Huawei បញ្ចេញ​ទូរស័ព្ទ​ថ្មី ទោះជា​អាមេរិក​ព្យាយាម​រារាំង​ (វីដេអូ)

1426
ចែករម្លែក

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​Huawei កាលពី​ថ្ងៃ​អង្គារ​ទី​២១​ឧសភា បាន​បន្ត​ផែនការ​បញ្ចេញ​ទូរស័ព្ទ​ឆ្លាត​ម៉ាក​Honor របស់ខ្លួន ទោះជា​អាមេរិក​ខិតខំ​រារាំង​ការប្រើ​បច្ចេក​​វិទ្យា​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​ក្តី​។​

​ប្រធាន​ក្រុមហ៊ុន​Honor​ដែល​ជា​សាខា​ក្រុមហ៊ុន​Huawei លោក​ច​ច ហ្សា​វ មិន​បាន​និយាយ​ដល់​បំរាម​លើ Huawei​ទេ ក្នុងអំឡុង​ការបង្ហាញ​ទូរស័ព្ទ​ឆ្លាត​ម៉ាក​Honor 20 Pro និង​Honor 20 ។​

​ទូរស័ព្ទ​ទាំង​ពីរ​មាន​ស្គ្រីន​LCD៦,២៦​អ៊ិង ផ្នែក​ខាងក្រោយ​ធ្វើ​ពី​កញ្ចក់​ភ្លឺរលោង និង​បច្ចេកវិទ្យា​ចល័ត​ចុងក្រោយ​បំផុត ដូចជា​ប្រហោង​តូច​មួយ​សំរាប់​កាមេរ៉ា​សែ​ល​ហ្វី​ខាងមុខ​។​

​លោក​ហ្សា​វ បាន​និយាយថា កាមេរ៉ា​ខាងក្រោយ​៤​របស់​Honor 20 Pro ភ្ជាប់​ដោយ​កាមេរ៉ា​ទំហំ​៤៨​មេហ្កា​ភិ​ច​សែ​ល ទទួលបាន​ពិន្ទុះ​១១១​នៅក្នុង​តារាង​រូបភាព​ចល័ត​DXOMark​។​​ចំណែក​ទូរស័ព្ទ Huawei P30 Pro​ទទួលបាន​១១២​ពិន្ទុះ​ក្នុង​ការសាកល្បង​ដូចគ្នា​។​

​ទូរស័ព្ទ​នេះ​ដំណើរការ​ដោយ​processorKirin 980 របស់​Huawei ។​

​បើ​តាម​ក្រុមហ៊ុន​ចែកចាយ​Raduga ទូរស័ព្ទ​Honor 20​ក៏​ដូច​បណ្តា​ទូរស័ព្ទ​Huawei នឹង​អាច​ចូល​ប្រើ​កម្មវិធី​និង​សេវា​របស់​Google ។​ពួក​វា​នៅ​បន្ត​ទទួល​security updates​ពី​Google​។​

​​រំលឹក​ថា រដ្ឋាភិបាល​អាមេរិក​បាន​ដាក់​ក្រុមហ៊ុន​Huawei​និង​សាខា​របស់​វា​ទៅក្នុង​បញ្ជីខ្មៅ​របស់ខ្លួន មានន័យថា​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដូចជា Google,Intel​និង​Qualcomm​មិន​អាច​ផ្គត់ផ្គង់​ទំនិញ​និង​សេវា​ដល់​Huawei ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​បានទេ​។​តែ​ទូរស័ព្ទ​ម៉ូ​ដែល​Huawei និង Honor​នា​ពេល​ខាង​មុខ​នឹង​លែង​​បញ្ចូល​ផលិតផល​របស់​Google ដូចជា​apps Google Play Store, Gmail និង YouTube ទៀតហើយ​។​

​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​២០​ឧសភា Huawei​មាន​ពេល​៩០​ថ្ងៃ​ដើម្បី​ទិញ​ផលិតផល​និង​សេវា​ផលិត​នៅ​អាមេរិក ដើម្បី​រក្សា​បណ្តាញ​បច្ចុប្បន្ន​របស់​ខ្លួន​និង​ផ្តល់​ការធ្វើ​បច្ចុប្បន្នភាព​ដល់​បណ្តា​​ទូរស័ព្ទ​Huawei​។​នេះ​មានន័យថា Google​អាច​បន្ត​ផ្តល់​ការ​ធ្វើ​បច្ចុប្បន្នភាព​សូ​ហ្វ​វែ​រ និង​សន្តិសុខ​ដល់​ទូរស័ព្ទ​Huawei និង​Honor ដែល​ប្រើ​ប្រព័ន្ធ​Android រហូត​ដល់​ថ្ងៃ​១៩​សីហា​៕​ដោយ​៖​វាសនា​

#