កាំជ្រួចមិនបំពាក់ក្បាលគ្រាប់ ត្រូវបានបំពាក់ភ្ជាប់នឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រB-52មួយដើម្បីកំណត់គុណភាពឌីណាម៉ិកអាកាសរបស់វា។កាំជ្រួចដែលត្រូវអាម៉េរិកបង្កើតឡើងដើម្បីឆ្លើយតបនឹងប្រព័ន្ធកាំជ្រួចលឿនជាងសម្លេងរបស់រុស្ស៊ីនិងចិន ពេលនេះមិនទាន់អាចហោះដោយខ្លួនឯងបានទេតែត្រូវរំពឹងថានឹងអាចដាក់អោយដំណើរការនៅត្រឹមឆ្នាំ២០២២ទៅ។
ក្រុមហ៊ុនLockheed Martinបានប្រកាសថាកងទ័ពអាកាសអាម៉េរិកបានសាកល្បងការហោះរបស់កាំជ្រួចលឿនជាងសម្លេងAGM-183A Air-Launched Rapid Response Weapon (ARRW)។
រដ្ឋាភិបាលអាម៉េរិកបានផ្តល់ប្រាក់៩២៨លានដុល្លារដល់ក្រុមហ៊ុនខាងលើដើម្បីផលិតសព្វាវុធវាយប្រហារធម្មតាតែលឿនជាងសម្លេង។
កាំជ្រួចលឿនជាងសម្លេង ជាប្រភេទកាំជ្រួចបណ្តែតណាមួយដែលអាចហោះនិងកលយុទ្ធក្នុងល្បឿនលឿនជាងសម្លេង៥ដង។ល្បឿនមហាលឿន បូកផ្សំនឹងការបាំងពពកក្នុងផ្លាស្មាក្តៅដែលស្រូបរលកសញ្ញារ៉ាដា ធ្វើអោយកាំជ្រួចប្រភេទនេះពិបាករ៉ាដាចាប់បាន។ចំណែកកាំជ្រួចផ្លោងក៏អាចហោះបានល្បឿននេះដែរតែ គន្លងហោះរបស់វាងាយនឹងត្រូវចាប់បានដែលងាយនឹងជាគោលដៅវាយស្ទាក់កំទេច។
បើតាមសារព័ត៌មានCNBCអាម៉េរិកកំពុងព្យាយាមតាមអោយទាន់រុស្ស៊ីនិងចិនក្នុងការអភិវឌ្ឍសព្វាវុធលឿនជាងសម្លេង។
កាំជ្រួចបណ្តែតបាញ់ចេញពីអាកាសធុនKinzhalរបស់រុស្ស៊ីត្រូវបានគេរាយការណ៍ថាត្រូវបានសាកល្បងយ៉ាងតិច៣ដងនិងត្រូវបានបំពាក់ភ្ជាប់និងបាញ់សាកចេញពីយន្តហោះMiG-31ចំនួន១២លើក។
កាលពីខែសីហាឆ្នាំមុន ចិនបានប្រកាសថាខ្លួនបានសាកល្បងដោយជោគជ័យ យន្តហោះលឿនជាងសម្លេងមួយ និងកាលពីខែមីនាឆ្នាំនេះ ប្រធានាធិបតីរុស្ស៊ី បានបញ្ចេញអោយដឹងថាសព្វាវុធទំនើបជាច្រើនកំពុងអភិវឌ្ឍ៕ដោយ៖វាសនា