Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ផែនការ​អគ្គិសនី ២០១៧-២០២០ នឹង​ក្លាយជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​

​ដោយ ៖ ថ្ងៃទី 21 មេសា 2017 ម៉ោង 08:37:AM

បរិយាយលេខនេះ: ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​អគ្គិសនី​កម្ពុជា​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ខ្សែបណ្តាញ​បញ្ជូន​ភ្នំពេញ​-​ព្រៃវែង​-​ស្វាយរៀង និង​អនុ​ស្ថានីយ កំពង់​សិង្ហ ព្រមទាំង​អនុ​ស្ថានីយ​ច្រកម្ទេស​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​ខេត្ត ព្រៃវែង និង​ស្វាយរៀង ឱ្យបាន​គ្រប់គ្រាន់ គ្រប់​ភូមិ ឃុំ និង​ឱ្យមាន​ស្ថិរភាព ២៤​ម៉ោង លើ​២៤​ម៉ោង គ្មាន​ការរអាក់រអួល ។​
​    ​
​កន្លងទៅ​មុននេះ ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​តែងតែមាន​ការរអាក់រអួល និង​ខ្វះខាត​យ៉ាងខ្លាំង ដោយសារ​ប្រភព​អគ្គិសនី​ត្រូវ​នាំចូល​ពី​ប្រទេស​វៀតណាម​ហើយក៏​បាន ប្រើ​លើសពី​ចំនួន​គេ​ឯកភាព​លក់​ឱ្យ​យើង​។
​    ​
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​តាមរ​យៈ​អគ្គិសនី​កម្ពុជា​បានសម្រេច​ចិត្ត​ធ្វើការ វិនិយោគ​សាងសង់​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់ និង​អនុ​ស្ថានីយ​បញ្ជូន​ប្រភព​អគ្គិសនី​របស់​កម្ពុជា ផ្ទាល់​ពី​ភ្នំពេញ​ទៅ កាន់​ខេត្ត​ទាំង​២​ដើម្បី​ជំនួស​ការទិញ​ប្រភព​អគ្គិសនី​ពី​ប្រទេស​វៀតណាម​។ ឥឡូវនេះ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​បាន​សាងសង់​រួច និង​ដាក់ឱ្យ​ដំណើរ ការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៩ ខែមេសា ហើយ​ដែរ​។​
​    ​
​ក្រៅពី​ខេត្តព្រៃវែង និង​ស្វាយរៀង រាជរដ្ឋាភិបាល តាមរយៈ ក្រសួង​រ៉ែ និង​ថាមពល​និង​អគ្គិសនី កម្ពុជា ក៏បាន​ពង្រីក​ខ្សែបណ្តាញ​បញ្ជូន អគ្គិសនី​ទៅកាន់​ខេត្ត​ជាច្រើន​ផ្សេងទៀត​ដោយ​តាម ផែនការអភិវឌ្ឍន៍ “​បណ្តាញ​ជាតិ​” រហូតដល់​ឆ្នាំ​២០២០​។ “​បណ្តាញ​ជាតិ​” មាន​ហេដ្ឋារចនាសម្ព័ន្ធ សំខាន់​៣ គឺ​អនុ​ស្ថានីយ​បណ្តាញ​បញ្ជូន​តង់ស្យុង​ខ្ពស់ និង​មជ្ឈមណ្ឌល​បញ្ជា​។ ការអភិវឌ្ឍ “​បណ្តាញ​ជាតិ​” មាន​ទិសដៅ​សំខាន់​៣ គឺ ១.​បើក ឱកាស​អភិវឌ្ឍន៍ និង​ភ្ជាប់​ប្រភព​អគ្គិសនី បញ្ចូល​ក្នុង​ប្រព័ន្ធ​រួម​ទូទាំងប្រទេស ,២.​ពង្រីក​អនុ​ស្ថានីយ និង​បណ្តាញ​បញ្ជូន​ប្រភព​អគ្គិសនី​រួម​នេះ ទៅឱ្យ រាជធានី​/​ខេត្ត និង​៣.​គ្រប់គ្រង និង​បញ្ជាការ​ដំណើរការ​ប្រភព​អគ្គិសនី និង​បែងចែក ប្រភព​អគ្គិសនី​នេះ ទៅកាន់​តំបន់​នានា​ឱ្យបាន​ឆាប់រហ័ស មាន​ស្ថិរភាព និង​សុវត្ថិភាព​។
​    ​
