EPL ៖ Liverpool ពង្រីក​ការនាំ​មុខ​លើ​កំពូល​តារាង​, Man City ចាញ់​២​ប្រកួត​ជាប់​គ្នា​

591
ចែករម្លែក

Liverpool បាន​នាំ​មុខដាច់ ៦ ពិន្ទុ​លើ​កំពូល​តារាង​ក្របខ័ណ្ឌ​ព្រីម​ញឺ​លី​ក ខណៈ​ក្រុម​កំពូល​តារាង​មួយ​នេះ​បំបាក់ Newcastle ៤-០ យ៉ាង​ងាយ​នៅ​ទឹកដី Anfield និង Man City ត្រូវបាន​បំបាក់​ជា​លើក​ទី​២​ក្នុង​រយៈពេល​៥​ថ្ងៃ ក្នុង​លទ្ធផល​២-១ នៅ​ទឹកដី​របស់ Leicester​។​

Tottenham បាន​វ៉ា City ឡើងមក​លេខ​២ បន្ទាប់ពី​ផ្តួល Bournemouth ៥-០ ខណៈ​ការចាប់ផ្តើម​ដ៏​ល្អឥតខ្ចោះ​របស់ Manchester United ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​បណ្តោះអាសន្ន អូ​ឡេ ហ្គា​ន់​ណា សូល​ក្យែ​រ បាន​បន្ត ជាមួយ​ផូ​ល​ផុ​ក​បា​ស៊ុត​ចូល​២​គ្រាប់​ក្នុង​ជ័យជម្នះ ៣-១ លើ​ក្រុម Huddersfield​។​

United នៅតែ​ចាញ់ ៨ ពិន្ទុ​ពី​ក្រុម​កំពូល​ទាំង​៤ ខណៈដែល​អេ​ឌិន ហា​ហ្សា​ដ ស៊ុត​ចូល​២​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ របស់ Chelsea នៅ​ទឹកដី Watford ប៉ុន្តែ​ក្រុម​លេខ​៥ Arsenal បាន​ត្រឹម ១-១ នៅ​ទឹកដី Brighton​។​

​អ្នកចាត់ការ​ទូទៅ​រប​ស់​ហង្ស​ក្រហម Liverpool លោក​ជួ​ហ្គិ​ន ក្លប់ នៅ​ប៉ុន្មាន​ថ្ងៃនេះ​បាន​ព្យាយាម​សង្កត់ធ្ងន់ថា វា​ដូចជា​ឆាប់​ពេក​ហើយ​ដែល​នាំគ្នា​និយាយថា​ក្រុម​របស់គាត់​នឹង​អាច​បញ្ចប់​ការរង់ចាំ​លើក​ពាន​ព្រីម​ញឺ​លី​ក​ជិត​៣​ទសវត្សរ៍​ត្រឹម​ខែធ្នូ​នេះ​។

​លោក​ក្លប់​ទទូចថា “​នាំមុខ​៦​ពិន្ទុ​គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់​។ យើង​នឹង​លេង​ជាមួយ Arsenal និង City នៅ​ប្រកួត​បន្ទាប់​។ វា​ជា​រឿង​ល្អ​ដែល​យើង​មាន​៦​ឬ​៧​ពិន្ទុ​លើស​ក្រុម​ដទៃ ប៉ុន្តែ​វា​គ្រាន់តែ​ជាការ​លើស​ពិន្ទុ​តែប៉ុណ្ណោះ គ្មាន​អី​ទេ​។ អ្វីដែល​យើង​ចង់​ធ្វើ​គ្រប់​ពេលនោះ​គឺ​បង្កើត​មូលដ្ឋាន​មួយ​សម្រាប់​ដល់​ចុងរដូវ​កាល​នេះ​។ ឥឡូវ​ដំណាក់កាល​ទី​១​នៃ​រដូវ​កាល​បាន​ចប់​ហើយ​។ យើង​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ផ្ទាល់​របស់​យើង​”៕ ដោយ៖ កញ្ញាដាលីស

Liverpool ឥឡូវ​នាំមុខ ៦ ពិន្ទុ​លើ​កំពូល​តារាង