EU និង IMF ព្រមាន​អំពី​ការ​គាំពារ​និយម​, គាំទ្រ​ពាណិជ្ជកម្ម​ពហុភាគី​

927
ចែករម្លែក

​ក្រុម​មេដឹកនាំ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ទីភ្នាក់ងារ​ផ្សេងទៀត​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​មិថុនា​ថា ការ​គាំពារ​និយម​របស់​អាមេរិក​អាច​បណ្តាលឱ្យមាន​ការខូចខាត​ដល់​សេដ្ឋកិច្ច​សកល ខណៈ​សហភាព​អឺរ៉ុប​បាន​គាំទ្រ​ការប្រកាស​របស់ G7 ថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​មិន​ចូលរួម​យ៉ាង​គ្រោតគ្រាត​។​

​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​បែរ​ឡាំង​ដែល​រៀបចំឡើង​ដោយ​អធិការបតី លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល មេដឹកនាំ​អាល្លឺម៉ង់​រូបនេះ​និង​មន្ត្រីជាន់ខ្ពស់​មកពី​អង្គការ​អន្តរជាតិ​ជាច្រើន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​ថា “​ការកើនឡើង​នៃ​ការ​គាំពារ​និយម​ផ្តល់ឱ្យ​យើង​នូវ​ការលើកទឹកចិត្ត​យ៉ាងច្បាស់​លាស់​និង​ឱកាស​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​ដ៏​រឹងមាំ​របស់​យើង​ចំពោះ ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​”​។​

​លោកស្រី​មឺ​គែល ដែល​ទើប​មកពី​កិច្ចប្រជុំ G-7 ថ្មីៗ​នេះ​នៅ​កាណាដា បាន​និយាយថា អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ការអភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក​ប្រកបដោយ​និរន្តរភាព​អាច​សម្រេច​ទៅបាន​តែ​នៅក្នុង​កិច្ចសហប្រតិបត្តិការ​និង​តាមរយៈ​ស្ថានភាព​ឈ្នះ​ឈ្នះ​ប៉ុណ្ណោះ​។​

​លោកស្រី​បាន​និយាយថា ជាមួយនឹង​ការសម្រេចចិត្ត​របស់រ​ដ្ឋ​បាល​ត្រាំ​ដើម្បី​វាយ​ពន្ធ​ថ្មី​លើ​ការ​នាំចូល​អាលុយមីញ៉ូម​និង​ដែកថែប​ទៅ​សហរដ្ឋអាមេរិក “​ឥឡូវនេះ​ពហុភាគី​និយម​កំពុងស្ថិត​ក្នុងដំណាក់កាល​ស្មុគស្មាញ​និង​លំបាក​”​។​

​កិច្ចប្រជុំ​នេះ​ចូលរួម​ដោយ​ប្រមុខ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អង្គការ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក អង្គការ​ពលកម្ម​អន្តរជាតិ និង មន្ត្រី​កំពូល​ធនាគារពិភពលោក​។​

​ប្រមុខ IMF លោកស្រី គ្រីស្ទី​ន ឡា​ហ្គា​ត បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា សេដ្ឋកិច្ចពិភពលោក​កំពុងស្ថិត​ក្នុងស្ថានភាព​ល្អ ដោយ​និយាយថា “​ព្រះអាទិត្យ​នៅ​កំពុង​បញ្ចេញ​រស្មី​នៅឡើយ​ទេ​” ប៉ុន្តែ​ថា​វា “​កាន់តែ​ងងឹត​ទៅៗ​នៅថ្ងៃនោះ​ផងដែរ​”​។​

​លោកស្រី​ឡា​ហ្គា​ត​និយាយ​ដោយ​មិន​បង្ហើប​ចំឈ្មោះ​ប្រទេស​ណាមួយ​យ៉ាង​ដូច្នេះ​ថា “​ពពក​ដ៏​ធំ​បំផុត​និង​ខ្មៅ​បំផុត​ដែល​យើង​មើលឃើញ​គឺ​ភាព​យ៉ាប់យ៉ឺន​ដែល​ជំរុញ​ឡើង​ដោយ​ការប៉ុនប៉ង​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​វិធី​ដែល​ពាណិជ្ជកម្ម​កំពុង​ត្រូវបាន​អនុវត្ត វិធី​ដែល​ទំនាក់ទំនង​ត្រូវបាន​ដោះស្រាយ និង​វិធី​ដែល​អង្គការ​ពហុភាគី​កំពុង​ធ្វើ​ប្រតិបត្តិការ​”​។

​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល G-7 កាលពី​ចុង​សប្តាហ៍ លោក​ត្រាំ​ដំបូង​បាន​យល់ព្រម​ចូលរួម​ក្នុង​សេចក្តីថ្លែងការណ៍​ស្តីពី​ពាណិជ្ជកម្ម​ដែល​ពួក​មេដឹកនាំ​បានចេញ​ផ្សាយ​។ ក្រោយមក​ប្រធានាធិបតី​អាមេរិក​បាន​ដកខ្លួន​ចេញពី​សេចក្តីថ្លែងការណ៍​រួម​នោះ​វិញ ដោយ​ត្អូញត្អែរថា លោក​ភ្ញាក់ផ្អើល​ចំពោះ​ការរិះគន់​របស់​នាយក​រដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ អំពី​ការគំរាមកំហែង​វាយ​ពន្ធ​របស់លោក​ក្នុង​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​។​

​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​គណៈកម្មការ​អឺរ៉ុប​លោក ម៉ា​ហ្គា​រី​ទី​ស ស៊ី​ណាស់ បាន​និយាយថា សហភាព​អឺរ៉ុប “​គាំទ្រ​” សេចក្តីថ្លែងការណ៍​នេះ ហើយ “​នឹង​បន្ត​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​អន្តរជាតិ​ដែល​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​”៕ ដោយ៖ កញ្ញាដាលីស

ប្រមុខ EU និង IMF ជួបប្រជុំ​នៅ​ទីក្រុង​បែរ​ឡាំង​កាលពី​ថ្ងៃ​ចន្ទ ដែល​រៀបចំ​ដោយ​អធិការបតី​អាល្លឺម៉ង់