Asian Games : កូរ៉េខាងត្បូង​ផ្តួល​វៀតណាម ៣-១ ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ប៉ះ​ជប៉ុន ស្របពេល​ហុង​មីន​ស៊ុន​ត្រូវការ​មេដាយមាស​ទើប​រួចផុត​កាតព្វកិច្ច​យោធា​

1104
ចែករម្លែក

​កីឡាករ ហុង​មីន ស៊ុន របស់​ក្រុម Tottenham Hotspur បាន​លេង​ជា​ប្រធាន​ក្រុម ខណៈ​កូរ៉េខាងត្បូង​បាន​ផ្តួល​វៀតណាម ៣-១ ដើម្បី​ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Asian Games កាលពី​ថ្ងៃ​ពុធ​ទី​២៩​សីហា​។​

​តារាបាល់ទាត់​ពិភពលោក ដែល​បាន​ខកខាន​ការចាប់ផ្តើម​រដូវ​កាល​ក្របខ័ណ្ឌ Premier League ដើម្បី​តំណាងឱ្យ​ប្រទេស​របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ឥឡូវនេះ​គឺ​នៅសល់តែ ៩០ នាទី​ទៀត​ប៉ុណ្ណោះ​ពី​ការដណ្តើម​មេដាយមាស ដែល​នឹង​ធ្វើឱ្យ​រូបគេ​រួច​ផុតពី​កាតព្វកិច្ច​យោធា ដែល​កំពុង​គំរាមកំហែង​អាជីព​បាល់ទាត់​នៅ​លី​ក​កំពូល​អង់គ្លេស​។​

​ដោយ​បដិសេធ​និយាយ​អំពី​ប្រធានបទ​កាតព្វកិច្ច​យោធា ហុង​មីន​ស៊ុន​បាន​និយាយថា “​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ ខ្ញុំ​មិន​គិតថា​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ផ្សេង​នោះទេ​។ យើង​កាន់តែ​ខិតជិត​ទៅរក​ការ​ឈ្នះ​មេដាយមាស​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ ហើយ​យើង​នឹង​តស៊ូ​ដើម្បី​វា​”​។​

​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ពី​សំណាក់​កីឡាករ លី សឹង​វូ និង​១​គ្រាប់​ទៀត​ពី​ខ្សែប្រយុទ្ធ​ស៊ុត​មិន​សំចៃ​ជើង វ៉ាង អ៊ីវ​ចូ បាន​បញ្ជូន​កីឡាករ​កូរ៉េខាងត្បូង​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ចុង​សប្ដាហ៍​នេះ កន្លែង​ដែល​ពួកគេ​នឹងត្រូវ​ប៉ះ​នឹង​គូប្រជែង​ដ៏​ខ្លាំង​គឺ​ជប៉ុន ខណៈដែល​ពួកគេ​កំពុង​តាម​ប្រមាញ់​ពាន Asian Games លើក​ទី​៥ បន្ទាប់ពី​ផ្តួល​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ១-០៕ ដោយ៖ កញ្ញាដាលីស

ហុង​មីន​ស៊ុន​ត្រូវការ​ឈ្នះ​វគ្គ​ផ្តាច់ព្រ័ត្រ​ឱ្យបាន​ដើម្បី​រួចផុត​កាតព្វកិច្ច​យោធា