Apple បញ្ចេញ iPhone X អេក្រង់ OLED ៥,៨ អ៊ី​ញ បំពាក់​កម្មវិធី Face ID និង​គ្មាន​ប៊ូ​តុង Home

170

​បន្ទាប់ពី​ការរំពឹងទុក​ជាច្រើន​ខែ​ចុង​ក្រោយនេះ ទីបំផុត​ក្រុមហ៊ុន Apple បានបង្ហាញ​ទូរស័ព្ទ iPhone គម្រប់​ខួប ១០ ឆ្នាំ​របស់ខ្លួន ហៅថា iPhone X​។​

​ទូរស័ព្ទ iPhone X តម្លៃ ៩៩៩ ដុល្លារ​នៅ​ចក្រភព​អង់គ្លេស​នេះ មាន​អេក្រង់​ពេញ​ដល់​គែម​ទាំង​បួន​ជ្រុង ជាមួយ​ពណ៌​ស្អាត​ជាង​មុន និង​កម្មវិធី​សម្គាល់​មុខ ហៅថា Face ID ដែល​អនុញ្ញាតឱ្យ​អ្នក​ប្រើ​អាច​ដោះ​សោ​ទូរស័ព្ទ​ដោយ​មិនចាំបាច់​ប្រើ​ម្រាមដៃ​ម្រាមដៃ ឬ​ចុច​លើ​ប៊ូ​តុង Home ។​

​ក្រុមហ៊ុន Apple ក៏បាន​បង្ហាញ​ទូរស័ព្ទ iPhone 8 និង iPhone 8 Plus ថ្មី​រួមជាមួយ​ការធ្វើឱ្យ​ប្រសើរឡើង​ទៅលើ​នាឡិកា Apple Watch និង​ទូរទស្សន៍ Apple TV កម្រិត HD ខ្ពស់​ជាមុន​ផងដែរ​។​

​លោក ធី​ម ឃុ​គ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Apple បាន​ឡើងលើ​ឆាក​នៃ​រោង​មហោស្រព Steve Jobs នៅឯ​បរិវេណ​យានអវកាស​ថ្មី​របស់​អគារ Apple Park ដែល​គេ​ចាត់ទុកថា​ជា​ផលិតផល​ចុងក្រោយ​រចនា​ដោយ​លោក​ចប ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ ២០១១ ។​

​គាត់​បានចាប់ផ្តើម​ជាមួយ​ការ​ឧទ្ទិស​ដល់​លោក ស្ទី​វ ចប យ៉ាង​ដូច្នេះ “​វា​សមតែ លោក​ស្ទី​វ ចប ទេ​ដែល​គួរតែ​បើក​សម្ភោ​ធ​មហោស្រព​របស់គាត់ ។ មិនមាន​ថ្ងៃ​ណាមួយ ដែល​យើង​មិន​គិតពី​គាត់​នោះឡើយ ការចងចាំ​បាន​វិលត្រឡប់​មកវិញ​ភ្លាមៗ​នៅពេល​យើង​ត្រៀមខ្លួន​សម្រាប់​ថ្ងៃនេះ​។ វា​បាន​ចំណាយ​ពេលវេលា​ច្រើន ប៉ុន្តែ​ឥឡូវនេះ​យើង​អាច​ឆ្លុះបញ្ចាំង​ដោយ​សេចក្តី​អំណរ​ជំនួស​ឱ្យ​សេចក្តី​ទុក្ខព្រួយ​។ យើង​ឧទ្ទិស​មហោស្រព​នេះ ពីព្រោះ​យើង​ស្រឡាញ់​គាត់ ហើយ​គាត់​ស្រឡាញ់​ថ្ងៃ​ដូច្នេះ ដូចគ្នា​។ យើង​មក​ទីនេះ​នៅថ្ងៃនេះ​ដើម្បី​និយាយ​អំពី​ផលិតផល​ដ៏​មិន​គួរឱ្យ​ជឿ​មួយចំនួន​”​។​