​ចំណែក​គោលដៅ​នៃ​ការអភិវឌ្ឍ “​បណ្តាញ​ជាតិ​” ដល់​ឆ្នាំ​២០២០ ត្រូវ​ពង្រីក​ខ្សែបណ្តាញ​បញ្ជូន អគ្គិសនី​ទៅកាន់​ខេត្ត​ទាំង​២៤​ទូទាំងប្រទេស ដោយ​អគ្គិសនី​កម្ពុជា​ប្រើប្រាស់​ប្រភព​អគ្គិសនី ក្នុងស្រុក ដែល​បានមកពី​ស្ថានីយ​វា​រី​អគ្គិសនី រោងចក្រ​អគ្គិសនី​ជីវម៉ាស រោងចក្រ​អគ្គិសនី​ដំណើរ ការ​ដោយ​ប្រេង​ខ្មៅ រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម ព្រមទាំង ប្រភពពី​ក្រៅប្រទេស​។​
​    ​
​ដោយ​រំលឹក​ឡើងវិញ​អំពី​ស្ថានភាព​នៃ “​បណ្តាញ​ជាតិ​” នៅ​ចុងឆ្នាំ ២០១៦ ត្រូវបាន​អាជ្ញាធរ​អគ្គិសនី កម្ពុជា​ប្រកាសថា ក្រៅពី​បាន​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អគ្គិសនី​តង់ស្យុង​ខ្ពស់​ប្រទេស​វៀតណាម ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អគ្គិសនី តង់ស្យុង​ខ្ពស់​ប្រទេស​ថៃ និង​ភ្ជាប់​ជាមួយ​ប្រភព​វា​រី​អគ្គិសនី នៅ​តំបន់​កំពង់ស្ពឺ កោះកុង និង​ពោធិ៍សាត់ ប្រភព​វា​រី​អគ្គិសនី​នៅ​តំបន់​ជួរ​ភ្នំ​គិរី​រម្យ និង​ជួរ ភ្នំ​កំចាយ ព្រមទាំង​ភ្ជាប់​ជាមួយ​ប្រភព​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​នាំចូល នៅ​ខេត្ត​ព្រះសីហនុ​។ ការផ្គត់ផ្គង់ អគ្គិសនី​របស់ “​បណ្តាញ​ជាតិ​” នេះ បាន​គ្របដណ្តប់​ផ្ទាល់​លើ​រាជធានី​/​ខេត្ត ចំនួន​១៤​គឺ ភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម និង​ខេត្តកោះកុង រួចហើយ និង​បាន​បញ្ជូនទៅ​ជួយ ខេត្ត​ចំនួន​៤​ទៀត គឺ ត្បូងឃ្មុំ ព្រៃវែង កំពង់ធំ និង​ខេត្ត ប៉ៃលិន​។​
​    ​
​របាយការណ៍​ក៏បាន​បង្ហាញថា បណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ ដែល​កំពុងដំណើរការ​គិត​ត្រឹម បំណាច់​ឆ្នាំ​២០១៦ គឺមាន​អនុ​ស្ថានីយ ២៥ គ្របដណ្តប់​ផ្ទាល់ ១៤ ខេត្ត និង​មិនផ្ទាល់ ៤ ខេត្ត កំពុងដំណើរការ​ក្នុងនោះ រួមមាន ១-​ប្រព័ន្ធ​ភូមិភាគ​ខាងត្បូងៈ មាន​អនុ​ស្ថានីយ ១២ ( នៅ​ភ្នំពេញ ៦ នៅ​តាកែវ ១ នៅ​កំពង់ស្ពឺ ១ នៅ​កំពត ២ និង​នៅ​ព្រះសីហនុ ២ ) ,២-​ប្រព័ន្ធ​ភូមិភាគ​ខាង​លិ​ចៈ មាន​អនុ​ស្ថានីយ ៥ កន្លែង ( នៅ​ប៉ោយប៉ែត ១ នៅ​បាត់ដំបង ១ នៅ​បន្ទាយមានជ័យ ១ និង​នៅ​សៀមរាប ២ ( បន្ថែម​ថ្មី​១), ៣-​ប្រព័ន្ធ​ភ្ជាប់​ភូមិភាគ​ខាងត្បូង និង​ភូមិភាគ​ខាង​លិ​ចៈ មាន​អនុ​ស្ថានីយ ៥ ( នៅ​កំពង់ឆ្នាំង ១ នៅ​ពោធិ៍សាត់​២ បន្ថែម​នៅ​បាត់ដំបង ១ និង​នៅ​កោះកុង តា​តៃ ១​កន្លែង​ទៀត ) ,៤-​ប្រព័ន្ធ​ត​ភ្ជាប់​ភ្នំពេញ​-​កំពង់ចាមៈ មាន​អនុ​ស្ថានីយ ២ កន្លែង ( បន្ថែម​នៅ​ភ្នំពេញ ១ កន្លែង និង​មាននៅ​កំពង់ចាម ១ កន្លែង ), ៥-​ព្រំដែន​ឡាវ​-​ស្រុក​ឆែប ខេត្តព្រះវិហា​រៈ មាន​អនុ​ស្ថានីយ ១ កន្លែង នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ (​សាងសង់​រួច​តែ ដំណើរការ ៣៥​គីឡូវ៉ាត់  ជា​បណ្តោះអាសន្ន )​។​
