Guinness World Records នឹង​ចុះមក​ពិនិត្យ ទូក ង វែង​ជាងគេ​លើ​ពិភពលោក​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​

1484
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោ​កស សុខា ប្រធាន​គណៈកម្មការ​ផលិត​ទូកង បានបញ្ជាក់​ឲ្យ​ដឹងថា កម្មវិធី​កំណត់ត្រា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ទូក ង វែង​ជាងគេ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ ក្នុង​ទឹកដី​ខេត្តព្រៃវែង ។​

​ជាមួយគ្នានេះ លោ​កស សុខា សូម​គោរព​អញ្ជើញ​ពុក​ម៉ែ បងប្អូន យុវជន យុវនារី ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ទស្សនា ឲ្យ​បាន​ច្រើន​កុះករ។​

​គណៈកម្មការ​ផលិត​ទូក ង បានអោយដឹងថា ពិធី​បំបែក​កំណត់ត្រា​ឯ​កតទ​គ្គក​ម្មទូក ង ដែល​វែង​ជាងគេ​លើ​ពិភពលោក នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តំបន់​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិតក្នុង​ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដោយមាន​ការចូលរួម​ពី​តំណាង Guinness World Records នឹង​ចុះមក​ពិនិត្យមើល​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស ខ្នាត​របស់​ទូក និង​ការ​អុំ​បង្ហាញ​ជាក់ស្តែង រួចហើយ​ប្រកាស​លទ្ធផល​អំពី​ការវាយតម្លៃ​នៅ​ចុងបញ្ចប់​នៃ​ពិធី​។​

​ទូក ង ដែល​វែង​ជាងគេ​លើ​ពិភពលោក គឺ​ប្រវែង​៨៥​ម៉ែត្រ និង​ទទឹង ១.៥៥​ម៉ែត្រ ដោយមាន​អ្នក​ចែវ​១៧៩​នាក់ ដើម្បី​បំបែក​ឯក​ត​ទគ្គ​កម្ម​ពិភពលោក​។​

​លោក ស សុខា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គោលបំណង​សំខាន់ៗ នៃ​ការផលិត​ទូក ង ដែល​វែង​ជាងគេ គឺមាន​បី​ចំណុច​សំខាន់ៗ មានដូចជា​៖ ១-​រំលឹក​ឡើងវិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់​នៃ​ការផលិត និង​ការប្រើប្រាស់​ទូក​របស់​ខ្មែរ​តាំងពី​សម័យបុរាណ ជាពិសេស​រំលឹក​ឡើងវិញ​នូវ​ស្នារ​ព្រះ​ហ​ស្ថ​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​ក្នុងការ​ប្រើប្រាស់​ទូក ជា​មធ្យោបាយ​មួយ​ក្នុងការ​ការពារ​ទឹកដី​។ ២-​ជួយ​លើកតម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភពលោក​ទាំងមូល​ឲ្យ​បានដឹង​កាន់តែច្បាស់​ថា​កម្ពុជា​អាចបង្កើត​ស្នារ​ដៃ​ដ៏​អស្ចារ្យ​មួយ​។ ៣-​ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គីភាព​នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ ក្នុងការ​ថែរក្សា និង​អភិរក្ស​កេរដំណែល​ពី​ដូនតា​។​

​លោក​បាន​បន្តថា “​ការធ្វើ​ទូកង​វែង​ជាងគេ គឺ​ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញថា ខ្មែរ​យើង​ខ្លាំង អាច​ផលិត​បាន​អ្វី ដែល​អស្ចារ្យ​ជាងគេ​លើ​ពិភពលោក​។ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ចេះ​សាមគ្គី​គ្នា​រួបរួមគ្នា​ជា​ធ្លុង​មួយ​តាមរយ​:​ការកសាង​ទូក ង វែង​ជាងគេ ចាប់ផ្តើម​តាំងពី​ឈើ​មួយ​ដើម រហូតដល់ ចេញ​ជា​រូបរាង​ទូក​ឡើង ដោយ​ការនាំគ្នា​ចាំងឈើ​បន្តិច​ម្តងៗ​។ ដើម្បី​បណ្តុះ​ឆន្ទ​:​កូន​ខ្មែរ​យើង ឱ្យ​នាំគ្នា​បង្កើត​នូវ​អ្វីដែល​អស្ចារ្យ​សំរាប់​ខ្មែរលើ​ឆាក​អន្តរជាតិ ចៀសវាង​ការយក​ពេលវេលា​មាន​តំលៃ ទៅ​សេព​គ្រឿងញៀន គ្រឿង​ស្រវឹង បង្ហោះ​ម៉ូតូ និង​ក្មេង​ទំនើង ជាដើម​”​។​

​សូមជម្រាបថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង បានធ្វើ​ក្រុង​ពាលី កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ចាប់ផ្តើម​ដំណើរការ​ធ្វើ​ទូកង​ដែលមាន​ប្រវែង ៨៥​ម៉ែត្រ ផ្ទុក​មនុស្ស​បាន​ចំនួន​១៧៩​នាក់ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។

​គួរ​បញ្ជាក់ថា ទូក​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន គឺជា​ទូក​របស់​ប្រទេស​ចិន ដែលមាន​ប្រវែង ៧៧,៨​ម៉ែត្រ ដោយបាន​បំបែក​ឯតទគ្គ​កម្ម​កាល​ពី​ឆ្នាំ​២០១៧៕ ល​

#