Huawei បង្ហាញ​ទូរស័ព្ទ 5G ធូរ​ថ្លៃ​ម៉ាក Honor V30

213
ចែករម្លែក

​ក្រុមហ៊ុន Honor ដែលជា​យីហោ​ទូរស័ព្ទ​ធូរ​ថ្លៃ​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន Huawei បានចាប់ផ្តើម​ដាក់លក់​ទូរស័ព្ទ 5G ស៊េរី​ដំបូង​របស់ខ្លួន​គឺ Honor V30 នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ជាមួយ​តម្លៃ​ចាប់ផ្តើម ៣.២៩៩ យ័ន (​ប្រហែល ៤៧០ ដុល្លារ​អាម៉េរិក​)​។​

​ស៊េរី​នេះ​មាន​ពីរ​កំណែ​គឺ View30 PRO និង View30 ។ ទូរស័ព្ទ​ទាំងពីរ​ត្រូវបាន​បំពាក់​ដោយ​បន្ទះ​ឈី​ប Kirin 990 ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន Huawei ដោយ​ភ្ជាប់​ជាមួយ​ម៉ូ​ឌឹ​ម Balong 5000 សម្រាប់​ភ្ជាប់ 5G ដូចគ្នា​ទៅនឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចុងក្រោយ​បំផុត​របស់ Huawei ដែរ​គឺ Mate 30​។​

​វា​គឺជា​ទូរស័ព្ទដៃ 5G ដំបូងបង្អស់​របស់​ម៉ាក​យី Honor ដែល​ផ្តោត​សំខាន់​លើ​អតិថិជន​វ័យក្មេង​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ទាប​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ម៉ាក​ទូរស័ព្ទ​ថ្នាក់កណ្តាល​ដទៃទៀត​។​

​ទូរស័ព្ទ​ថ្មី​នេះ​ភ្ជាប់​មកជា​មួយ​អេក្រង់​មាន​រន្ធ LCD ទំហំ ៦,៥៧ អ៊ី​ញ (២៤០០ x ១០៨០ ភិ​ច​សែ​ល​) និង មាន​បំពាក់​ឧបករណ៍​ចាប់​សញ្ញា​ស្នាម​ម្រាមដៃ​នៅ​គែម​ទូរស័ព្ទ​។​

​កាមេរ៉ា​ខាងមុខ​មាន​ពីរ​គ្រាប់ គឺ​កាមេរ៉ា​ស៊ែ​ល​ហ្វី AI ៣២ មេ​ហ្គា​ភិ​ច​សែ​ល​និង​កាមេរ៉ា​ថត​លាត ទំហំ ៨ មេ​ហ្គា​ភិ​ច​សែ​ល​។​

​កាមេរ៉ា​ក្រោយ​មាន​បី​គ្រាប់ រួមមាន​កាមេរ៉ា​ធំ Sony IMX600 ទំហំ ៤០ មេ​ហ្គា​ភិ​ច​សែ​ល កាមេរ៉ា​ថត​ផ្ទៃ​លាត​ខ្លាំង ១២ មេ​ហ្គា​ភិ​ច​សែ​ល និង​កាមេរ៉ា​ថត​ហ្ស៊ូ​ម​ឆ្ងាយ ៨ មេ​ហ្គា​ភិ​ច​សែ​ល​។​

​វា​ត្រូវបាន​បំពាក់​ដោយ​ថ្ម​ថាមពល ៤.១០០ មិ​ល្លី​អំពែ​ម៉ោង​ជាមួយ​កម្លាំង​សាក ៤០ វ៉ា​ត់ ដែល​ក្រុមហ៊ុន Honor អះអាងថា​អាច​សាក​បាន ៧០ ភាគរយ​ក្នុង​រយៈពេល ៣០ នាទី ហើយ​វា​ក៏​អាច​ប្រើ​បានជា​មួយ​ឧបករណ៍​សាក​ឥត​ខ្សែ​ល្បឿន​លឿន​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Honor V30