​ទូរស័ព្ទ iPhone X

​ដោយបាន​បង្ហាញ​ពី​ឧបករណ៍​ថ្មីៗ​ជាច្រើន​អំឡុង​ការធ្វើ​បទ​បង្ហាញ លោក ធី​ម ឃុ​គ បានបង្ហាញ iPhone X ដែល​គេ​រង់ចាំ​យ៉ាង​អន្ទះសារ (​អាច​និយាយ​ម្យ៉ាង​ទៀតថា iPhone Ten)​។​

​លោក ឃុ​គ និយាយថា “​យើង​មិន​ឈប់​នៅ​ទីនោះ​ទេ យើង​មាន​របស់​មួយទៀត​។ ក្រុម​របស់​យើង​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​អស់​ជាច្រើន​ឆ្នាំ​ទៅលើ​អនាគត​ស្មា​ត​ហ្វូ​ន​នេះ​។ ឥឡូវ ១០ ឆ្នាំ​ក្រោយមក វា​សមតែ​យើង​នៅទីនេះ នៅ​កន្លែង​នេះ នៅថ្ងៃនេះ ដែល​នឹង​កំណត់​ផ្លូវ​សម្រាប់​បច្ចេកវិជ្ជា​នៅ​ទសវត្សរ៍​ក្រោយ​”​។​

​បន្ទាប់មក វីដេអូ​មួយ​បានបង្ហាញ iPhone X កំពុងដំណើរការ​។​

​លោក ហ្វីល ស៊ី​ល​ល័​រ អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​ពិភពលោក​នៅ Apple បាន​ពន្យល់ថា “​ទូរស័ព្ទ​នេះ​មាន​អេក្រង់​ពេញ​ផ្ទៃ​ខាងមុខ​ទាំងអស់ វា​ស្អាត មិនគួរ​ឱ្យ​ជឿ​។ មិនដែល​មាន​អ្វី​ដូច​វា​ឡើយ​”​។​

​ទូរស័ព្ទ​នេះ​មាន​កញ្ចក់​ទាំងមុខ​និង​ផ្នែក​ខាងក្រោយ ជាមួយនឹង​គែម​ជុំវិញ​ធ្វើ​ពី​ដែក​អ៊ី​ណុ​ក ក៏ដូចជា​អេក្រង់​គ្មាន​គែម​ដ៏​ល្អឥតខ្ចោះ​ផងដែរ​។​

​ទូរស័ព្ទ iPhone នេះ​នឹងមាន​ការការពារ​ចូល​ធូលី​និង​មិន​ជ្រាប​ទឹក​នៅ​កម្រិត​អតិសុខុមទស្សន៍​ដ៏​ពិសេស​។​

​ទូរស័ព្ទ iPhone X មាន​អេក្រង់​ថ្មី​ទាំងស្រុង ដែល​គេ​ហៅថា “Super Retina Display” ។​

​នៅលើ​អង្កត់ទ្រូង អេក្រង់​មាន​ទំហំ ៥,៨ អ៊ី​ញ ដែលមាន​ភិ​ច​សែ​ល​ជាង​ពីរលាន ពោលគឺ​ភាព​ដិត​ច្បាស់​ខ្ពស់បំផុត និង​ដង់ស៊ីតេ​ភិ​ច​សែ​ល​ខ្ពស់​មិន​ធ្លាប់មាន​នៅក្នុង​ទូរស័ព្ទ iPhone ។​

​វា​ក៏មាន​អេក្រង់​ប្រភេទ OLED ផងដែរ​។​

​លោក ស៊ី​ល​ល័​រ និយាយថា “​អេក្រង់​នេះ​គឺជា​ចំណុច​សំខាន់​នៃ​បច្ចេកវិជ្ជា​នេះ​។ វា​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើ​និង​មាន​ភាព​ច្នៃប្រឌិត​ជាង​មុន​” ។​

