Garden By the Bay កន្លែង​កម្សាន្ត​ដ៏​រីករាយ​ឱកាស​បុណ្យ​គ្រី​ស​ម៉ាស់​

456

(​ភ្នំពេញ​)៖​នៅក្នុង​ឱកាស​បុណ្យ​គ្រី​ស​ម៉ាស់​និង​ឆ្លង​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៧​នេះ ទីក្រុង​សឹង្ហ​បុរី​ទាំងមូល បាន​ក្លាយជា​កន្លែង​សម្រាប់​ទេសចរ ក្នុងស្រុក​និង​អន្តរជាតិ​ទស្សនា កម្សាន្ត​លំហែកាយ​និង​ជា​ផ្ទាំងទស្សនីយភាព​ដ៏​ស្រស់បំព្រង​។​

​ប្រសិនបើ​ទេសចរ​កម្ពុជា​បាន​ឱកាស​មក​ទស្សនកិច្ច​នៅ​ប្រទេស​អភិវឌ្ឍន៍​ដ៏​ស្រស់ស្អាត​មួយ​នេះ​ជាពិសេស​ក្នុង​រដូវ​បុណ្យ​គ្រី​ស​ម៉ាស់​និង​ឆ្លង​​ឆ្នាំ​២០១៧-២០១៨ មាន​កន្លែង​កម្សាន្ត និង​ធ្វើ​ទេសចរណ៍​គួរ ជាទី​ចាប់អារម្មណ៍​ជាច្រើន​ទីកន្លែង​ដែល​មិនអាច​មើលរំលង​បាន​។​ក្នុង​​ចំណោម​នោះ​មាន​Garden By the Bay,​ក្បាល​តោ​ខ្លួន ត្រី​តំណាង ប្រទេស​សិង្ហ​បុរី អគារ​កម្ពស់​៥០​ជាន់​ដែល អាច​មើលឃើញ ទីក្រុង ទាំង មូល ការបង្ហាញ​ទស្សនីយភាព​ភ្លើងពណ៌​នៅក្នុង​ទឹក វត្ត​ត ម្ក​ល់​ព្រះ​សិរី​រឹក​ធាតុ និង​ភោជនីយដ្ឋាន​ល្បីៗ​ចំណាស់​ជាង​១០០​ឆ្នាំ​។​ល​។​

​ហ្គា​ឌិន បាយ ឌឹ​បេ​( Garden By the Bay )​ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​នឹង​អគារ​ខ្ពស់​រាង​ដូច​កប៉ាល់​Marina Bay​ជា​កន្លែង​​ដែលមាន​ទេសភាព​ស្អាត​និង​អាច​គយគន់​ទេសភាព​ដ៏​ស្រស់ស្អាត​នៅ​ជុំវិញ​ទាំង​ពេល​ថ្ងៃ​និង​ពេលយប់​។​ហ្គា​ឌិន បាយ ឌឹ​បេ មាន​ផ្ទៃដី​១០១​ហិកតា ចែកចេញជា​ពីរ​ផ្នែក​គឺ​ហ្គា​ឌិន​បាយ ឌឹ​បេ​ភាគខាងត្បូង និង​ខាងកើត​។​

