Huawei កំពុង​តេស្ត​ស្មា​ត​ហ្វូ​ន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Hongmeng ផ្ទាល់ខ្លួន ប្រហែលជា​ដាក់លក់​នៅ​ចុងឆ្នាំ​នេះ​

399
ចែករម្លែក

​កាសែត​រដ្ឋ​ចិន Global Times បាន​រាយការណ៍​ថា ក្រុមហ៊ុន Huawei Technologies Co Ltd កំពុង​ធ្វើតេស្ត​ស្មា​ត​ហ្វូ​ន​មួយ ដែល​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិ​ការអភិវឌ្ឍ​ដោយ​ខ្លួនឯង ដែល​អាច​នឹងដាក់​លក់​នៅ​ចុងឆ្នាំ​នេះ​។​

​ការបញ្ចេញ​ស្មា​ត​ហ្វូ​ន​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Hongmeng នឹង​ជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន Huawei របស់​ចិន​ដែលជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំជាងគេ​ទី ២ នៅលើ​ពិភពលោក ខណៈ​ចំណាត់ការ​របស់​រដ្ឋាភិបាល​អាម៉េរិក​បាន​គំរាម​ក្រុមហ៊ុន​នេះ​មិន​ឱ្យមាន​សិទ្ធិ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google ។​

​កាសែត Global Times បាន​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ជាច្រើន​ដោយនិយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៤​សីហា​ថា ទូរស័ព្ទ​ដើរ​ដោយ​ប្រព័ន្ធ Hongmeng នឹងត្រូវ​ដាក់លក់​ក្នុងតម្លៃ​ប្រហែល ២.០០០ យ័ន (៣៩៨ ដុល្លារ​)​។ នោះ​នឹងដាក់​វា​ទៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​តម្លៃ​ទាប​។​

​ក្រុមហ៊ុន Huawei មិន​បានធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​លើ​របាយការណ៍​នេះ​ទេ នៅពេល​ត្រូវបាន​ទាក់ទង​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃ​ចន្ទ​ទី​៥​សីហា​នេះ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei កាលពីមុន​បាន​ពណ៌នា Hongmeng ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការដែល​រចនា​ឡើង​សម្រាប់​ផលិតផល​ភ្ជាប់​ជាមួយ​អ៊ីនធឺណិត​។​

​កាលពី​ខែ​មុន​ក្រុមហ៊ុន​នេះ​បាន​និយាយថា​ឧបករណ៍​ធំ​ដំបូង​ដែល​បំពាក់​ដោយ​ប្រព័ន្ធ Hongmeng នឹង​ជា​ខ្សែសង្វាក់​ទូរទស្សន៍​ឆ្លាត​ម៉ាក Honor របស់ខ្លួន​។​

​ពួក​អ្នកដឹកនាំ​ក្រុមហ៊ុន​បាន​និយាយ​សម្រាល​ជា​សាធារណៈ​នូវ​លទ្ធភាព​ដែល​ប្រព័ន្ធ​នេះ​អាច​នឹង​ប្រើ​នៅលើ​ស្មា​ត​ហ្វូ​ន​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​ប្រតិបត្តិការ Hongmeng កំពុង​ធ្វើតេស្ត​នៅលើ​ស្មា​ត​ហ្វូ​ន​របស់ Huawei