Huawei បង្ហាញ​ទូរស័ព្ទ​ថ្មី P20 និង P20 Pro ដែលមាន​កាមេរ៉ា​ល្អ​ដាច់​គេ​ដំបូង​បំផុត​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​កាមេរ៉ា Leica

2500
ចែករម្លែក
  • 84
    Shares

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​របស់​ចិន Huawei កាលពី​ថ្ងៃ​អង្គារ​ទី​២៧​មីនា​បានបង្ហាញ​ស្មា​ត​ហ្វូ​ន​ស៊េរី P ថ្មី​របស់ខ្លួន​ដែលមាន​ឈ្មោះថា P20 និង P20 Pro ក្នុង​ក្តី​សង្ឃឹមថានឹង​ទាក់ទាញ​អ្នក​ស្រឡាញ់​វិស័យ​ថតរូប​ជាមួយ​លក្ខណៈពិសេស​ក្នុង​កាមេរ៉ា​កំពូល​របស់ខ្លួន​។​

​លោក រី​ឆាត យូ នាយក​ប្រតិបត្តិ​នៃ​ក្រុម​អាជីវកម្ម​សម្រាប់​អតិថិជន​របស់​ក្រុមហ៊ុន Huawei បានបង្ហាញ​ផលិតផល​សំខាន់ៗ​របស់​ក្រុមហ៊ុន​អំឡុង​ព្រឹត្តិការណ៍​ដាក់​សម្ពោធ​ទូរស័ព្ទ​ថ្មី​នៅ​សាល Grand Palais នៅ​ទីក្រុង​ប៉ារីស​។​

​លក្ខណៈពិសេស​និង​មុខងារ​របស់​កាមេរ៉ា​នេះ​បានក្លាយ​ជាការ​ផ្តោត​សំខាន់​ខ្លាំង​បំផុត​អំឡុង​ការបង្ហាញ​នេះ ជាពិសេស​ទូរស័ព្ទ P20 Pro ជាមួយនឹង​មុខងារ Camera Settings ចំនួន​៣ ដែល​គេ​បង្ហើប​ត្រួសៗ​ពេល​អញ្ជើញ​អ្នកសារព័ត៌មាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​។​

​លក្ខណៈពិសេស​នៃ​កាមេរ៉ា ៣ របស់ Leica នេះ​ត្រូវបាន​ចាត់ទុកជា​ទូរស័ព្ទ​ដំបូង​គេ​ហើយ​ដែលមាន​ប្រភេទ​កាមេរ៉ា​បែបនេះ​។ វា​មាន​កែវ Len ប្រភេទ​តេ​ឡេ​ហ្វូ​តូ ៨ មេ​ហ្គា​ភិ​ច​សែ​ល និង​កែវ Len ប្រភេទ RGB ៤០ មេ​ហ្គា​ភិ​ច​សែ​ល ដាក់​នៅក្បែរ​គ្នា ខណៈដែល​កែវ Len ប្រភេទ Monochrome ២០ មេ​ហ្គា​ភិ​ច​សែ​ល​ទី ៣ ត្រូវបាន​ដាក់​នៅ​ខាងក្រោម Len ២​ដំបូង​គេ​នេះ​។​

​យោងតាម​ក្រុមហ៊ុន Huawei បានឱ្យដឹងថា នេះ​អាចឱ្យ​អ្នកប្រើប្រាស់​ថត​ពង្រីក​ជា​លក្ខណៈ​កូនកាត់​បាន ៥​គុណ (5x) ដែល​រួមបញ្ចូល​គ្នា​ទាំង​ការថត​ពង្រីក​អុ​ប​ទិ​ក​និង​ឌីជីថល ខណៈ​សមត្ថភាព​បច្ចេកវិជ្ជា AI របស់​ទូរស័ព្ទ​នេះ (​ដែល​បានមកពី​បន្ទះ​ឈី​ស Kirin 970 ដំបូង​របស់ខ្លួន​ដែល​បានបង្ហាញ​នៅក្នុង​ពិព័រណ៍​ទូរស័ព្ទ Mate 10 កាលពី​ខែតុលា​) នឹង​ជួយ​បង្កើន​គុណភាព​ភិ​ច​សែ​ល​របស់​រូបភាព​។​

