Google បង្ហាញ​ទូរស័ព្ទ​ថ្មី Pixel 4 ដោយ​បញ្ជា​តាមរយៈ​កាយវិការ​

548
ចែករម្លែក

​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​តុលា ក្រុមហ៊ុន Google បានបង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន Pixel ស៊េរី​ថ្មី​របស់ខ្លួន​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ជាមួយនឹង​លក្ខណៈពិសេស​ជាច្រើន រួមទាំង​ការ​សម្គាល់​កាយវិការ ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​គ្រាន់តែ​គ្រវី​ដៃ​របស់​ពួកគេ​ដើម្បី​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​។​

​ទូរស័ព្ទ​ម៉ូ​ដែល Pixel 4 បានបង្ហាញ​ខ្លួន​ជា​សាធារណៈ ខណៈដែល​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត​យក្ស​នេះ​បានធ្វើ​បច្ចុប្បន្នភាព​លើ​ខ្សែសង្វាក់​ទូរស័ព្ទ​របស់ខ្លួន​នៅមុន​រដូវ​កាល​ទិញ​ទំនិញ​ដ៏​មមាញឹក​នៅ​ចុងឆ្នាំ​នេះ​។​

​ក្រុមហ៊ុន Google បាន​និយាយថា ទូរស័ព្ទ Pixel 4 មានតម្លៃ​ចាប់ផ្តើម ៧៩៩ ដុល្លារ​នៅ​សហរដ្ឋ​អាម៉េរិក ហើយនឹង​មាន​លក់​ចាប់ពី​ថ្ងៃទី ២៤ ខែតុលា​។​

​ឧបករណ៍​ថ្មី​នេះ​មាន​គោលបំណង​បង្កើន​ការប្រកួតប្រជែង​របស់ Google នៅក្នុង​ផ្នែក​ស្មា​ត​ហ្វូ​ន​លំដាប់​ខ្ពស់ ដែល​គ្របដណ្តប់​ដោយ Apple និង Samsung ព្រម​ជាមួយនឹង​ក្រុមហ៊ុន Huawei របស់​ចិន​ផងដែរ ដែល​កំពុង​រង​សម្ពាធ​ពី​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក​។​

​ព្រឹត្តិការណ៍​បង្ហាញ​ទូរស័ព្ទ​ថ្មី​របស់ Google នៅ​ទីក្រុង​ញូវយ៉ក រួមមាន​ទាំង​ការធ្វើឱ្យ​ទាន់សម័យ​នូវ​ម៉ាស៊ីន​ថត​ឆ្លាត​វៃ Nest របស់ខ្លួន និង ឧបករណ៍​បំពង​សំឡេង​ថ្មី ដែល​ត្រូវបាន​បំពាក់​ឡើង បន្ទាប់ពី​ក្រុមហ៊ុន Amazon បញ្ចេញ​នូវ​ផលិតផល​ថ្មីៗ​របស់ខ្លួន​ជាច្រើន​រួមទាំង​បាស់​ចាក់​ចម្រៀង​ផងដែរ​។​

​ខណៈដែល​ស្មា​ត​ហ្វូ​ន Pixel មិនមាន​ចំណែក​ទីផ្សារ​ច្រើន ដែល​បច្ចុប្បន្នកំពុង​ក្តោប​ក្តាប់​ដោយ​ទូរស័ព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ Android ពី​ក្រុមហ៊ុន Samsung ពួកវា​បាន​ផ្តល់ឱកាស​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការដែល​អាច​រក​បាន​ដោយ​ឥតគិតថ្លៃ​សម្រាប់​អ្នក​ផលិត​ទូរស័ព្ទ​។​

Google ចង់​រក្សា​កម្មវិធី​និង​សេវាកម្ម​របស់ខ្លួន​នៅក្នុង​របៀប​រស់នៅ​បែប​ទំនើប មិន​ថា​នៅក្នុង​ស្មា​ត​ហ្វូ​ន​ដំណើរការ​ដោយ​សូ​ហ្វ​វែ​ប្រតិបត្តិការ​ទូរស័ព្ទ​ចល័ត Android ឬ ឧបករណ៍​ដែល​បាន​ប្រើ​ជាមួយ​ជំនួយការ​ឌីជីថល​របស់ខ្លួន​នោះទេ​។​

Pixel 4 មាន​សមត្ថភាព​ខ្លាំង​ខាង​កាមេរ៉ា ដោយ​រួមបញ្ចូល​គ្នា​រវាង​កែវ​ថត​ដែល​បាន​កែលម្អ​ដោយ​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​ជួយ​ពង្រីក​រូបភាព​អុ​ប​ទិ​ក​និង​កែលម្អ​រូបភាព​ក្រោយពេល​ថត​កន្លែង​ងងឹត ជាមួយ​មុខងារ​ពិសេសៗ​សម្រាប់​ចាប់យក​រូបភាព​នៅលើ​មេឃ​នៅពេល​យប់​។​

​បច្ចេកវិជ្ជា​រំញោច​អារម្មណ៍ ដែល Google បាននិងកំពុង​ធ្វើការ​លើ​វា​ជា​យូរ​មកហើយ​នោះ ត្រូវបាន​បង្កើតឡើង​ក្នុង​ទូរស័ព្ទ Pixel 4 ហើយនឹង​អនុញ្ញាត​ឱ្យមាន​ការបញ្ជា​ចាំបាច់​មួយចំនួន​ដូចជា ការបិទ​សំឡេង​រោទិ៍ ឬ ការប្តូរ​បទ​ចម្រៀង​បន្ទាប់ ដោយ​លើកដៃ​ឬ​គ្រវី​ដៃ​។​

​បច្ចេកវិជ្ជា​នេះ​គឺ​ពឹង​ផ្អែកលើ​រ៉ា​ដា ដោយ​ប្រើ​វិធីសាស្ត្រ​ខុសពី Samsung នៅពេលដែល​ក្រុមហ៊ុន​កូរ៉េ​នេះ​បង្កើត​ការបញ្ជា​ដោយ​កាយវិការ​ទៅក្នុង​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Pixel 4 មានតម្លៃ​ចាប់ផ្តើម ៧៩៩ ដុល្លារ​នៅ​សហរដ្ឋ​អាម៉េរិក ហើយនឹង​មាន​លក់​ចាប់ពី​ថ្ងៃទី ២៤ ខែតុលា