​លោកស្រី Joanne Tham ជំនួយការ​នាយក Asia PR Werkz​បាន​ប្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​ក្នុងអំឡុងពេល​ទស្សន​​កិច្ច​សិង្ហ​បុរី​ថា​៖ នៅក្នុង​បរិវេណ​ហ្គា​ឌិន បាយ ឌឹ​បេ មាន​កន្លែង​កម្សាន្ត​មួយ​ហៅថា ទឹកដី​ដ៏​អស្ចារ្យ​នៃ គ្រី​ស​ម៉ាស់​(Christmas Wonderland) ជា​កន្លែង​តាំងពិព័រណ៍​ដ៏​ធំ និង​កន្លែង​កម្សាន្ត​ក្នុងឱកាស​បុណ្យ​គ្រី​ស​ម៉ាស់​ដែ​មាន​តាំងពី​តូប​លក់ទំនិញ​និង​
​វត្ថុ​អនុស្សា​វី​យ តូប​លេងល្បែង​កម្សាន្ត ផ្ទះ​សាន់​តា​ក្លស កន្លែង​លេង​សៀក​ស្តង់​អាហារ កន្លែង​ថតរូប ។ Wonderland ចាប់​បើក ដំណើរ ការ​ពី​ថ្ងៃទី​១ ដល់​២៦ ខែធ្នូ​ឆ្នាំ​២០១៧ នៅវេលា​ម៉ោង​៤​រសៀល​ដល់​ម៉ោ​១១​យប់​ជា​រៀងរាល់ថ្ងៃ​ចូល​ទស្សនា​ដោយ​សេរី​មិ​ម​គិតថ្លៃ​ទេ​។​នៅទីនេះ អាច​មើល​ភ្លើង​ចម្រុះ​ពណ៌​ផ្សេងៗ​គ្នា​ដ៏​ស្រស់ស្អាត​នៃ​ស៊ុប​ពើ​ទ្រី​(Supertree)​។​សម្រាប់​ឆ្នាំនេះ Wonderland ទើប​បង្កើត​កន្លែង​លេង​ស្គី​លើ​ទឹកកក​មួយទៀត​និង​មាន​សៀក​មកពី​ប្រទេស​អេ​ត្យូ​ពី​និង​ហាង​អាហារ​ល្បី​លំដាប់​អន្តរជាតិ​។​ក្រៅពី​Christmas Wonderland នៅ​ហ្គា​ឌិន បាយ ឌឹ​បេ មាន Flower Dome និង Cloud Forest​។ Flower Dome មាន​ផ្កា​និង​រុក្ខជាតិ​កម្រៗ​រាប់ពាន់​ប្រភេទ​ដែល​មិន​ធ្លាប់​ឃើញ ដែល​នាំ​មកពី​ប្រទេស​អាហ្វ្រិក អាមេរិក​ខាងត្បូង និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។​ជាពិសេស នៅក្នុង​ដូ​ម មាន​សីតុណ្ហភាព​ត្រជាក់​ស្រួល ដោយ​មិន​ប្រើ​ម៉ាស៊ីនត្រជាក់​គឺ​ប្រើ​ថាមពលខ្យល់​ធម្មជាតិ​។​ចំណែក​Cloud Forest មាន​ដើមឈើ និង​រុក្ខជាតិ​ប្លែកៗ មាន​ទឹកជ្រោះ​សិប្បនិម្មិត​ដ៏​ស្រស់ស្អាត​។​ជាងនេះទៅទៀត មាន Supertree ជាង​១០ ដែលមាន​ភ្លើងពណ៌​ខុសៗ​គ្នា និង​មាន​ផ្លូវអាកាស​ភ្ជាប់​គ្នា​សម្រាបដើរ​មើល​កម្សាន្ត​ផងដែរ​។​កន្លែង​គួរឱ្យ​ចាប់អារម្មណ៍​មួយទៀត គឺ Marina Bay ។​

​លោក Lim Eng Hwee នាយក​URA បានឱ្យដឹងថា​ចាប់តាំងពី​ឆ្នាំ​២០០៥ មក the Marina Bay បាន​ក្លាយជា​កន្លែង​រាប់​ថយក្រោយ​ដ៍​ពេញនិយម ដែល​យោងតាម​អាជ្ញាធរ​ការអភិវឌ្ឍ​ទីក្រុង​ឡើងវិញ​((URA) បាន​ទាក់ទាញ​អ្នកទេសចរ​៣០​ម៉ឺន​នាក់​ជា​រៀងរាល់ឆ្នាំ​។​សម្រាប់​ឆ្នាំ​២០១៧​ឆ្លង​ចូល​២០១៨​នេះ រំពឹងថា​នឹង​ទាក់ទាញ​ទេសចរ​ច្រើនជាង​ឆ្នាំមុន​។​

​លោក ទូ​ន តេង (Toon Teng) ម​គ្គុ​ទេសចរ​នៃ​ស្ថាប័ន Singapore Tourism Board បានឱ្យដឹងថា​កន្លែង​ដែល​ទេសចរ​បរទេស​មិនអាច​រម្លង​បាន​គឺ​ឧទ្យាន រូបសំណាក ក្បាល​តោ ខ្លួន​ត្រី​(Merlion Park)​។​រូបសំណាក ក្បាល​តោ ខ្លួន​ត្រី​នេះ​ជា​តំណាង​ប្រទេស​សិង្ហ​បុរី មាន​កម្ពស់​៨.៦​ម៉ែត្រ និង​ទម្ងន់​៧០​តោន​។​បន្ទាប់ពី​ដើរ​ហត់ លោកអ្នក​អាច​ភ្លក់​ម្ហូប​ដ៏​ឆ្ងាញ់​នៅ​ជិត Merlion នៅ​ភោជនីយដ្ឋាន​ដ៍៏​ល្បី​មួយ ឈ្មោះថា P. S. Cafe​ដែល​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​១៩៩៩​។​

