Global Times៖ ចិន​ពិចារណា​កំហិត​ការនាំចេញ​វត្ថុ​ធាតុដី​កម្រ​ទៅ​អាមេរិក​

868
ចែករម្លែក

​និពន្ធ​នាយក​នៃ​សារព័ត៌មាន​ចិន​Global Times បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​ឧសភា​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ពិចារណា​យ៉ាង​ហ្មត់ចត់​អំពី​ការ​កំហិត​ការនាំចេញ​​វត្ថុ​ធាតុដី​កម្រ​ទៅ​កាន់​សហរដ្ឋអាមេរិក ។​«​ដី​កម្រ​»​នេះ​ជា​សមាសធាតុ​គីមី​១៧​មុខ ដែល​ត្រូវបាន​ប្រើ​ក្នុង​គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់​ជាន់ខ្ពស់ និង​គ្រឿង​បរិក្ខា​យោធា​។​

​សម្ពាធ​កាន់តែខ្លាំង​ឡើង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក បាន​នាំ​អោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពិចារណា​ប្រើប្រាស់​ជំហរ​មានប្រៀប​​របស់​ខ្លួន​ក្នុងនាម​ជា​អ្នក​ផ្គត់ផ្គង់​វត្ថុ​ធាតុដី​កម្រ​នាំមុខគេ​នៅលើ​កលោក ដើម្បី​ជា​ឧបករណ៍​តថ្លៃ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។​

​មន្ត្រីជាន់ខ្ពស់​មួយ​រូប​មកពី​គណៈកម្មាធិការ​កែ​ទំរង់​និង​អភិវឌ្ឍន៍​ជាតិ​ចិន បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​ចិន​នឹង​ផ្តល់​អាទិភាព​លើ​តំរូវ​​ការ​ក្នុងស្រុក​សម្រាប់​ដី​កម្រ តែ​នឹង​បំពេញ​សេចក្តីត្រូវការ​តាម​សមស្រប​មកពី​ប្រទេស​ផ្សេង​។​

​នៅពេល​មន្ត្រី​នៅ​អង្គ​ការធ្វើផែនការ​ជាតិ​នេះ​មិន​បាន​ឆ្លើយ​នឹង​សំណួរ​ថា​តើ​ចិន​នឹង​កំហិត​ការនាំ​ចេញ​ដី​កម្រ​នេះ​ទៅ​អាមេរិក​ឬ​យ៉ាងណា​នោះ និពន្ធ​នាយក​សារព័ត៌មាន​Global Times លោក​ហ៊ូ ស៊ី​ជីន បាន​សរសេរ​បង្ហោះ​ថា​«​ផ្អែក​លើ​អ្វី​ដែល​ខ្ញុំ​បានដឹង ចិន​កំពុង​ពិចារណា​ហ្មត់ចត់​អំពី​ការ​កំហិត​ការនាំ​ចេញ​វត្ថុ​ធាតុដី​កម្រ​ទៅ​កាន់​សហរដ្ឋអាមេរិក​។​ចិន​ក៏​​អាច​នឹង​ចាត់វិធានការ​បក​ផ្សេងៗ​នៅពេល​ខាងមុខ​»​។​

​កាលពី​សប្តាហ៍​មុន​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បាន​ទៅ​ទស្សនា​ក្រុមហ៊ុន​ផលិត​ដី​កម្រ​មួយ​នៅ​ចិន​ខាងត្បូង ជាហេតុ​នាំ​អោយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ចិន​អាច​ប្រើ​​សារធាតុ​គីមី​នេះ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។​

​សូមបញ្ជាក់​ថា​ ​សារធាតុ​គីមី​ដី​កម្រ​របស់​ចិន​តំណាងអោយ​៨០​ភាគរយ​នៃ​ការនាំ​ចូល​ដី​កម្រ​រវាង​ឆ្នាំ​២០១៤​និង​២០១៧​ដោយ​អាមេរិក​។​ទំនិញ​នេះ​មិន​ត្រូវ​បាន​រាប់​បញ្ជូល​ក្នុង​មុខ​ទំនិញ​រាប់​រយដែល​អា​មេរិក​វាយ​ពន្ធ​ពិន័យ​លើ​ចិន​នោះ​ទេ​៕​ដោយ​៖​វាសនា​

ចិន​តំណាងអោយ​៨០​ភាគរយ​នៃ​ការនាំ​ចូល​ដី​កម្រ​រវាង​ឆ្នាំ​២០១៤​និង​២០១៧​ដោយ​អាមេរិក​