El Clasico យប់​នេះ តើ Barcelona ឬ Real Madrid ជា​អ្នក​ទឹកភ្នែក​?

430

បើកឆាក​រដូវ​កាល​ថ្មី​នៅ​អេ​ស្ប៉ា​ញ ក្រុម Barcelona និង Real Madrid ត្រូវ​ប៉ះគ្នា​ក្នុង​ពានរង្វាន់ Spanish Super Cup ជើង​ទី​១​នៅ​ម៉ោង​៣​ទាបភ្លឺ​ព្រឹកស្អែក​នេះហើយ​។​

​ម្ចាស់ផ្ទះ Barcelona នឹងត្រូវ​លេង​ប្រកួត​នេះ ដោយ​គ្មាន​វត្តមាន​កីឡាករ​ថ្មី​ជំនួស​តំណែង​របស់ Neymar នោះទេ ត្បិត​អី​ពួកគេ​មិនទាន់​រកបាន​នៅឡើយ​។ ក្រុម​អ្នកមាន​បុណ្យ​មួយ​នេះ នឹង​លេង​ក្រោម​បច្ចេកទេស​ថ្មី​របស់លោក Ernesto Valverde ហើយ​កីឡាករ​សំខាន់ៗ​ដូចជា Lionel Messi និង Suarez ជាដើម​នោះ សុទ្ធតែ​អាច​ចូល​លេង​បាន​ទាំងអស់​។ ខណៈដែល​តំណែង​របស់ Neymar ត្រូវបាន​គេ​មើលឃើញថា​អាច​នឹង Paco Alcacer ឬ Gerard Deulofeu ជា​អ្នក​ជំនួស​សិន​។​

​លោក Ernesto Valverde និយាយ​ចំពោះ​ទម្រង់​លេង​របស់ Real Madrid ថា​៖ “​នរណា​ក៏​ដឹងថា Madrid ជា​ក្រុម​ល្អ ពួកគេ​មាន​កីឡាករ​ល្អ​ច្រើន​។ ពួកគេ​ទើបតែ​ឈ្នះ​ពាន European Super Cup ដែល​លេង​បាន​យ៉ាង​ល្អ ប៉ុន្តែ​យើង​ត្រូវតែមាន​ទំនុកចិត្ត​លើ​ខ្លួនឯង ដើម្បី​ឈ្នះ​ពួកគេ​។ ខ្ញុំ​មិន​ផ្ដោតលើ​ប្រកួត​មិត្តភាព​ឡើយ ព្រោះ​វា​ខុសគ្នា​ជាមួយ​ការប្រកួត​ពេលនេះ​”​។​


​លោក Ernesto Valverde

​ចំពោះ​ក្រុម Real Madrid វិញ ក្នុង​ប្រកួត​នេះដែរ ពួកគេ​នឹង​អវត្តមាន​ខ្សែបម្រើ​សំខាន់​ម្នាក់ Luka Modric ដោយសារតែ​រូបគេ​ជាប់​បម្រាម​កាត​ក្រហម​។ ដូច្នេះ​ក្រុម​របស់លោក Zidane អាច​នឹង Mateo Kovacic មក​ជំនួស​។ ស្របពេល Cristiano Ronaldo វិញ ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ធម្មតា ប៉ុន្តែ​មិន​ច្បាស់​ថា​អាច​ចូល​លេង​បាន​ឬ​អត់​នោះទេ ព្រោះ​រូបគេ​សម្រាក​លំហែកាយ​យូរពេក ត្រូវការ​ពេល​ហ្វឹកហាត់​ប្រមូល​កម្លាំង​មកវិញ​។​


​លោក Zidane

​លោក Zidane បាន​និយាយ​ចំពោះ​ការប្រកួត​ដែរ​ថា​៖ “​ពួកគេ​បាន​ផ្លាស់ប្ដូរ​ច្រើន ប៉ុន្តែ Barcleona គឺ​នៅតែ Barcelona ដដែល​។ ពួកគេ​គ្មាន​ចំណុចខ្សោយ​ទេ យើង​ដឹង​ពី​របៀប​ដែល​ពួកគេ​លេង​។ យើង​លេង​ប្រកួត​នេះ​២​ប្រកួត នៅ​ដី​គេ​១​ប្រកួត​និង​ដី​យើង​១​ប្រកួត​។ អ្វីដែល​ខ្ញុំ​ចង់បាន គឺ​ខ្ញុំ​ចង់​លេង​ពានរង្វាន់​នេះ​តែ​១​ជើង​ប៉ុណ្ណោះ យកឈ្នះ​ចាញ់​តែម្ដង​”​។​

​ចំពោះ​ជម្រើស​១១​នាក់​ដំបូង​វិញ​អាចជា​៖

  • FC Barcelona ៖ Ter Stegen, Semedo, Pique, Umtiti, Alba; Busquets, Rakitic, Sergi Roberto; Deulofeu, Suarez, Messi ។​
  • Real Madrid ៖ Navas; Carvajal, Varane, Ramos, Theo; Casemiro, Kroos, Kovacic; Isco, Benzema, Bale ៕

​អត្ថបទ​៖ មុន្នី​រម្យ​