​ការច្នៃប្រឌិត​មួយទៀត​របស់​កាមេរ៉ា​នេះ​គឺ Predictive Focus ពោលគឺ​ទូរស័ព្ទ​នេះ​នឹង​ស្នើ​នូវ​ប្រភេទ Camera Settings ដើម្បី​ប្តូរ​ចុះឡើង​អាស្រ័យ​លើ​អ្វីដែល​អ្នកប្រើប្រាស់​កំពុង​ថត​។ ឧទាហរណ៍ ប្រសិនបើ​អ្នកប្រើប្រាស់​បែរ​ទូរស័ព្ទ​ជិត​ផ្ទៃមុខ​របស់​នរណាម្នាក់ នោះ​វា​នឹង​លោត​ចូល Close-Up នៅក្នុង Settings ដោយ​ស្វ័យប្រវត្តិ​។​

​ក្រុមហ៊ុន Huawei និយាយថា នេះ​គឺ​ដោយសារតែ​មុខងារ​បច្ចេកវិជ្ជា AI របស់​ទូរស័ព្ទ​នេះ​តែម្តង​។ បច្ចេកវិជ្ជា​នេះ​ក៏​នឹង​ផ្តល់ជូន​នូវ​យោបល់​អំពី​ប្លង់​ថតរូប​ភាព​ផងដែរ​។​

​បច្ចេកវិជ្ជា​កាមេរ៉ា​ដែល​ធ្វើឱ្យ​ប្រសើរឡើង និង បច្ចេកវិជ្ជា AI នេះ​ក៏បាន​ជួយ​ក្រុមហ៊ុនទូរស័ព្ទ​ចិន​មួយ​នេះ​យក​ប្រៀប​ឈ្នះ​ទៅលើ​គូប្រជែង Apple និង Samsung ផងដែរ ខណៈដែល​ក្រុមហ៊ុន​នេះ​បាន​អួត​ខ្លាំង​អំពី​មុខងារ​សម្គាល់​ផ្ទៃមុខ និង​របៀប​ដែល​អ្នកប្រើប្រាស់​អាច​ដោះ​សោ​ទូរស័ព្ទ​បាន​ក្នុង​រយៈពេល ០,៥ វិនាទី សូម្បី​នៅក្នុង​ស្ថានភាព​ងងឹត​ខ្លាំង​ក៏ដោយ​។​

​ទន្ទឹមនេះដែរ ក្រុមហ៊ុន​និយាយថា ទូរស័ព្ទ P20 នឹងមាន​កាមេរ៉ា ២ ដដែល​ទេ គឺ កែវ Len ប្រភេទ RGB ១២ មេ​ហ្គា​ភិ​ច​សែ​ល និង កែវ Len ម៉ូ​ណូ ២០ មេ​ហ្គា​ភិ​ច​សែ​ល ក៏ដូចជា កាមេរ៉ា​ថត​ស៊ែ​ល​ហ្វី​ខាងមុខ ២៤ មេ​ហ្គា​ភិ​ច​សែ​ល​។​

​ទូរស័ព្ទ P20 បំពាក់​អេក្រង់​ប្រភេទ LCD ៥,៨ អ៊ី​ញ ថ្ម​កម្លាំង ៣៤០០ មិ​ល្លី​អំពែរ​ម៉ោង និង មាន ៥ ពណ៌ ដូចជា ខ្មៅ ខៀវ ផ្កាឈូក ពណ៌​ក្រហម​ដូច​ផ្កាកូឡាប និង ពណ៌​ស្វាយ​។

​ទូរស័ព្ទ P20 Pro បំពាក់​ជាមួយ​អេក្រង់​ប្រភេទ OLED ៦,១ អ៊ី​ញ និង​ថ្ម ៤០០០ មិ​ល្លី​អំពែរ​ម៉ោង និង មាន​ពណ៌​ដូចខាងលើ លើកលែងតែ​ពណ៌​ក្រហម​៕ ដោយ៖ កញ្ញាដាលីស

Huawei បង្ហាញ​ទូរស័ព្ទ​ថ្មី P20 និង P20 Pro កាលពី​ថ្ងៃ​អង្គារ នៅ​ទីក្រុង​ប៉ារីស