Galaxy S11 នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន Samsung ដំបូង​គេ​មាន​កាមេរ៉ា ១០៨ មេ​ហ្គា​ភិ​ច​សែ​ល​

683
ចែករម្លែក

​ការ​បែកធ្លាយ​មួយទៀត​នៃ​ទូរស័ព្ទ Galaxy ជំនាន់​ក្រោយ​បាន​បង្ហាញថា ទូរស័ព្ទ​ថ្មី​នេះ​នឹង​បំពាក់​ជាមួយ​កាមេរ៉ា​មាន​កម្រិត Resolution ខ្ពស់បំផុត​។​

​វេ​ប​សាយ Bloomberg ដែល​ដកស្រង់​ប្រភព​នានា​ដែល​ដឹង​អំពី​រឿងនេះ បាន​រាយការណ៍​ថា ក្រុមហ៊ុន Samsung មាន​គម្រោង “​កែ​ទាំងស្រុង​” នូវ​កាមេរ៉ា​របស់​ទូរស័ព្ទ Galaxy S11 ដែល​នឹង​បំពាក់​កែវ​កាមេរ៉ា​ទំហំ ១០៨ មេ​ហ្គា​ភិ​ច​សែ​ល ធំ​ជាង​កាមេរ៉ា​ទូរស័ព្ទ​ណាៗ​ទាំងអស់​នៅលើ​ទីផ្សារ​។

​កាមេរ៉ា​ធំ​បែបនេះ​ដំបូង​ត្រូវបាន​បំពាក់​លើ​ទូរស័ព្ទ​មួយ​របស់​ក្រុមហ៊ុន Xiaomi កាលពី​ខែ​មុន និង មាន​កម្រិត Resolution ខ្ពស់​ខ្លាំង ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ Crop រូបភាព​ដោយ​មិន​បាត់បង់​គុណភាព​រូប​។

​ក្រុមហ៊ុន Xiaomi និយាយថា ទំហំ Resolution ធំ​បែបនេះ​មានន័យថា អ្នកប្រើប្រាស់​អាច​ថតរូប ដែលមាន​សមត្ថភាព​ព្រី​ន​ដាក់​ផ្ទាំង​ប៉ាណូ​កម្ពស់ ៤,២៤ ម៉ែត្រ​។

​កាមេរ៉ា​ទំហំ ១០៨ មេ​ហ្គា​ភិ​ច​សែ​ល​ត្រូវបាន​បង្កើតឡើង​ក្នុង​កិច្ចសហការ​រវាង​ក្រុមហ៊ុន Xiaomi និង Samsung និង​មាន​ទំហំ​ធំ​ជាង​១​អ៊ី​ញ ដែល​ធ្វើឱ្យ​វា​តូច​ជាង​តិចតួច​ប៉ុណ្ណោះ​ធៀប​នឹង Sensor កម្រិត​ខ្ពស់​ដទៃទៀត​នៅលើ​ទីផ្សារ​។

​យោងតាម​របាយការណ៍ កែវ​កាមេរ៉ា ១០៨ មេ​ហ្គា​ភិ​ច​សែ​ល​នេះ​នឹង​អម​ជាមួយ​កែវ​កាមេរ៉ា​៣​គ្រាប់​ទៀត រួមមាន​កែវ​កាមេរ៉ា​ថត​មុំ​លាត​ខ្លាំង និង កែវ​កាមេរ៉ា​ថត​ហ្ស៊ូ​ម​៥​ដង​។

​យោងតាម​ការ​លេច​ធ្លាយ​ពី​វេ​ប​សាយ SamMobile ទូរស័ព្ទ Galaxy S11 ក៏​ប្រហែល​អាច​ថត​វីដេអូ​កម្រិត 8K ផងដែរ ហើយ​គ្រោង​នឹងដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ខែកុម្ភៈ​ខាងមុខ​៕ ដោយ៖ កញ្ញាដាលីស