Apple បញ្ឈប់​កម្មវិធី iTunes បន្ទាប់ពី​បង្កើតឡើង​អស់​រយៈពេល ១៨ ឆ្នាំ​

898
ចែករម្លែក

​ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួន​នឹង​បញ្ឈប់​កម្មវិធី iTunes នៅក្នុង​កុំព្យូទ័រ​ថ្មី​របស់ខ្លួន​ម៉ាក MacOS 10.15 Catalina ក្នុងអំឡុង​សុន្ទរកថា​សំខាន់​នៅក្នុង​សន្និសីទ​របស់​ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី​ប្រចាំឆ្នាំ​របស់ខ្លួន​ហៅថា WWDC​។​

​កម្មវិធី iTunes ដែលមាន​អាយុ ១៨ ឆ្នាំ នឹងត្រូវ​បំបែកចេញ​ជា​៣ កម្មវិធី គឺ Apple Music, Apple TV និង Apple Podcasts នៅពេលដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​សម្រាប់​កុំព្យូទ័រ​របស់ Apple អាច​រកបាន​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខ​ឬ​នៅ​ខែកញ្ញា​។​

​ដោយបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០១ កម្មវិធី iTunes ត្រូវបានគេទទួលស្គាល់​ចំពោះ​ការនាំមក​នូវ​យុគសម័យ​ថ្មី​នៃ​ការ​ដោ​ន​ឡូត​បទ​ចម្រៀង​បង់លុយ នៅ​គ្រា​ដែល​ការ​ដោ​ន​ឡូត​ចម្រៀង​និង​ការ​ចែកចាយ​ខុសច្បាប់​កំពុង​រីក​រាលដាល​ទប់​មិន​ឈ្នះ​។​

​ទោះយ៉ាងណា ពេលវេលា​បាន​ផ្លាស់ប្តូរ​។ អ្នកប្រើប្រាស់​កាន់តែច្រើន​ពេញចិត្ត​ក្នុង​ចាក់​ស្តាប់​តន្ត្រី​តាម​អន​ឡាញ​ជាជាង​ដោ​ន​ឡូត​តន្ត្រី​ចូលទៅក្នុង​ឧបករណ៍​របស់​ពួកគេ​។​

​លោក ប្រាយ​អែន ម៉ា អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ​នៃ​ក្រុមហ៊ុន IDC បាន​និយាយថា ការចាក់​ស្តាប់​តន្ត្រី​តាម​អន​ឡាញ​មានគុណ​សម្បត្តិ​ច្រើន​ព្រោះ​អាច​ចូលទៅ​រាវ​រកមើល​ប្រភេទ​តន្ត្រី​ដ៏​ច្រើន​សម្បូរបែប ដោយ​មិនចាំបាច់​ទិញ​ទុក​ស្តាប់​ផ្ទាល់ខ្លួន​ដូច​មុន​។​

​លោក​ម៉ា​បាន​ពន្យល់ថា ការចាក់​ស្តាប់​តន្ត្រី​តាម​អ៊ី​ន​ធឺ​ណេ​ត​បាន មានន័យថា អ្នក​ប្រើ​មិនចាំបាច់​ផ្ទេរ​តន្ត្រី​ពី​ឧបករណ៍​មួយ​ទៅ​ឧបករណ៍​មួយទៀត​នោះឡើយ​។​

​យោងតាម​របាយការណ៍​របស់​សមាគម​ឧស្សាហកម្ម​តន្ត្រី​អាម៉េរិក (Riaa) ឆ្នាំ ២០១៨ បាន​បង្ហាញថា ការចាក់​ស្តាប់​តន្ត្រី​តាម​អន​ឡាញ​តំណាងឱ្យ ៧៥ ភាគរយ​នៃ​ប្រាក់ចំណូល​ឧស្សាហកម្ម​តន្ត្រី​អាម៉េរិក​កាលពី​ឆ្នាំមុន​។ បើ​ប្រៀបធៀប ការ​ដោ​ន​ឡូត​តន្ត្រី​ឌីជីថល​គឺ​រួមចំណែក​តែ ១១ ភាគរយ​ប៉ុណ្ណោះ​។​

​កម្មវិធី Apple Music ថ្មី​នឹង​រក្សា​នូវ​លក្ខណៈពិសេស​មួយចំនួន​របស់ iTunes ដូចជា​ការទិញ​តន្ត្រី​និង​ការធ្វើ​សម​កាល​កម្ម​ឧបករណ៍ iOS៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួន​នឹង​បញ្ឈប់​កម្មវិធី iTunes
#