CPP ៖ នៅ​ឆ្នាំ​២០២០​ប្រជាពលរដ្ឋ​៧៥​ភាគរយ​ទូទាំងប្រទេស នឹងមាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់​និង​តម្លៃ​ធូរ​

861
ចែករម្លែក

ដោយ ​: ពៅ និមល​/ ​ភ្នំពេញ ​: មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា (CPP)​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០២០​ខាងមុខ គ្រួសារ​ប្រជាពលរដ្ឋ​ជាង​៧៥% ទូទាំងប្រទេស នឹង​អាច​ប្រើប្រាស់​បណ្តាញ​អគ្គិសនី​ ដែលមាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ ដូច​បណ្តាញ​អគ្គិសនី​ជាតិ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ និង​ប្រកប​អាជីវកម្ម​ផ្សេងៗ​។​

​លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​មណ្ឌល​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ក្នុងឱកាស​ចុះ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ឃុំ​ក្រូច​និង​ឃុំ​គរ នៃ​ស្រុក​ព្រៃឈរ បានបញ្ជាក់​ជូន​ដល់​អ្នកចូលរួម​ប្រមាណ​៨០០​នាក់​បន្តថា អគ្គិសនី គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ច​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​កាត់បន្ថយ​ថ្លៃដើម​អគ្គិសនី​សម្រាប់​អ្នកប្រើប្រាស់​គ្រប់​ប្រភេទ និង​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ជាពិសេស​ពង្រឹង​ភាពជឿ​ទុកចិត្ត​ជាមួយ​វិសាលភាព​នៃ​ការផ្គត់ផ្គង់​បណ្តាញអគ្គីសនី​ទូទាំងប្រទេស​។​

​ជាមួយគ្នានេះ លោក​ប្រធាន​ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​-​សមាជិកា​ដែល​កន្លងមក តែង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​បានផ្តល់​យុត្តិធម៌​ជូន​CPP​។ លោក​ក៏បាន​ក្រើនរម្លឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមាជិក​-​សមាជិកា​ទាំងអស់​កុំ​ភ្លេច​នាំគ្នា​ទៅ​បោះឆ្នោត​កុំបី​ខាន​នា​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​ជូន​CPP ដើម្បី​ទទួលបាន​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៦ និង​នីតិកាល​បន្តបន្ទាប់​ទៀត​។​

​សូម​រម្លឹកថា កាលពីពេល​កន្លងទៅ​ក្នុង​កំឡុង​ដង្ហែ​ក្បូន​ឃោសនាបោះឆ្នោត សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​គោលនយោបាយ​ជាច្រើន​របស់​CPP​សម្រាប់​អនុវត្តន៍​បន្ត​នៅ​អាណត្តិ​ទី​៦ ក្នុងនោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​CPP នឹង​ព​ង្រី​ការផ្គត់ផ្គង់​អគ្គិសនី​ពី​បណ្ដាញ​ជាតិ​ឱ្យដល់​គ្រប់​ភូមិ​ទាំងអស់​នៅក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ និង​បន្ត​បញ្ចុះ​ថ្លៃ​អគ្គិសនី​ឲ្យ​បាន​សមរម្យ​ដើម្បី​ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវការ​អគ្គិសនី​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សម្រាប់​ប្រកប​អាជីវកម្ម​៕B