​ជ្រុង​មួយទៀត​នៃ​ទីក្រុង​សាំង​ហ្គា​ពួរ​ដែលជា​កន្លែង​មើល​ទេសភាព​ដ៍​ល្អ​គឺ អគារ​កម្ពស់​៥០​ជាន់ The Pinnacle @ Duxton ដែល​នៅលើ​ដំបូល​អគារ​នេះ អាច​មើលឃើញ​ទីក្រុង​ទាំងមូល និង​កំពង់ផែ​ដ៏​មមាញឹក​របស់​សឹង្ហ​បុរី​។​

​ចំណែក​នៅ​តំបន់​ទីក្រុង​ចិន (China Town) ក្រៅពី​ការដើរ​ទិញ​ទំនិញ​ថោកៗ មាន​ហាង អាហារ​ចិន​បុរាណ​ល្បីល្បាញ​មួយ​ឈ្មោះ​តុង អា (Tong Ah Eating House) ដែលមាន​អាយុកាល​៧៥​ឆ្នាំ​។​ហាង​នេះ​កំពុង​ពេញនិយម ជាពិសេស តែ​និង​កាហ្វេ​ឈ្ងុយឆ្ងាញ់ ពិសារ​ជាមួយ​សាំង​វិច​ស្នូល​ដូង​។​

​នៅ​តំបន់​ឆាយ​ណា​ថោ​ន​នេះដែរ ក៏មាន​ហាង​ល្បី​មួយ​ខាង​បាយ​សាច់មាន់ ទឹកជ្រលក់​សណ្តែកសៀង​និង​គុយទាវ​និង​មី ឆា​សាច់មាន់ ។​ហាង Liao Fang ទទួលបាន​ពានរង្វាន់ Michellin Star​នៅ​ឆ្នាំ ២០១៦​និង​២០១៧​។​ហាង​នេះ​បើក​នៅ​ថ្ងៃអាទិត្យ ច័ន្ទ អង្គារ ព្រ​ហ​ស្ប​ត្តិ៍ សុក្រ សៅរ៍ តែ​សម្រាក​រាល់ថ្ងៃ​ពុធ ចាប់ពី​ម៉ោង​១០​ដល់​៨​យប់​។​

​នៅក្នុង​តំបន់​ឆាយ​ណា​ថោ​ន នៅមាន​វត្ត​និង​សារមន្ទីរ​តម្កល់​សិរី​រឹក​ធាតុ​ធ្មេញ​របស់​ព្រះពុទ្ធ​មួយ​ឈ្មោះ​Buddha Tooth Relic ដែល​បើក​ឱ្យ​ទេសចរ​និង​មនុស្ស​គ្រប់រូប​ចូល​បន់ស្រន់ និង​ថ្វាយបង្គុំ​ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​៧​យប់​។​

​លោក Wonh Soon Joo នាយក​ផ្នែក​វប្បធម៌​នៃ Buddha Tooth Relic បានឱ្យដឹងថា​៖“​យើង​ស្វា​គម​មនុស្ស​គ្រប់រូប​មកពី​ពាសពេញ​ពិភពលោក​។​មនុស្ស​ភាគច្រើន​មក​វត្ត​នេះ​គឺ​ដើម្បី​បន់ស្រន់​សុំ​សំណាងល្អ និង​មើលរូប​ចម្លាក់​ដ៏​អស្ចារ្យ​ដែល​ពណ៌នា​អំពី​ជីវិត​របស់​ព្រះពុទ្ធ​»​។​

​នាយក​ផ្នែក​វប្បធម៌​រូបនេះ​បានឱ្យដឹង​ទៀតថា​៖​អ្នក​ដែល​បាន​បន់ស្រន់​រួចហើយ ខ្លះ​ទិញ​ខ្សែក​និង ខ្សែដៃ ដើម្បី​ពាក់​សុំ​សេចក្តីសុខ​ចម្រើន​និង សំណាងល្អ​៕​ដោយៈ​សុផល​/sn

​នៅក្នុង​ឱកាស​បុណ្យ​គ្រី​ស​ម៉ាស់​និង​ឆ្លង​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៧​នេះ ទីក្រុង​សឹង្ហ​បុរី​ទាំងមូល បាន​ក្លាយជា​កន្លែង​សម្រាប់​ទេសចរ​ក្នុងស្រុក​និង​អន្តរជាតិ​ទស្សនា កម្សាន្ត លំហែកាយ និង​ជា​ផ្ទាំងទស្សនីយភាព​ដ៏​ស្រស់បំព្រង​(​រូប សុផល​)