េខាងជើង​។ ប៉ុន្តែ​ប្រសិនបើ​គីម​ជុង​អ៊ុន​យល់ឃើញ​ដូចគ្នានេះដែរ នោះ​គីម​ជុង​អ៊ុន​ច្បាស់​ជា​វាយប្រហារ​នុយក្លេអ៊ែរ មុន​ត្រាំ​ទៅទៀត​៕

​ដកស្រង់​ពី FINANCIAL TIMES

ដូ​ណា​ល់ ត្រាំ-គីម​ជុង​អ៊ុន និង ការគិតគូរ​ខុស​អំពី​អាវុធ​នុយក្លេអ៊ែរ​


Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


បទវិភាគ ផ្សេងទៀត