B-52​ហោះ​ល្បាត​លើ​សមុទ្រ​ចិន​ខា​ត្បូង​ជា​លើក​ទី​២​ក្នុង​ខែមីនា​

524
ចែករម្លែក
  • 247
    Shares

​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​២​គ្រឿង​ធុន​B-52​បាន​ហោះ​ល្បាត​លើ​សមុទ្រ​ចិន​ខាងត្បូង​លើក​ទី​២​ក្នុង​រយៈពេល​១០​ថ្ងៃ​មកនេះ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​បញ្ជាការ​​ប៉ាស៊ីហ្វិក​របស់​កងទ័ព​អាកាស​អាមេរិក​។​

​សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ​ទី​១៣​មីនា បាន​និយាយថា​« យន្តហោះ​B-52H Stratofortress ចំនួន​២​គ្រឿង​បាន​ចាកចេញ​ពី​មូលដ្ឋាន​Andersen Air Force Base​នៅ​​កោះ​ហ្កាំ និង​បាន​ធ្វើ​ការហ្វឹកហាត់​តាម​ធម្មតា​នៅ​បរិវេណ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​១៣​មីនា ឆ្នាំ​២០១៩ មុន​វិល​មក​កាន់​មូលដ្ឋាន​វិញ​»​។​

​បេសកកម្ម​កាលពី​ថ្ងៃ​ពុធ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​អាមេរិក​បញ្ជូន​B-52 ពីរ​គ្រឿង​មក​កាន់​តំបន់​សមុទ្រ​ចិន​ខាងកើត​និង​ខាងត្បូង​កាលពី​ថ្ងៃ​៤​មីនា​។​

​សមុទ្រ​ចិន​ខាងត្បូង​ជា​ឧបសគ្គ​មួយ​នៅក្នុង​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក ដែល​បាន​រិះគន់​ចិន​ថា​បញ្ជូន​សព្វាវុធ​ទៅ​ដាក់​នៅ​កម្រង​កោះ​ស្ព្រ៉ា​ត​លី តែ​ចិន​ថា​ការរិះគន់​របស់​​អាមេរិក​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។​

​អាមេរិក​មើលឃើញ​សមុទ្រ​នេះ​ជា​ផ្លូវទឹក​អន្តរជាតិ​និង​តែងតែ​ផ្គើន​នឹង​ការអះអាង​របស់​ចិន​ដោយ​បញ្ជូន​នាវា​និង​យន្តហោះ​មកកាន់​តំបន់​នេះ​សំរាប់​អ្វីដែល​ខ្លួន​និយាយថា ប្រ​​សេរីភាព​នាវាចរណ៍​និង​ការហោះហើរ​ក្នុង​ផ្លូវទឹក​និង​ដែនអាកាស​អន្តរជាតិ​។​

​សមុទ្រ​ចិន​ខាងត្បូង​និង​ខាង​កើតជា​ប្រភព​នៃ​ភាព​តានតឹង​សំរាប់​ចិន​និង​ប្រទេស​ជិតខាង​ខ្លួន​រួម​មាន​ជប៉ុន វៀតណាម​និង​ហ្វីលីពីន​ដោយសារ​ប្រទេស​ទាំង​នេះ​អះអាង​អធិប​​តេ​យ្យ​ភាព​ជាន់​គ្នា​ជាមួយចិន​៕​ដោយ​៖​វាសនា​