​    ​
​ដោយឡែក​បណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ ដែល​កំពុង​សាងសង់ និង​កំពុង​រៀបចំ​សាងសង់ មាន​ចំនួន ៩ គម្រោង ដែល​បន្ថែម​អនុ​ស្ថានីយ ចំនួន ១៩ ផ្សេងទៀត គ្របដណ្តប់​ផ្ទាល់ ២៥ ខេត្ត​/​ក្រុង ក្នុងនោះ រួមមាន​១-​បណ្តាញ​កំពង់ចាម​-​ក្រចេះ​-​ស្ទឹងត្រែង​, ស្ទឹងត្រែង​-​រតនគិរី និង​បណ្តាញ ក្រចេះ​-​មណ្ឌលគិរី​,២-​បណ្តាញ​ព្រះសីហនុ​-​ចម្ការ​ហ្លួង​, ចម្ការ​ហ្លួង​-​ភ្នំពេញ​, ៣-​បណ្តាញ​ភ្នំពេញ​-​ព្រៃវែង​-​ស្វាយរៀង​, ៤-​បណ្តាញ​កំពង់ចាម​-​កំពង់ធំ​-​សៀមរាប​-​បាត់ដំបង​, ៥-​បណ្តាញ​កំពង់ធំ​-​ព្រះវិហារ ( ស្រុក​ឆែប ),៦-​បណ្តាញ​បំបែក​ក្រឡាញ់​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ​, ៧-​បណ្តាញ​ក្រុង កំពង់ចាម​-​ព្រែក​ប្រសព្វ ( ក្រចេះ ), ៨-​បណ្តា​ញស្រុក​ស្រែអំបិល​-​ស្រុក បទុម​សាគរ និង​បណ្តាញ​បន្ថែម​នៅ​ទី​រួម​ខេត្ត ក្នុង​ខេត្តកោះកុង និង​៩-​បណ្តាញ​បាត់ដំបង​-​ប៉ៃលិន​។​
​    ​
​បើតាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានប្រកាសថា ការភ្ជាប់​អគ្គិសនី​ឱ្យ​ទីតាំង​ប្រើប្រាស់​សរុប បាន​កើនឡើង​ពី ១.៧៥៩.៧៩៧ ទីតាំងនៅ​ឆ្នាំ​២០១៥ មក ២.១៥៩.៣២៤​ទីតាំងនៅ​ចុងឆ្នាំ ២០១៦​ដែល​នៅ​ក្នុងនោះ បើ​គិតតែ​ពី​ការភ្ជាប់​អគ្គិសនី​ឱ្យ​គេហដ្ឋាន​ប្រជាពលរដ្ឋ​សុទ្ធសាធ ក៏បាន​កើនឡើង​ពី ១.៥៧០.០០០ ខ្នង​ផ្ទះ ត្រូវជា ៤៩,៣៧​ភាគរយ នៃ​ចំនួន​ផ្ទះ​សរុប​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៥ មក ១.៩១០.០០០ ខ្នង​ផ្ទះ ត្រូវជា ៥៨,២៣​ភាគរយ​នៃ​ចំនួន ផ្ទះ​សរុប​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៦​។​
​    ​
​របាយការណ៍​បន្តថា ក្នុងចំណោម​អ្នកប្រើប្រាស់​អគ្គិសនី​ទូទាំង ប្រទេស ២,១៦ លាន​នាក់ គឺមាន​អ្នកប្រើប្រាស់​១,៨៦ លាន​នាក់ ត្រូវជា ៨៦,១៥​ភាគរយ​ទទួលបាន​ការផ្គត់ផ្គង់ ពី​បណ្តាញ​ជាតិ​ផ្ទាល់ និង​បាន​បន្ថយ ថ្លៃ​តាម​ផែនការ​បន្ថយថ្លៃ​របស់​រាជរដ្ឋាភិបាល នៅសល់​អ្នកប្រើប្រាស់​ចំនួន ២៤.១៧៧​នាក់​ត្រូវជា​១,១២​ភាគរយ​ដែល​ផ្គត់ផ្គង់​ពី​បណ្តាញ ជាតិ​ដោយ ប្រយោល និង​ដោយ​បណ្តោះអាសន្ន​នោះ​ទទួលបាន​ការបន្ថយ​ថ្លៃ​ខ្លះ​ជា បណ្តោះអាសន្ន​ប៉ុណ្ណោះ មិនទាន់បាន​ពេញលេញ​ដូច​តំបន់​ផ្គត់ផ្គង់​ពី​បណ្តាញ ជាតិ​ផ្ទាល់​ទេ ។​
​    ​
