ក្រុមហ៊ុន HTC បានបង្ហាញស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួន ដែលក្រុមហ៊ុននេះសង្ឃឹមថានឹងយកឈ្នះលើគូប្រជែងនានានៅក្នុងទីផ្សារស្មាតហ្វូនបច្ចេកវិជ្ជាខ្ពស់។
ស្មាតហ្វូនស៊េរីថ្មី HTC U12+ គឺជាស្មាតហ្វូនដំបូងបង្អស់ដែលមានកាមេរ៉ាភ្លោះទាំងមុខនិងក្រោយ សម្រាប់ការថតរូបស៊ែលហ្វីល្អឥតខ្ចោះ និង សម្រាប់ការសម្គាល់ផ្ទៃមុខ។
ទូរស័ព្ទតម្លៃ ៧៩៩ ដុល្លារនេះ ក៏មានអេក្រង់ទំហំ ៦ អ៊ីញ និង បច្ចេកវិជ្ជាជំនាន់ទី ២ របស់ក្រុមហ៊ុនផងដែរ គឺបច្ចេកវិជ្ជា Edge Sense។
បច្ចេកវិជ្ជានេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប៉ះនិងច្របាច់ទៅលើគែមទូរស័ព្ទ ដើម្បីថតរូប និង រាវមើលកម្មវិធីផ្សេងៗក្នុងទូរស័ព្ទ។
ចំណុចទាក់ទាញមួយទៀតរបស់ទូរស័ព្ទ U12+ នេះគឺ វាមានខ្នងថ្លា អនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលឃើញដល់គ្រឿងក្នុងរបស់វា។
ទូរស័ព្ទ U12+ បំពាក់ដោយប្រព័ន្ធដំណើរការ Qualcomm Snapdragon 845, 64 bit octa-core អាចដំឡើងដល់ 2.8 Ghz មានរ៉េម ៦GB ផ្ទុកអង្គចងចាំក្នុងតួបាន ៦៤ ឬ ១២៨ GB ដោយអាចបន្ថែមមេម៉ូរីខាងក្រៅដល់ទៅ ២TB និង បំពាក់ថ្មកម្លាំង ៣៤២០ មិល្លីអំពែរម៉ោង។ ចំណែកកាមេរ៉ាភ្លោះខាងក្រោយ គឺមានប្រភេទថតមុំទូលាយ ១២ មេហ្គាភិចសែល និង ថតហ្ស៊ូម ១៦ មេហ្គាភិចសែល ហើយកាមេរ៉ាភ្លោះខាងមុខ គឺ ៨ មេហ្គាភិចសែលដូចគ្នា។
ទូរស័ព្ទនេះអាចរកទិញបាននៅចក្រភពអង់គ្លេស អាមេរិក កាណាដា និង អាស៊ី ជាមួយការបញ្ជាទិញជាមុន ចាប់ផ្តើមពីថ្ងៃទី២៣ ឧសភា៕ ដោយ៖ កញ្ញាដាលីស