Facebook កំពុង​ធ្វើ​ឲ្យ​អ្នករកស៊ី​អន​ឡាញ​ដាច់បាយ​បណ្ដើរៗ​

2644

ថ្មីៗ​នេះ Facebook បានប្រកាស​កែសម្រួល​បង្ហាញ​Feed លើ​គណនី​របស់​អ្នកប្រើប្រាស់​ទាំងអស់ ដោយ​បន្ថែម​ផ្ទាំង​ថ្មី​ឈ្មោះថា Explore Feed​។ ប៉ុន្តែ​ការកែសម្រួល​បន្ថែម​នេះ​បានធ្វើ​ឲ្យ​អ្នករកស៊ី​អន​ឡាញ​លើ​បណ្ដាញ Facebook មួយចំនួន​ជួប​ការលំបាក ព្រោះ​គ្រប់ Post របស់ Page ទាំងអស់​នឹងមិន​បង្ហា​ញ​នៅលើ​ផ្ទាំង News Feed នៃ​គណនី​របស់​អ្នកប្រើប្រាស់​ទៀត​នោះទេ​។​

​លោក ឡា​ច លី​ណា មាន​អាជីវកម្ម និង​ហាង​ប​ញ្ជាំ​ពឹង​ផ្អែកលើ Facebook page រយៈពេល​១​ឆ្នាំ បាន​អោយដឹងថា ការកែសម្រួល​របស់​ក្រុមហ៊ុន Facebook នេះ បានធ្វើ​ឲ្យ​ការផ្សព្វផ្សាយ​អាជីវកម្ម​រអាក់រអួល ខណៈ​ទាមទារ​ការចំណាយ​ខ្ពស់ជាង​មុន តែ​ទទួលបាន​ផល​តិច​។​

​កន្លងមក កាល​មិនទាន់មាន Explore Feed លោក លី​ណា ថា​លោក​បាន​ចំណាយ​ប្រាក់ Sponsor លើ page ប្រមាណ ៥០០ ទៅ​៨០០​ដុល្លារ មាន​អ្នក​មើលឃើញ​( React) ប្រមាណ ១​ម៉ឺន​នាក់ នៅលើ News Feed និង​មាន​អ្នក​ចាប់អារម្មណ៍​ទិញ​ទំនិញ​ប្រមាណ ១០០​នាក់​។​

​ដោយឡែក​មួយរយៈ​ចុងក្រោយ​នេះ អ្វីដែល Post នៅលើ page របស់លោក​គឺមាន​នៅលើ Explore Feed ដោយ​វា​មិន​បង្ហាញ​ការផ្សាយពាណិជ្ជកម្ម​នៅលើ News Feed ដូច​មុន​ទេ ហេតុនេះ លោ​កថា​ត្រូវ​ចំណាយ Sponsor ច្រើនជាង​មុន​ដល់​ទៅ ១០០០​ដុល្លារ ដើម្បី​ឲ្យ​វា​នៅលើ News Feed​។ ទោះជា​បន្ថែម​ការចំណាយ​បែបនេះ​ក្តៅ​លោក​ថា លោក​ទទួលបាន​ចំនួន​អ្នក React វិញ ទាប​ប្រហែល ៣ ទៅ ៤​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​អ្នក​ចាប់អារម្មណ៍​ក៏​ថយ​តាម​នោះដែរ​។​

​លោក​ថាៈ « បើ​ចង់បាន​មនុស្ស​មើលឃើញ​ច្រើនជាង​នេះ ត្រូវ​ចំណាយ​ច្រើនជាង​នេះ​។ ចំពោះ​ការ Boost មាន​ប្លែក​ខ្លះ​ដែល​ត្រង់​ការកំណត់​អតិថិជន​គោលដៅ​មួយចំនួន​ត្រូវបាន​បិទ ហើយ​ការ​ផុស​រូប​ដែល​យក​មនុស្ស​មិន​សមរម្យ​ក៏បាន​ហាម​ដែរ »​។​

​ស្របគ្នា​នេះ អ្នកធ្វើការ​នៅក្នុង​វិស័យ Digital លោក ឃុន រក្សា បាន​ឲ្យ​ដឹងថា ការកែសម្រួល News feed និង​បន្ថែម Explore Feed នេះ គឺ​ល្អ​សម្រាប់​អ្នក​គ្មាន​អាជីវកម្ម​អន​ឡាញ​។ តួយ៉ាង​ចំពោះ​អ្នកលេង​ធម្មតា News feed និង Explore feed ងាយស្រួល​លេង​ជាង​មុន មិន​រញ៉រ​ញ៉ៃ​ឃើញ Page ច្រើន និង​អាច​មើលឃើញ​ការ​ផុស​គ្រប់​មិត្តភក្តិ​ទាំងអស់​។​

​លោក​ថាៈ «​សម្រាប់​អ្នករកស៊ី​អន​ឡាញ​វិញ នៅពេលនេះ​ផលចំណេញ​សឹងតែ​គ្មានទេ គឺថា Facebook តម្រូវ​ឲ្យ​ចាយលុយ (Boost Page) ដើម្បី​បានឃើញ​នៅលើ News feed ឲ្យ​គេ​ឃើញ​ច្រើន​… និយាយ​ឲ្យ​ខ្លី​គឺ​ខាត អត់​មាន​ចំណេញ​ទេ​»​។​

​គួរ​ជម្រាប​ថា ក្រុមហ៊ុន Facebook បាន​កម្មវិធី​តេស្ត Explore feed តាំងពី​ដើមឆ្នាំ​២០១៧ តែ​ទើប​ដាក់​ឲ្យ​ប្រើ​ផ្លូវការ​កាលពី​ម្សិលមិញ​នេះ​៕ អត្ថបទ​៖ ស៊ិន សា​វ៉េ​ត /sn​