​ក្រៅពី​ផែនការ​ពង្រីក​បណ្តាញ​បញ្ជូន​អគ្គិសនី​ខាងលើនេះ ក្រសួង​រ៉ែ និង​ថាមពល​ព្រមទាំង​អគ្គិសនី កម្ពុជា ក៏បាន​អនុវត្តន៍​តាម​បញ្ជី​ថ្លៃ លក់​ថ្មី ដោយ​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៧ តាម​អនុសាសន៍ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ នោះ​គឺ​អ្នកប្រើប្រាស់​ភ្លើង អគ្គិសនី ក្រោម ១០ គីឡូវ៉ាត់ម៉ោង ក្នុង​១​ខែ ថ្លៃ ៤៨០ រៀល ក្នុង ១ គីឡូវ៉ាត់ ម៉ោង​អ្នកប្រើប្រាស់​ភ្លើង អគ្គិសនី ក្រោម ៥០ គីឡូវ៉ាត់ម៉ោង ក្នុង​១​ខែ ថ្លៃ ៦១០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង និង​ចាប់ពី ៥១ គីឡូវ៉ាត់ម៉ោង ឡើងទៅ ក្នុង​១​ខែ ថ្លៃ ៧៩០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង​។
​    ​
​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​នេះ ត្រូវ​អនុវត្តន៍​ទាំង​នៅ​ភ្ជាប់​បណ្តាញ ជាតិ ( ភ្លើង​រដ្ឋ​ជាមួយ អគ្គិសនី​កម្ពុជា ) រួមទាំង​បណ្តាញ​ក្រុមហ៊ុន​ឯកជន (​ភ្លើង ឯកជន ) សម្រាប់​អនុវត្តន៍​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០​។ ក្នុងនោះ ក្រសួង​រ៉ែ និង​ថាមពល​ព្រមទាំង​អគ្គិសនី​កម្ពុជា​បាន​ជួបប្រជុំ​ជាមួយ បន្តបន្ទាប់​ជាមួយ ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ឯកជន តាម​តំបន់​ខេត្ត​ស្រុក​នានា ដើម្បី​ឱ្យមាន ការ​ចុះថ្លៃ​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដើម្បី​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ​។​
​    ​
​ដូច្នេះ ក្រោម​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​នូវ​បណ្តាញ​ខ្សែ​បញ្ជូន​អគ្គិសនី ពី​ភ្នំពេញ ឬ​ពី​តំបន់​វា​រី​អគ្គិសនី និង​ប្រភព​អគ្គិសនី​ពី​ក្រៅប្រទេស​ទៅកាន់ បណ្តា​ខេត្ត​នានា គឺ​ចាប់ពី​ខែមេសា​នេះ​តទៅ តម្លៃ​អគ្គិសនី​បាន​ចុះថ្លៃ​។ ក្នុងនោះ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២០​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី ក៏​នឹង​ទៅដល់ គ្រប់​ខេត្ត​/​រាជធានី​ទូទាំងប្រទេស​។ នៅពេលនោះ គ្រប់​ភូមិ គ្រប់​ផ្ទះ នឹងមាន ចរន្តអគ្គិសនី​ប្រើប្រាស់ ភ្លើង​ភ្លឺ​ចិញ្ចាច​នៅពេល​យប់​គ្រប់ៗ​ផ្ទះ​។ រីឯ​តម្លៃ​ភ្លើងអគ្គិសនី​ទាំងនោះ ទៀតសោត ក៏​នឹង​ចុះថ្លៃ ដូចនឹង​តម្លៃ​អគ្គិសនី​រដ្ឋ​នាពេល សព្វថ្ងៃ​ដែរ​។ ការអភិវឌ្ឍ​ផ្នែក​អគ្គិសនី​ដូច្នេះ ក៏​ដោយសារតែ​ប្រទេស​យើង​មាន​សុខ សន្តិភាព ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ ដូច្នេះ​យើង​ត្រូវ​ថែរក្សា សន្តិភាព​នេះ ដើម្បី​រាជរដ្ឋាភិបាល​មានឱកាស​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​ក្នុង​ប្រយោជន៍​បម្រើឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ៕


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px