​ជាមួយនឹង​ទូរស័ព្ទ​នេះ អ្នកប្រើប្រាស់​នឹង​អាច​លើក​វា​ដើម្បី​បើក​ឱ្យ​វា​ភ្ញាក់ឡើង ឬ​អូស​ដៃ​លើ​អេក្រង់​ដើម្បីឱ្យ​ទូរស័ព្ទ​ចេញ​ពន្លឺ ពីព្រោះ Apple បាន​ដក​ប៊ូ​តុង Home ចេញ​បាត់​ហើយ​។​

​ឥឡូវនេះ​ដើម្បី​ចូល Home Screen អ្នក​ប្រើ​ត្រូវ​អូស​ម្រាមដៃ​ពីក្រោម​អេក្រង់​ឡើងលើ​វិញ​។​

​លោក​ស៊ី​ល​ល័​រ​និយាយថា “​យើង​ក៏​ប្រើ​ប៊ូ​តុង Home សម្រាប់ Siri ដែរ ប៉ុន្តែ​តើ​អ្នកធ្វើ​វា​យ៉ាងម៉េច​ទៅ​ឥឡូវនេះ​? ឥឡូវ​អ្នក​អាច​ចុច​ប៊ូ​តុង​នៅ​គែម ដែល​ត្រូវបាន​ធ្វើឱ្យ​ធំ​ជាង​មុន ហើយ​និយាយ​ជាមួយ Siri”​។

​ដើម្បី​ដោះ​សោ​ទូរស័ព្ទ អ្នក​ប្រើ​អាច​ប្រើការ​ស្គាល់មុខ​ដែល Apple ហៅ Face ID​។​

​លោក ស៊ី​ល​ល័​រ និយាយថា “​គ្មានអ្វី​សាមញ្ញ​ដូច​មុន​ទៀត​ទេ​។ នេះ​គឺជា​អនាគត​នៃ​របៀប​ដែល​យើង​នឹង​ដោះ​សោ​ទូរស័ព្ទ​របស់​យើង​”​។

​ប្រព័ន្ធ​កាមេរ៉ា​ថ្មី TrueDepth រួមបញ្ចូល​កាមេរ៉ា​អ៊ី​ន​ហ្វ្រា​រ៉េដ និង​បច្ចេកវិជ្ជា​ថ្មី​ផ្សេងទៀត​។​

Face ID នឹង​ពិនិត្យ​មើលមុខ​របស់​អ្នក ដូច្នេះ​រាល់ពេល​ដែល​អ្នក​សម្លឹង​មើល​ទូរស័ព្ទ iPhone វា​នឹង​រកមើល​មុខ​របស់​អ្នក សូម្បីតែ​នៅ​ទី​ងងឹត​ក៏ដោយ​។​

​វា​ដំណើរការ​ដោយ​ការដាក់​បញ្ចាំង​នូវ​អ៊ី​ន​ហ្វ្រា​រ៉េដ​នៅលើ​មុខ​របស់​អ្នក ដែល​ផ្តល់ព័ត៌មាន​ត្រឡប់​ចូលទៅក្នុង​កុំព្យូទ័រ AI ដើម្បី​បង្កើត​គំរូ​នៃ​មុខ​របស់​អ្នក និង​ពិនិត្យ​ផ្ទៀងផ្ទាត់​វា​ជាមួយនឹង​ម្ចាស់​វា​។​

​គួរ​បញ្ជាក់ថា ទាំង iPhone X និង iPhone 8 មានតម្លៃ​ដូចគ្នា ពោលគឺ សម្រាប់​អង្គ​ចងចាំ ៦៤ GB មានតម្លៃ ៩៩៩ ដុល្លារ និង អង្គ​ចងចាំ ២៥៦ GB មានតម្លៃ ១១៤៩ ដុល្លារ​៕ ដោយ៖​កញ្ញាដាលីស