F-35​តម្លៃ​៩០​លាន​ក្នុង​មួយគ្រឿង ដែល​ជប៉ុន​ទិញ​ពី​អាម៉េរិក​ មិនទាន់​ទម្លាក់បាន​មួយ​គ្រាប់​ផង​ ឥឡូវ​ធ្លាក់​ក្នុង​សមុទ្រ​បាត់​

390
ចែករម្លែក
  • 65
    Shares

​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​១០​មេសា​ថា យន្តហោះ​បំបាំងកាយ​ធុន​F-35 របស់​កងទ័ពអាកាស​ជប៉ុន​បាន​ធ្លាក់​ចូល​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ក្នុងអំឡុង​​ហ្វឹកហាត់​ហោះ​ពេលយប់ និង​កម្ទេចកម្ទីយន្តហោះ​ត្រូវបាន​រកឃើញ ​តែ​អាកាសយានិក​នៅ​កំពុង​បាត់​ខ្លួន​។​

​យន្តហោះ​F-35A​ដែល​រ៉ា​ដា​មិនអាច​ចាប់បាន​នេះ បាន​បាត់​រូបភាព​ចេញពី​រ៉ា​ដា​ក្នុងពេល​ហោះ​នៅ​ឯនាយ​ឆ្នេរ​Aomori ខាងកើត​ជប៉ុន​និង​ផ្នែក​នៃ​យន្តហោះ​ត្រូវបាន​រកឃើញ​កាល​​ពី​យប់​ថ្ងៃ​អង្គារ​។​

​វា​បាន​បាត់​ចេញពី​រ៉ា​ដា​បន្ទាប់ពី​ហោះ​ចេញ​បាន​មួយ​ម៉ោង​ពី​មូលដ្ឋាន​ទ័ពអាកាស​Misawa ជាមួយ​យន្តហោះ​F-35A​បី​គ្រឿង​ទៀត​សម្រាប់​ការហ្វឹកហាត់​ប្រយុទ្ធ​ទល់នឹង​យន្តហោះ​​ចម្បាំង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ លោក តាកេស៊ី អ៊ី​វ៉ា​យ៉ា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា មូលហេតុ​នៃ​ការធ្លាក់​នេះ​គេ​នៅ​មិនទាន់​ដឹង​ភ្លាម​ទេ​។​លោក​ថា​យន្តហោះ F-35​សេសសល់​ចំនួន​១២​គ្រឿង​នៅ​មូលដ្ឋាន Misawa ត្រូវ​បាន​ចត​ទុក​មិនឲ្យ​ហោះហើរ​ទៀត​ទេ​នៅ​ពេល​នេះ​។​

​សូមបញ្ជាក់​ថា ជប៉ុន​បាន​ចាប់ផ្តើម​ដាក់​ដំណើរការ​យន្តហោះ​ថ្លៃ​និង​ទំនើប​បំផុត​ផលិត​នៅ​អាម៉េរិក​នេះ​ចាប់​តាំងពី​ឆ្នាំមុន ជា​ផ្នែក​នៃ​ផែនការ​ជំរុញ​វិស័យ​ការពារ​ជាតិ​និង​សមត្ថ​​ភាព​សព្វាវុធ​របស់​ខ្លួន​ដើម្បី​ទប់​នឹង​កូរ៉េ​ខាងជើង​និង​ចិន​។​

​ក្រោម​ផែនការ រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​ស៊ីន​ហ្សូ អាបេ មាន​គម្រោង​ទិញ​យន្តហោះ​F-35​ចំនួន​១៤៧​គ្រឿង ដែល​មាន​តម្លៃ​៩០​លាន​ដុល្លារ​ក្នុង​មួយគ្រឿង​។​បច្ចុប្បន្ន​ជប៉ុន​មាន​F-35​កំពុងដំណើរការ​១៣​គ្រឿង​(​ធ្លាក់​មួយ​) និង​កំពុង​កុម្មង់​ទិញ​ពី​អាម៉េរិក​ជាង​១០០​គ្រឿង​ទៀត​។​

​កាលពី​ខែ​កញ្ញា​ឆ្នាំមុន យោធា​អាម៉េរិក​ក៏​បញ្ឈប់​ការហោះហើរ​របស់​F-35​មួយរយៈ​ក្រោយ​ការធ្លាក់​យន្តហោះ​នេះ​នៅ​រដ្ឋ​សោត ខា​រ៉ូ​ឡាយណា​៕​ដោយ​៖​វាសនា​/Ha

ក្រុម​ស្វែងរក​នៃ​កងទ័ពជើងទឹក​ជប៉ុន​ត្រូវបាន​បញ្ជូន​ចេញ​ភ្លាម​ក្រោយ​ការបាត់​យន្តហោះ​ក្នុងពេល​ហោះ​ហ្វឹកហាត់​នៅ​ជប៉ុន​ខាងជើង​